ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញជូនភ្លើងសពឯ.ឧ.សាស្រ្តាចារ្យវេជ្ជ. លី ប៉ូរ

នៅព្រឹកថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨  ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធ​នឹងជំងឺអេដស៍ អមដំណើរដោយ​ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រោមឱវាទ បានអញ្ជើញ​ជូនភ្លើងសព​ឯកឧត្តមសាស្រ្តាចារ្យ​វេជ្ជបណ្ឌិត លី ប៉ូរ អនុប្រធានប្រចាំការ អាជ្ញាធរជាតិប្រយុទ្ធ​នឹងជំងឺអេដស៍ ដែលបានទទួល​មរណភាព នៅថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ក្នុងជន្មាយុ៩១ឆ្នាំ ដោយរោគាពាធ។ បន្ទាប់ពីតម្កល់ធ្វើបុណ្យ​តាមប្រពៃណីជាតិ និង​ព្រះពុទ្ធ សាសនារយ:ពេល៥ថ្ងៃរួចមក សពឯកឧត្តមសាស្រ្តាចារ្យ​វេជ្ជបណ្ឌិត​ត្រូវបាន​ដង្ហែមកកាន់​វត្តញាណរង្សី នៅរាជធានីភ្នំពេញ ដើម្បី​ធ្វើឈាបនកិច្ច។ 
 
មរណភាពរបស់ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត លី  ប៉ូរ ជាការបាត់បង់ថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប​ដែលបាន​រួមចំណែក​យ៉ាងធំធេង និងមិន​អាច​កាត់​ថ្លៃ​បាន ក្នុងការស្តារ​និងកសាង​វិស័យសុខាភិបាល​នៅកម្ពុជា។ ជាពិសេស នៅក្រោយ​របបកម្ពុជា​ប្រជាធិបតេយ្យ លោកជា​វេជ្ជបណ្ឌិត​ម្នាក់ក្នុង​ចំណោម​​វេជ្ជបណ្ឌិត​២៥នាក់​ដែលនៅ​រស់រាន​មានជីវិត​ក្នុងប្រទេស។  នៅក្នុងរយៈកាល២០ឆ្នាំ​ចុងក្រោយនេះ ឯកឧត្តមសាស្រ្តាចារ្យ​វេជ្ជបណ្ឌិត លី  ប៉ូរ បានទទួល​ភារកិច្ច​ដ៏សំខាន់​ក្នុងការដឹកនាំ​អាជ្ញាធរជាតិប្រយុទ្ធ​នឹងជំងឺអេដស៍ ដោយសម្រេច​បានលទ្ធផល​ក្នុងការ​បញ្ចៀស​មនុស្ស​ជិតមួយលាន​នាក់​មិន​ឆ្លង​​មេរោគអេដស៍ និងជាង៦សែននាក់​ផ្សេងទៀត​មិនស្លាប់ដោយសារ​ជំងឺអេដស៍នេះ។  មរណភាពរ​បស់ឯកឧត្តមសាស្រ្តាចារ្យ វេជ្ជបណ្ឌិត​ជាការ​បាត់បង់​ព្រឹទ្ធាចារ្យដ៏ឆ្នើម​មួយរូប ដែលបានចំណាយ​ពេលវេលា​ពេញមួយជីវិត​ក្នុងការបម្រើ​ប្រទេសជាតិ​និងប្រជាពលរដ្ឋ​ដោយ​ឥតនឿយហត់​រហូតដល់​ថ្ងៃ​អវសាន​ជីវិត។
 
បន្ទាប់ពីការជូនភ្លើងនេះទៅសព ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត​នឹងរលាយ​បាត់សូន្យ​ពីយើង​ទាំងអស់គ្នា​ទៅកាន់​សុគតិភព ជាទីសុខសាន្ត​ជារៀង​រហូត​​ហើយ។ ប៉ុន្តែអ្វីដែលបន្សល់ទុកនៅ  ហើយមិនរលាយ​សូន្យបង់​ដូចរូបកាយ​របស់​ឯកឧត្តមសាស្រ្តាចារ្យ​វេជ្ជបណ្ឌិតនោះគឺ គុណធម៌ សេចក្តីថ្លៃថ្នូរ ស្មារតីទទួល​ខុសត្រូវ​វិជ្ជាជីវៈ​ដែល​ឯកឧត្តមសាស្រ្តាចារ្យ​ប្រកាន់ខ្ជាប់​ជាមូលដ្ឋានគ្រឹះ  ក្នុងការកសាង​គ្រួសារ ក៏ដូចជាការ​ដឹកនាំ​ការងារ​ជាមន្រ្តីរាជការ​អស់រយៈពេល​ជាង៦០ឆ្នាំ​កន្លងទៅ។ យើងទាំងអស់គ្នា​ជាថ្នាក់ដឹកនាំ មន្រ្តីរាជការអាជ្ញាធរជាតិប្រយុទ្ធ​នឹងជំងឺអេដស៍ ចងចាំ​ជានិច្ច​នូវការខិតខំ​បំពេញ​មុខនាទី​ប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់បំផុត   និងចងចាំ​ការលះបង់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដើម្បី​ផលប្រយោជន៍រួម និងសេចក្តីសុខ​របស់​អ្នក​រួមរស់​ក្នុងរង្វង់​គ្រួសារ និងកន្លែងធ្វើការ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដែលអាស្រ័យ​ផលពីការងារ​ដែល​ឯកឧត្តមសាស្រ្តាចារ្យ​វេជ្ជបណ្ឌិត​បានខ្នះខ្នែង​រៀបចំជូន។ យើងទាំងអស់គ្នា     សូមប្តេជ្ញាបន្តរក្សា និងពង្រីកនូវឧត្តមគតិ គុណធម៌ វីរភាព   និងបទពិសោធន៍ របស់​ឯកឧត្តមសាស្រ្តាចារ្យ​ឱ្យ​ប្រែ​ក្លាយ​​ជាកម្លាំង​ដ៏មាន​ថាមពល​ជំរុញ​កូនចៅ​ជំនាន់​ក្រោយ​យក​ជាគំរូតាម ដើម្បីពង្រីកមនសិការវិជ្ជាជីវៈក្នុងការបំពេញមុខនាទី ការ​កសាង​សង្គមគ្រួសារ   និងការកសាងអភិវឌ្ឍជាតិមាតុភូមិរបស់យើង។