ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី លើកទឹកចិត្ត សមាជិកតំបន់ប៉ាស៊ីហ្វិកខាងលិច នៃ មណ្ឌលតំណាងមូលនិធិសកល រកវិធីសាស្រ្តល្អៗក្នុងការប្រតិបត្តិសម្រាប់ ជុំថវិកា ឆ្នាំ២០២០-២០២២របស់មូលនិធិសកសាកល

នៅព្រឹកថ្ងៃច័ន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០១៩ នៅសណ្ឋាគារ Hilton Port Moresby ទីក្រុងព័រម៉ូរេសប៊ី ប្រទេសប៉ាពូ​អាស៊ីណូវែល​ហ្គីណេ មានកិច្ចប្រជុំ​មណ្ឌល​តំណាង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច លើកទី៣ របស់​មូលនិធិសកល ដែលប្រព្រឹត្តទៅ​រយៈពេល​ពីរថ្ងៃ គឺថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០១៩។
ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ សមាជិកក្រុមប្រឹក្សា​ភិបាល​មូលនិធិសកល និងលោកជំទាវ Roslyn Morauta សមាជិក​ក្រុមប្រឹក្សា​ភិបាល​ឆ្លាស់វេន​របស់​មូលនិធិសកល ដឹកនាំកិច្ចប្រជុំនេះ។
ចូលរួមក្នុង​កិច្ចប្រជុំនេះ​រួមមាន ឯកឧត្តម Pascoe Kase រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ប៉ាពូអាស៊ីណូវែល​ហ្គីណេ លោកស្រី Catherine Wilson ស្នងការ​ជាន់ខ្ពស់​រង​អូស្ត្រាលី​ប្រចាំប៉ាពូ​អាស៊ីណូវែល​ហ្គីណេ វេជ្ជបណ្ឌិត Percy Pokea តំណាង​លោកជំទាវ​ឯកអគ្គរដ្ឋទូតអាម៉េរិក​ប្រចាំប៉ាពូ​អាស៊ីណូវែល​ហ្គីណេ លោក Davis Bridger នាយកអង្គការ​យូអិនអេដស៍ និងជាតំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំប៉ាពូ​អាស៊ីណូវែល​ហ្គីណេ លោកស្រី Raegan Boler មន្ត្រីជាន់​ខ្ពស់​ការិយាល័យ​កិច្ចការ​ក្រុមប្រក្សា​ភិបាល​មូលនិធិសកល ទីប្រឹក្សា​បច្ចេកទេស​ពីអង្គការ​យូអិនអេដស៍​ប្រចាំតំបន់​អាស៊ីប៉ាស៊ីហ្វិក និងអ្នក​តំណាង​យន្តការ​សម្រួល​ប្រចាំ​ប្រទេស​កម្ពុជា ហ្វ៊ីជី គិរីបាទី ម៉ាឡេស៊ី មីក្រូនេស៊ី ប៉ាពូ​អាស៊ីណូវែល​ហ្គីណេ ហ្វីលីពីន សាម័រ វ៉ានូទូ វៀតណាម។

កិច្ចប្រជុំនេះ​ធ្វើឡើងដើម្បី ១) ផ្តល់ជាវេទិកា​សម្រាប់ធ្វើ​បច្ចុប្បន្នភាព និងចែករំលែកព័ត៌មាន​ដែលនឹងសម្រួលដល់​ការទទួលបាន​ព័ត៌មានពេញ​លេញក្នុង​ចំណោម​សមាជិក និងថ្នាក់ដឹកនាំ​មណ្ឌលតំណាង ។ ២) រកឱ្យឃើញនូវ​វិធីដើម្បី​កែលម្អទំនាក់​ទំនងក្នុង​ចំណោម​មណ្ឌលតំណាង និងបង្កើនការ​ចូលរួម​ក្នុងបញ្ហា​អភិបាល​កិច្ច​របស់​មូលនិធិសកល ។ ៣) រកឱ្យឃើញនូវ​បញ្ហាក្នុង​ចំណោម​សមាជិក​មណ្ឌលតំណាង និងរៀបចំឱ្យ​មានការ​ឆ្លើយតប​ទូលំទូលាយ​ពីមណ្ឌល​តំណាង ដែលអាចដាក់​ជូនទៅ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិបាល​មូលនិធិសកល លើកទី៤១ ។ ៤) ធ្វើបច្ចុប្បន្នភាព​លើផែនការ​សកម្មភាព និងថវិកាឆ្នាំ២០១៧-២០១៩ របស់​មណ្ឌល​តំណាង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច ។ ៥) ពិនិត្យឡើងវិញ និងធ្វើវិសោធន​កម្ម​គោលការណ៍​ណែនាំ​ស្តីពីប្រតិបត្តិការ​របស់មណ្ឌល​តំណាង​តំបន់ប៉ាស៊ីហ្វិក​ខាងលិច និង ៦) ដាក់ចេញ​នូវសេចក្តី​ថ្លែងការណ៍​របស់​មណ្ឌលតំណាង​តំបន់ប៉ាស៊ីហ្វិក​ខាងលិច​ជូនកិច្ច​ប្រជុំ​ក្រុមប្រឹក្សា​ភិបាលលើក​ទី៤១ នៅពាក់កណ្ដាល​ខែឧសភា ឆ្នាំ២០១៩ នេះ ។
បន្ទាប់ពី​សុន្ទរកថា​ថ្លែងបើកកម្មវិធី​របស់លោក​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ប៉ាពូ​អាស៊ីណូវែល​ហ្គីណេ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍​បានមានប្រសាសន៍​ស្វាគមន៍សហការី​ពីមណ្ឌល​តំណាង​តំបន់ ក្រុមទីប្រឹក្សា​បច្ចេកទេស និងអ្នកចូលរួម​ទាំងអស់​ដែលមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ ព្រមទាំង​អបអសាទរ​លោកជំទាវ Roslyn Morauta ដែលបានជាប់​ឆ្នោត​ជាអនុប្រធាន​ក្រុមប្រឹក្សា​ភិបាល។
ជាមួយគ្នានេះ ឯកឧត្តមក៏ស្នើឱ្យ​អ្នកចូលរួម​ទាំងអស់​ចែករំលែកព័ត៌មាន​ទាក់ទង​នឹងវឌ្ឍនភាព ពិនិត្យមើល​ឡើងវិញ​នូវគោលការណ៍​ណែនាំ​ប្រតិបត្តិការ​របស់​មណ្ឌល​តំណាង​ប៉ាស៊ីហ្វិក​ខាងលិចធ្វើ​យ៉ាងណា​ធានាឱ្យ​បាននូវ​តម្លាភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ស្របទៅ​នឹងក្រឹត្យក្រម វិធាន និងការ​ប្រតិបត្តិល្អ​របស់​មូលនិធិសកល។ ឯកឧត្តមក៏បានលើកទឹកចិត្ត​ឱ្យសមាជិក​កិច្ចប្រជុំ​ទាំងអស់​ពិភាក្សា​ឱ្យបាន​សកម្ម​ទាក់ទង​នឹងថវិកា​មូលនិធិ​នៅជុំបន្ទាប់ ដែល​ការកៀរគរ​ថវិកា​ជុំទី៦​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ក្នុង​ខែតុលា​ឆ្នាំនេះ ដើម្បីបាន​ថវិកា​សម្រាប់ឆ្នាំ ២០២០-២០២២។



ឯកសារសម្រាប់ទាញយក

 ចំណងជើងទំហំការទាញយកឯកសារ
   សន្ទរកថាស្វាគមន៍ របស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិក​ក្រុមប្រឹក្សាភិបាលមូលនិធិសាកល​នៃមណ្ឌលប៉ាស៊ីហ្វិកខាងលិច ក្នុងឱកាសបើកកិច្ចប្រជុំ​មណ្ឌល​លើកទី៣ ថ្ងៃទី ៦-៧ ខែឧសភា ឆ្នាំ២០១៩ ទីក្រុងព័រម៉ូរេសប៊ី ប្រទេស​ប៉ាពូអាស៊ីណូវែលហ្គីណេ0.10 MB