ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ដឹកនាំប្រតិភូអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិគាំពារសង្គម ចុះសិក្សាស្វែងយល់ អំពីការផ្តល់ សេវាថែទាំ ព្យាបាល ជូនអ្នករស់នៅជាមួយមេរោគអេដស៍ នៅ មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម និង គ្លីនិកឈូកស

នាព្រឹកថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំ​ប្រតិភូអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ និងអគ្គលេខា​ធិការដ្ឋាន ក្រុមប្រឹក្សាជាតិ គាំពារសង្គម ចុះសិក្សា​ស្វែងយល់ អំពីការផ្តល់​សេវា​ថែទាំ ព្យាបាល ជូនអ្នករស់នៅជាមួយមេរោគអេដស៍ នៅមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម និងគ្លីនិកឈូកស ដោយផ្ទាល់។
គោលបំណង​នៃការស្វែងយល់​ជាក់ស្តែងនេះ គឺជាផ្នែកមួយ​នៃកិច្ចខិតខំប្រឹង ប្រែងរបស់​រាជរដ្ឋាភិបាល ក្នុងការសិក្សា​ស្វែងយល់​ជាក់ស្តែង អំពីស្ថានភាព​ផ្តល់សេវា ថែទាំ​ព្យាបាល និងឆ្លើយតប​ទៅនឹង​ជំងឺអេដស៍ ដើម្បីសម្រប​សម្រួល​គោលនយោបាយ កំណត់ទិស​គោលដៅ និង អាចរៀបចំ​គោលនយោបាយ លើកកំពស់​គុណភាពសេវា អោយកាន់តែមាន​ប្រសិទ្ធភាព​ខ្ពស់ថែមទៀត និងអាចបទបែនស្រប​តាមស្ថានភាព ជាក់ស្តែងនិង​ឈានទៅ ទទួលខុសត្រូវបញ្ហា​សុខមាលភាព​សង្គមផ្ទាល់ ក្នុងភាពជាម្ចាស់ ដោយប្រើប្រាស់ធនធាន​កាន់តែមាន​ប្រសិទ្ធភាព ហើយនិងកាន់​តែអាច ឆ្លើយតបទៅ នឹងតម្រូវការ​បច្ចុប្បន្ន និងអនាគត។ 
គួររំលឹកថា នៅព្រះរាជា​ណាចក្រកម្ពុជា ករណីអ្នកបាន​ឆ្លងមេរោគអេដស៍ដំបូង បំផុត ត្រូវបានធ្វើតេស្តឈាម​រកឃើញនៅក្នុង ឆ្នាំ១៩៩១ ចំណែកករណី​អ្នកជំងឺអេដស៍ ទី១ ត្រូវបានបញ្ជាក់​រោគវិនិច្ឆ័យ​ក្នុងឆ្នាំ១៩៩៣។ រហូតមកដល់​បច្ចុប្បន្ន ព្រះរាជា​ណាចក្រ​កម្ពុជា មានអ្នកកំពុងរស់នៅ​ជាមួយមេរោគអេដស៍​ដែលមកទទួល​ការព្យាបាល ដោយឱសថ​ប្រឆាំងមេរោគអេដស៍ ប្រមាណ​ជា៦ម៉ឺននាក់ កំពុងទទួល​សេវាថែទាំ និង ការព្យាបាល​នៅតាមន្ទីរពេទ្យ និងគ្លីនិកចំនួន៦៨ ទូទាំងប្រទេស ខណៈមន្ទីរ​ពេទ្យព្រះសីហនុ មណ្ឌលនៃ​ក្តីសង្ឃឹម បច្ចុប្បន្នផ្តល់​ការព្យាបាល​ជូនអ្នកជំងឺ​ដែលបានឆ្លង​មេរោគអេដស៍​ប្រមាណ​៣៧៧៥នាក់។ ចំពោះអ្នកជំងឺ​ម្នាក់ដែលលទ្ធលការ​ព្យាបាល​របស់គាត់ ល្អប្រសើរនោះ គាត់ត្រូវមកពិនិត្យ​តាមដានសុខភាព និងទទួលថ្នាំ​ប្រឆាំង​មេរោគអេដស៍ យ៉ាងហោច​ណាស់១ដង ក្នុងរយៈពេល​៣ខែម្តង។ ជាមធ្យមអ្នក​ជំងឺប្រមាណជា ៦០ ទៅ៧០នាក់ មកទទួលសេវា​នៅមន្ទីរពេទ្យ​ព្រះសីហនុ មណ្ឌលនៃក្តី​សង្ឃឹម ក្នុងមួយ ថ្ងៃៗ។
រហូតមកដល់​បច្ចុប្បន្ននេះ ការផ្តល់សេវាថែទាំព្យាបាល​ជូនអ្នករស់នៅ​ជាមួយ​មេរោគអេដស៍ ត្រូវបានផ្តល់​ជូនអ្នកជំងឺ ដោយឥតបង់ថ្លៃ។ បន្ទុកចំណាយ​ផ្គត់ផ្គង់ ឱសថប្រឆាំង​មេរោគអេដស៍ សំរាប់អ្នក​ជំងឺទាំង​៦ម៉ឺននាក់ គឺបានមកពីជំនួយ​របស់មូលនិធិសាកល ហើយបន្ទុក​ចំណាយ​ប្រតិបត្តិការ ក្នុងការថែទាំ​ព្យាបាលជូន អ្នកជំងឺ មួយភាគរាប់រង​ដោយថវិកា​របស់រាជរដ្ឋាភិបាល ក្នុងកញ្ចប់​ចំណាយរបស់ ក្រសួងសុខាភិបាល និង មួយភាគទៀត គាំទ្រដោយ​ដៃគូអភិវឌ្ឍអន្តរជាតិ​ផ្សេងទៀត។
ខណៈដែលជំនួយ​មូលនិធិសាកល និងជំនួយក្រៅប្រទេស ផ្សេងទៀត ផ្តល់ជូនព្រះរាជា​ណាចក្រម្ពុជា ត្រូវបានកាត់បន្ថយ​ជាបន្តបន្ទាប់នោះ រាជរដ្ឋាភិបាល ដែលមានអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ជាស្ថាប័ន សម្របសម្រួល​គោលនយោបាយ បានរួមគ្នាជាមួយ​ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ​ផ្សេងទៀត រិះរកមធ្យោបាយ វិធីសាស្រ្តថ្មីៗ​បន្ថែមទៀត ដើម្បីបន្តកិច្ចខិតខំ​ប្រឹងប្រែងផ្តល់សេវា​បង្ការការ​ចម្លងមេរោគអេដស៍ និងសេវាថែទាំ ព្យាបាលដោយ ឱសថប្រឆាំង​មេរោគអេដស៍ អោយបានកាន់តែមាន​ប្រសិទ្ធភាពថែមទៀត ដើម្បីសម្រេចអោយ​បានគោលដៅកាត់​បន្ថយការចម្លង​មេរោគអេដស៍ អោយធ្លាក់ចុះមកក្នុង កំរិតទាប​បំផុតត្រឹម​ឆ្នាំ២០២៥។
ផ្អែកលើការប៉ាន់ស្មាន ព្រះរាជាណាចក្រកម្ពុជា អាចនឹងត្រូវការ​ធនធានហិរញ្ញវត្ថុ ក្នុងស្រុកប្រមាណ​ជា៥០លានដុល្លាសហរដ្ឋអាមេរិក សំរាប់ផ្តល់​សេវាបង្ការ ថែទាំ ព្យាបាល និងឆ្លើយតបទៅនឹង​មេរោគអេដស៍​ក្នុងរយៈពេល​៦ឆ្នាំខាងមុខ ។