ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី អញ្ជើញ​ជាអធិបតីក្នុង​សិក្ខាសាលា​ស្តីពីការ​​ឆ្លើយ​តប​នឹង​មេរោគ​អេដស៍ និងជំងឺ​អេដស៍​ជា​លក្ខណ:ពហុវិស័យ​របស់​គណៈកម្មាធិការ​ប្រយុទ្ធនឹងជំងឺអេដស៍ខេត្តត្បូងឃ្មុំ

នៅរសៀល ថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម​ទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ បាន​អញ្ជើញ​ជា​អធិបតី​ក្នុងសិក្ខា​សាលា​ស្តីពីការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​ជាពហុ​វិស័យ​របស់ គណៈកម្មា ធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ខេត្ត​ត្បូងឃ្មុំ ឆមាស​ទី២ ឆ្នាំ២០១៩ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​មន្ទីរសុខាភិបាល​ខេត្តត្បូងឃ្មុំ។ សមាជិក​ចូលរួមនៅ​ក្នុង​សិក្ខាសាលា​រួមមាន ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាល​រងខេត្ត តំណាង​គណៈកម្មា​ធិការ​ប្រយុទ្ធនឹង​ជំងឺ​អេដស៍​ខេត្ត លោកកែវ វណ្ណៈ ប្រធាន​មន្ទីរសុខា​ភិបាល​ខេត្ត តំណាង​លេខាធិការ​ដ្ឋានប្រយុទ្ធនឹង​ជំងឺ​អេដស៍​ខេត្ត តំណាង​មន្ទីរពាក់ព័ន្ធ​ក្នុងខេត្ត តំណាង​អង្គការ​សង្គម​ស៊ីវិល (AHF MHC & KWWA) អាជ្ញាធរ​ដែនដី និង​កងកម្លាំង​ប្រដាប់​អាវុធ ប្រមាណ​ជាង ៥០នាក់។

សិក្ខាសាលា​នេះ​ធ្វើឡើង​ដើម្បី​ពិនិត្យ​មើល​វឌ្ឍនភាព និងសិក្សា​ស្វែងយល់​អំពីស្ថានភាព​ប្រយុទ្ធនឹង​ជំងឺអេដស៍​ជាពហុវិស័យ នៅថ្នាក់​ក្រោមជាតិ តាមរយៈ​ការដាក់​បញ្ចូល​ការងារ​ប្រយុទ្ធនឹង​ជំងឺ​អេដស៍ក្នុង​គោលនយោបាយ​ភូមិឃុំ​មានសុវត្ថិភាព ឈានឆ្ពោះទៅ​សម្រេច​គោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥។

បន្ទាប់ពីសុន្ទរកថាស្វាគមន៍របស់​ឯកឧត្តម​អភិបាលរង ខេត្តមក ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានមាន​ប្រសាសន៍​ថា យើងធ្វើការ​ព្យាបាល និង​ថែទាំ​អ្នកជំងឺ​អេដស៍​តាម​ប្រព័ន្ធ​សុខា​ភិបាល។ តែជំងឺ​អេដស៍​ត្រូវធ្វើការ​ជាពហុវិស័យ ក្នុងការ​បង្ការ និងទប់​ស្កាត់​ការ​មាក់ងាយ​រើសអើង។ តាមប្រសាសន៍​សម្តេច​តេជោ​ការងារ​អេដស៍​យើង​ធ្វើរង្គើ​ពីសក់ក្បាល​ដល់ចុងជើង។ ក្រសួង ស្ថាប័ន រាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍ និងសង្គម​ស៊ីវិល​ចូលរួម​ធ្វើការ​ទាំងអស់​គ្នា។ ការងារ​ប្រយុទ្ធនឹង​ជំងឺ​អេដស៍​ជា​ពហុ​វិស័យ​កម្ពុជា​យើង​ធ្វើបាន​ជោគជ័យ។ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ជួយ​ក្រសួង​សុខាភិបាល​ធ្វើការ​រួមគ្នា។ នៅតាម​បណ្តា​ខេត្ត ដូចជា​មន្ទីរ​ទេសចរណ៍​ពេលចុះ​ទៅតាម​ភោជនីយ​ដ្ឋាន កន្លែង​កម្សាន្ត​សប្បាយ កុំភ្លេច​រំឭកបុគ្គលិក​នៅតាម​ទីតាំង​នោះ​ឱ្យបង្ការ​កុំឱ្យ​ឆ្លង​មេរោគ​អេដស៍​ផង។ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-​ព្រឹទ្ធសភា និងអធិការ​កិច្ច អាច​ជួយ​ក្នុងការ​ផ្សព្វផ្សាយ​ច្បាប់​កុំឱ្យ​មាន​ការរើសអើង​នឹង​អ្នកជំងឺ​អេដស៍។ ការមិន​រើសអើង​នឹង​អ្នក​ជំងឺអេដស៍​គឺ​ត្រូវ​ធ្វើទាំង​អស់គ្នា។ យើងត្រូវ​នាំគ្នា​អប់រំ​ឱ្យ​ប្រជាជន​ចេះ​ការពារ​ខ្លួន។ បើសង្ស័យថា​អាចឆ្លង​ត្រូវទៅ​ធ្វើ​តេស្តឈាម និងត្រូវ​ប្រើស្រោម អនាម័យ​ដើម្បី​ការពារ​ខ្លួន។ អ្នកជំងឺ​អេដស៍​មិន​ដូចជំងឺ​ដទៃទេ ពួកគាត់​ខ្មាស់គេ មិនខ្លាច​ស្លាប់ និង​មិន​ព្យាយាម​ទៅ​ទទួល​សេវា​ព្យាបាលទេ។

បន្ទាប់មក លោក​ប្រធាន​មន្ទីរបាន​សង្ខេប​អំពី​ការងារ​ប្រយុទ្ធនឹង​ជំងឺ​អេដស៍​ក្នុងខេត្ត ហើយ​តំណាង​មន្ទីរ​សុខាភិបាល និង​តំណាង​អង្គការ​AHF ឡើង​ធ្វើបទ​បង្ហាញ​អំពីការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​នៅ​ខេត្ត​ត្បូងឃ្មុំ។ ជាមួយនោះ ឯកឧត្តម ទា ផលា អនុប្រធាន​អាជ្ញាធរ​បាន​សួរ​បញ្ជាក់​អំពី​តួលេខ​នៃ​ចំនួន​កន្លែង និងនារី​បម្រើ​សេវា​កម្សាន្ត ការ​អប់រំ​ផ្សព្វផ្សាយ ព្រមទាំង​ការ​ធ្វើ​តេស្ត​ឈាម រកមេរោគ​អេដស៍​ផងដែរ។ ឯកឧត្តម​អនុប្រធាន​ក៏បាន​បង្ហាញ​អំពី​និន្នាការ​រួមភេទ និងការ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​របស់​ក្រុមបុរស​ស្រឡាញ់​បុរស ដែលនាំ​ឱ្យមានការ​កើនឡើង​អត្រាឆ្លង​ថ្មី​គួរ​ឱ្យ​ព្រួយ​បារម្ភ។

ឯកឧត្តមទេសរដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​បន្តថា សព្វថ្ងៃ​ការងារ​អេដស៍​ជារួម​យើង​ជោគជ័យ យើង​បាន​សម្រេច​គោលដៅ ៩០-៩០-៩០ នៅឆ្នាំ​២០១៧។ យើង​សង្ស័យ​ថា​អ្នក​ជំងឺ​អេដស៍​មាន​ប្រមាណ​ជាង ៧ម៉ឺននាក់។ ក្នុងនោះ​អ្នក​មក​ទទួល​ការ​ព្យាបាល​បាន​ជាង៦ម៉ឺននាក់ គឺប៉ាន់​ប្រមាណ​ថា​បាត់​ចំនួន​ជាង១ម៉ឺននាក់។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បាន​សង្កត់​ធ្ងន់ថា រឿង​ជំងឺ​អេដស៍​យើង​មិនអាច​នៅស្ងៀម​ព្រងើយ​កន្តើយ​បានទេ ព្រោះ​អាច​ងើប​ឡើងវិញ។ យើងព្រួយ​បារម្ភ​ថា​ការ​ឆ្លង​កំពុង​កើន​ឡើង​ក្នុង ចំណោម​បុរស​ស្រឡាញ់​បុរស។

នៅទីបញ្ចប់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ណែនាំ​ថា ក្នុងការ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ជា​ពហុវិស័យ​យើង​អាច​រួមគ្នា​ជួយ​ដោយ :
១) គ្រប់ក្រសួង​ធ្វើតាម​តួនាទីរៀងៗខ្លួន ដោយជួយ​អប់រំឱ្យ​ចេះ​ការពារខ្លួន និងបង្ការ​ការរីករាលដាល​ជំងឺអេដស៍។
២) នៅពេលធ្វើតេស្តឃើញថា​មានការ​ឆ្លងថ្មី សូមធ្វើការសិក្សា​ពីប្រវត្តិរបស់អ្នក​ជំងឺផង ដើម្បីដឹងថា​គាត់ជា​អ្នក​ទើបឆ្លងថ្មី ឬជាអ្នកដែល​ឆ្លងយូរហើយ។
៣) យើងកំពុង​ស្នើសុំឱ្យ​មណ្ឌលសុខភាព​អាចយក​ថវិកាមកចាយ​ក្នុងការងារ​អេដស៍បាន។
៤) យើងក៏នឹងទម្លាក់​ការងារ​អេដស៍មក​ថ្នាក់​ក្រោមជាតិ ឱ្យដល់​ឃុំសង្កាត់ ដោយដាក់បញ្ចូល​ទៅក្នុងគោល នយោបាយភូមិឃុំ​មាន​សុវត្ថិភាព​ផងដែរ។