ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
​កិច្ចប្រជុំ​លើក​ទី៥៣នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣
​ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

កិច្ចប្រជុំរួមប្រចាំខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី

នាព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០             នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំរួមប្រចាំខែមិថុនា ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយកខុទ្ទល័យ នាយករងខុទ្ទល័យ ទីប្រឹក្សាបច្ចេកទេស អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ សរុបចំនួន៦៥ រូប(ស្រ្តី១៧ រូប) ដើម្បីពិនិត្យលទ្ធផលសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ និងមន្រ្តីនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍ស្វាគមន៍ និងបានថ្លែងកោតសរសើរមន្រ្តីរាជការទាំងអស់ដែលបានធ្វើការយ៉ាងសកម្ម និងបានទទួលនូវលទ្ធផលល្អ។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំឱ្យបន្តកិច្ចប្រឹងប្រែងទាំងអស់គ្នា។ បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្រ្តី បានអនុញ្ញាតជូន  ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ ធ្វើរបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំខែមិថុនា ឆ្នាំ២០២០ និងលើកទិសដៅសម្រាប់ខែកក្កដា។

ដោយមានការអនុញ្ញាតពីឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ បានធ្វើបទបង្ហាញដោយផ្តោតលើចំណុចសំខាន់ៗស្តីពីលទ្ធផលសកម្មភាពការងារដូចខាងក្រោម ៖
    ១)    របាយការណ៍វឌ្ឍនភាពរបស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
    ២)    សមិទ្ធផលការងារឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។
    ៣)    បញ្ហាប្រឈមស្តីពីស្ថានភាពជំងឺកូវីដ១៩ ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ការអនុវត្តសកម្មភាពការងារ។
    ៤)    ផែនការសកម្មភាពសម្រាប់ខែកក្កដា។

នៅក្នុងសេចក្តីរាយការណ៍នោះ ឯកឧត្តមអគ្គលេខាធិការ បានរៀបរាប់ពីមេរៀនបទពិសោធន៍ក្នុងការអនុវត្តសកម្ម ភាពការងារមួយចំនួនដូចខាងក្រោម ៖
•    បានអញ្ជើញមន្រ្តីអង្គការ FHI ៣៦០ មកធ្វើបទបង្ហាញ អំពីគម្រោង CamBlitz ដើម្បីបានដឹងស៊ីជម្រៅពីសកម្មភាពការងាររបស់គាត់។ អង្គការនេះមានគោលបំណងជំរុញឱ្យអ្នករស់នៅជាមួយមេរោគអេដស៍មកធ្វើតេស្តរាប់មេរោគ ជាពិសេសចំពោះអ្នកដែលមានការចម្លងមេរោគអេដស៍ខ្ពស់តែម្តង។ វាមានសារៈប្រយោជន៍ក្នុងការផ្ទៀងឯកសាររបស់គាត់  និងជម្រុញឱ្យពួកគាត់មកទទួលឱសថផង និងធ្វើការតាមដានកុំឱ្យបាត់     ផង។  ឯកឧត្តម អគ្គលេខាធិការ ក៏បានស្នើឱ្យគាត់ពង្រីកទៅ២៥ (រាជធានី ខេត្ត) ដើម្បីយើងទទួលបានឯកសារផ្លូវការមួយ។ ដូច្នេះអ្នកជំងឺអេដស៍ទាំងអស់នៅក្នុងឯកសារនេះ ទោះជាគាត់មិនមក ឬស្លាប់ ក៏យើងបានដឹងព័ត៌មានទាំង អស់។
•    មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ មានកម្មវិធី តោះតេស្ត ដែលជំរុញឱ្យមានការធ្វើតេស្ត ប្រើតាម online នៅទូទាំងប្រទេស។
•    ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយ រៀង ស្នើសុំឱ្យមាន ART Site នៅបាវិត ជាទីកន្លែងដែលមានកម្មករជាង៧ម៉ឺននាក់ បើសិនជាមានការផ្តល់សេវា និងផ្តល់ការអប់រំសុខភាពអំពីជំងឺអេដស៍នៅទីនោះ វាជាការប្រសើរណាស់។
•    នៅមន្ទីរពេទ្យបង្អែករមាសហែក អ្នកផ្តល់សេវាមេរោគអេដស៍ និងជំងឺអេដស៍ បានលើកឡើងពីបញ្ហាលំបាក ដូចជា ការដឹកជញ្ជូនឈាម ការធ្វើតេស្ត ការផ្តល់សារអប់រំសុខភាព ការរក្សាការសម្ងាត់ និងការមកទទួល     ឱសថ។
•    បន្តការងារសម្របសម្រួលជាមួយ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ក្រសួង សុខាភិបាល រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល លើការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។
•    ត្រៀមរៀបចំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៣ ខែកក្កដា តាមវីដេអូខនហ្វឺរេន។
•    ត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី៦ ឆ្នាំ២០២០។

ជាកិច្ចបន្តនៅក្នុងរបៀបវារៈទី២ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអនុញ្ញាតជូនឯកឧត្តម ទា ផលា អនុប្រធាន អ.ជ.ប.ជ.អ ធ្វើបទបង្ហាញពីការបញ្ជ្រាបការងារអេដស៍ក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ និងផែនការវិនិយោគឃុំ សង្កាត់ (CDP/CIP)។ ដោយទទួលបានការអនុញ្ញាត ឯកឧត្តម ទា ផលា បានរាយការណ៍ជូនអង្គប្រជុំដូចតទៅ៖
•    ការធ្វើវិមជ្ឈការ ដើម្បីអនុវត្តន៍ ស.ជ.ណ ២១៣ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ នៅខេត្តកំពង់ស្ពឺ។
•    ពង្រឹងសកម្មភាពបណ្តាញក្រុមប្រជាជនគន្លឹះ (KP) ឆ្លើយតបនឹងមេរោគអេដស៍។
•    ការរកឃើញនូវការកើនឡើងករណីឆ្លងមេរោគអេដស៍ ភាគច្រើនក្នុងចំណោម ក្រុមបុរសរួមភេទជាមួយបុរស
(MSM) និងក្រុមអ្នកបំប្លែងភេទ (TG) ដែលមានវ័យក្មេង។
•    សកម្មភាពទាក់ទងនឹងដៃគូអភិវឌ្ឍន៍ក្នុងការបន្តគម្រោង LHSS បន្ទាប់ពីគម្រោង HP+ បញ្ចប់នៅខែកញ្ញា
២០២០។
•    សកម្មភាពតាមដានការអនុវត្តការពន្លឿនទីក្រុងក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ( Fast  Track City) នៅតាមបណ្តាខេត្តជាហត្ថលេខីទាំង៤ (រាជធានីភ្នំពេញ បាត់ដំបង បន្ទាយមានជ័យ និងសៀមរាប)។
•    ម=ម (U=U) មិនមានមេរោគ មិនមានការចម្លង (undetectable = untransmittable)។
សម្របសម្រួល ស្វែងរកការគាំទ្រ  និងសិទ្ធ គាំពារសង្គម ប្រមូលទិន្នន័យ និងកសាងសមត្ថភាពឃុំ សង្កាត់។
បន្ទាប់មកកិច្ចប្រជុំបានដំណើរការបន្តទៅក្នុងរបៀបវារៈទី៣។ ក្នុងនោះឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍សំណេះសំណាល និងផ្តល់នូវអនុសាសន៍លើចំណុចសំខាន់ៗដូចខាងក្រោម ៖
១)   នេះជាការជួបប្រជុំផ្ទាល់ លើកទី១ បន្ទាប់ពីអាក់ខានមិនបានធ្វើការប្រជុំដោយសារកូវីដ-១៩។ តាំងពីថ្ងៃទី១០ ខែ
មេសា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ យើងបានធ្វើការប្រជុំតាមវីដេអូខនហ្វឺរេន។ ដូច្នេះនេះជាលើកទី១ ដែលយើងអាចជួបមុខគ្នាផ្ទាល់ជាថ្មី។
២)  ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០តទៅ យើងត្រូវចាប់ផ្តើមធ្វើការជាធម្មតាឡើងវិញ ដោយបន្តគោរពវិធានការ
ផ្នែកអនាម័យ ពាក់ម៉ាស់ លាងដៃនឹងអាល់កុល ឬជែល រក្សាចម្ងាយឱ្យឃ្លាតពីគ្នា និងធ្វើការវាស់កម្តៅរបស់មន្ត្រី  រាជការទាំងអស់ជាដើម។  ក្នុងករណីដែលមានថវិកា ការចុះធ្វើបេសកកម្មនៅខេត្ត អាចដំណើរការបាន ក៏ប៉ុន្តែត្រូវយកចិត្តទុកដាក់ចំពោះថវិកាជាតិដែលត្រូវកាត់បន្ថយដោយសារកូវីដ-១៩។
៣) សូមលើកទឹកចិត្តអគ្គលេខាធិការដ្ឋានឱ្យបន្តធ្វើការបណ្តុះបណ្តាលដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដើម្បីបង្កើនសមត្ថភាពឱ្យកាន់តែប្រសើរថែមទៀត។ ជាមួយគ្នានេះ ក៏សូមលើកទឹកចិត្ត និងកោតសរសើរចំពោះថ្នាក់ដឹកនាំជំនាញដែលបានធ្វើជាគ្រូឧទ្ទេស។ សូមបន្តជួយចែករំលែកចំណេះដឹងនេះតទៅទៀតដល់មន្ត្រីរាជការរបស់     យើង។ ហើយសូមលើកទឹកចិត្តដល់អគ្គលេខាធិការដ្ឋានឱ្យខិតខំរកគ្រូឧទ្ទេសពីខាងក្រៅដែលមានជំនាញច្បាស់ លាស់ និងបទពិសោធន៍ខ្ពស់មកធ្វើបទបង្ហាញថ្មីៗ ពីគ្រប់មជ្ឈដ្ឋាន តាំងពីក្នុងជួររាជរដ្ឋាភិបាល សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ក្នុងវិស័យសុខាភិបាលសាធារណៈ សេដ្ឋកិច្ចសង្គម មានការគាំពារសង្គមជាដើម។ល។
៤)    ការងារដែលយើងត្រូវបន្តផ្តោតការយកចិត្តទុកដាក់គឺ ការអនុវត្តតួនាទី របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការសម្របសម្រួល ណែនាំ ត្រួតពិនិត្យ ការងារប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីឆ្ពោះទៅសម្រេចគោលដៅ ៩៥ ៩៥ ៩៥ នៅឆ្នាំ២០២៥។ សកម្មភាពដែលត្រូវធ្វើគឺជួយសម្រួលការស្វែងរកអ្នកបាត់មុខមិនបានមករកសេវាព្យាបាលប្រមាណ១ម៉ឺននាក់ ជួយសម្រួលដល់ការថែទាំ ព្យាបាល ជួយសម្របសម្រួលកម្មវិធីបង្ការកុំឱ្យមានការរីករាលដាលនៃជំងឺអេដស៍ និងកាត់បន្ថយការរើសអើងអ្នកផ្ទុកមេរោគអេដស៍។
៥)  យើងត្រូវនាំគ្នាស្វែងយល់ផលវិបាក ឬផលប៉ៈពាល់ដល់ការអនុវត្តកម្មវិធីអេដស៍ ដោយសារកូវីដ-១៩នៅគ្រប់
ទិដ្ឋភាព ទាំងការអនុវត្តកម្មវិធីរបស់ជាតិ ទាំងកម្មវិធីរបស់មូលនិធិសកល។ បើឃើញមានជួបផលប៉ះពាល់ដល់ការអនុវត្តកម្មវិធីនេះ ត្រូវលើកសំណើជូនថ្នាក់ដឹកនាំ ដើម្បីស្វែងរកវិធីដោះស្រាយភ្លាម។
៦) ត្រូវខិតខំធ្វើការជាមួយថ្នាក់ក្រោមជាតិ ថ្នាក់ខេត្ត រាជធានី ដើម្បីបញ្រ្ជាបកម្មវិធីអេដស៍ទៅក្នុងផែនការសកម្ម ភាព
ការងារ រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៅក្នុងឱកាសនៃការប្រកាសដាក់មន្ទីរឱ្យនៅក្រោមការគ្រប់គ្រងរបស់រាជធានី ខេត្ត។
៧) ត្រូវធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការអេដស៍រាជធានី ខេត្ត ក្រុង ស្រុក ឱ្យដំណើរការ និងលើកទឹកចិត្តឱ្យមានការ
ប្រជុំជាទៀងទាត់។
៨) ជួយបណ្តុះបណ្តាលឃុំ សង្កាត់ ឱ្យចេះប្រើប្រាស់ថវិកា ចេះធ្វើសេវាសង្គម ដែលមានកំណត់ក្នុងសៀវភៅក្រសួង
មហាផ្ទៃ ដោយចាប់ផ្តើមពីឃុំទាំងអស់ក្នុងស្រុកបសេដ្ឋ និងយកខេត្តកំពង់ស្ពឺជាគំរូក្នុង ការអនុវត្តកម្មវិធី ប្រយុទ្ធ
នឹងជំងឺអេដស៍។ យើងនឹងរៀបចំអង្គប្រជុំដែលមានសមាសភាពចូលរួមពី អភិបាលខេត្ត ប្រធានមន្ទីរសុខាភិបាល
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ប្រធានរតនាគារខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ អភិបាលស្រុក មេឃុំ ក្រុម  
ប្រឹក្សា ឃុំ ស្មៀនឃុំ ប្រធានមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពជាដើម។ល។
៩) ចំពោះការរៀបចំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០២០ សភាពការណ៍ហាក់
ដូចមិនទាន់អនុគ្រោះដល់ការរៀបចំ ដូចធ្លាប់បានធ្វើពីមុនៗមកនោះទេ។ ដូច្នេះ អគ្គលេខាធិការត្រូវគិតគូរចាប់ពីថ្ងៃនេះតទៅ អំពីការប្រជុំតាមវីដេអូខនហ្វឺរេន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ដោយត្រៀមរបៀបវារៈ និងលិខិតអញ្ជើញឱ្យគេមានពេលឆ្លើយតបថា ចូលរួម ឬមិនចូលរួម ដោយសង្កត់លើការអនុវត្តស.ជ.ណ២១៣ អនុក្រឹត្យ និងលិខិតគតិយុត្តិអំពីការអនុវត្តកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្នាក់ក្រោមជាតិ។
១០) នៅក្នុងខែកក្កដា ឆ្នាំ២០២០ខាងមុខនឹងមានសន្និសីទអន្តរជាតិស្តីពីជំងឺអេដស៍ លើកទី២៣ (23rd
International AIDS Conference) តាមវីដេអូខនហ្វឺរេន។ សូមឯកឧត្តម ទា ផលា ជាមួយថ្នាក់ដឹកនាំជា អនុប្រធានដែលចង់ស្វែងយល់សន្និសីទនេះអាចចូលរួមស្តាប់បានដែរ។ វាគ្មិនសំខាន់ៗដែលចូលរួមក្នុងសន្និសីទមានដូចជាវេជ្ជបណ្ឌិត Anthony Fauci និងឯកអគ្គរដ្ឋទូត Deborah Birx ជាដើម។ ដូច្នេះ សូមឯកឧត្តមអគ្គលេខាធិការ និងឯកឧត្តម ស៊ន ពិសិដ្ឋ សម្របសម្រួល និងផ្សព្វផ្សាយឱ្យមន្ត្រីយើងដឹងថា និងចូលរួម ពីថ្ងៃទី៦ដល់១០ ខែកក្កដា ឆ្នាំ២០២០។
នៅទីបញ្ចប់ ឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើឱ្យមន្រ្តីទាំងអស់យកចិត្តទុកដាក់ក្នុងការងារឱ្យបានកាន់តែខ្លាំងឡើង។ កន្លែងណាដែលយើងយល់ថាសមត្ថភាពយើងនៅមានកម្រិត ត្រូវប្រឹងស្រាវជ្រាវ រៀនសូត្រ។
អង្គប្រជុំបានបញ្ចប់នៅវេលាម៉ោង១១:១៧ នាទី ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។

ឯកសារសម្រាប់ទាញយក

 ចំណងជើងទំហំការទាញយកឯកសារ
   កិច្ចប្រជុំរួមប្រចាំខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី0.59 MB