ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

កិច្ចប្រជុំរួម​ប្រចាំ​ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី

ព្រឹកថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០   នៅអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានអញ្ជើញ​ជាអធិបតី ដឹកនាំកិច្ចប្រជុំរួម​ប្រចាំខែសីហា ឆ្នាំ២០២០ របស់​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ដោយមាន​ការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយក-នាយករង​ខុទ្ទល័យ អគ្គលេខាធិការ-រង ប្រធាននាយកដ្ឋាន និងអនុប្រធាន​នាយកដ្ឋាន សរុបចំនួន៤៥ រូប(ស្រ្តី៤រូប) ដើម្បីពិនិត្យ​លទ្ធផល​សកម្មភាព​ការងារ​របស់ថ្នាក់ដឹកនាំ និងមន្រ្តីនៃអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍​ស្វាគមន៍ ដល់មន្រ្តីរាជការ​ទាំងអស់​ដែលបាន​ចូលរួម និងបាន​ជម្រាបជូន​ពីរបៀបវារៈ​នៃកិច្ចប្រជុំ ព្រមទាំង​បញ្ហា​ផ្សេងៗ។ បន្ទាប់មក ឯកឧត្តម​ទេសរដ្ឋមន្រ្តី បានអនុញ្ញាតជូន  ឯកឧត្តម ឈឹម ឃិនដារ៉េត    អគ្គលេខាធិការ ធ្វើ​របាយការណ៍​ស្តីពីលទ្ធផល​សកម្មភាព​ការងារ​របស់​ថ្នាក់ដឹកនាំ និងអគ្គ​លេខាធិការដ្ឋាន​នៃអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ប្រចាំខែសីហា ឆ្នាំ២០២០ និងលើកទិសដៅ​សម្រាប់ខែកញ្ញា។
ដោយមានការអនុញ្ញាតពី ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ បាន​ធ្វើបទ​បង្ហាញ​ដោយផ្តោតលើ​ចំណុច​សំខាន់ៗ​ស្តីពីលទ្ធផល​សកម្មភាព​ការងារ​ដូចខាងក្រោម ៖
    ១)    សកម្មភាពការងាររបស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
    ២)    សមិទ្ធផលការងារឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។
    ៣)    បញ្ហាប្រឈមផ្សេងៗ។
    ៤)    ជំហានបន្តសម្រាប់ខែបន្ទាប់។
នៅក្នុងសេចក្តីរាយការណ៍នោះ ឯកឧត្តមអគ្គលេខាធិការ បានរៀបរាប់ពីមេរៀនបទពិសោធន៍ក្នុងការ​អនុវត្តសកម្ម មួយចំនួន​ដូចខាងក្រោម ៖
•    ការកើនឡើងករណីឆ្លងមេរោគអេដស៍ ភាគច្រើនលើក្រុមប្រឈម (ប្រជាជនគន្លឹះ) គឺក្រុមបុរសរួមភេទ​ជាមួយបុរស (MSM) ដែលមាន​អាយុវ័យក្មេង។
•    បានណែនាំដល់ថ្នាក់ដឹកនាំតាមខេត្តនានាឱ្យអនុវត្តតាមលិខិតលេខ១៣៩ និងការអនុវត្ត​សកម្មភាព​ខ្លះមិនចាំបាច់​ប្រើថវិកា (ឧទាហរណ៍ បើចុះផ្សព្វផ្សាយ​គ្រឿងញៀន ត្រូវ​បញ្ជ្រាប​ការងារ​អេដស៍រួមជាមួយផង)
•    មានការលំបាកខ្លះទាក់ទងទៅនឹងអ្នកបោះបង់ការព្យាបាល អ្នកស្លាប់ និងការដឹកជញ្ជូន​សំណាក​ឈាម មកវិភាគ​នៅភ្នំពេញ ដោយសារ​អ្នកទទួល​បន្ទុក​ការងារ​នេះបាន​បាត់បង់​ជីវិត (ខេត្តក្រចេះ) ហើយ​អង្គការ AHF ជាអ្នកឧបត្ថម្ភ​គាំទ្រ មិនបាន​ផ្តល់ថវិកា ក្នុងអំឡុងពេល​ជំងឺកូវីដ១៩ ដែលកំពុង​រាតត្បាត ដូច្នេះគាត់​មិនទាន់បាន​ដំណើរការ​នៅឡើយ។
•    នាយកដ្ឋានទាំងអស់ អនុវត្តការងារបានល្អ មានការទទួលខុសត្រូវខ្ពស់ និងមាន​សមត្ថភាព​ដឹកនាំ ក្នុងការ​បើកវគ្គបណ្តុះ​បណ្តាល និងផ្ទេរការងារ​ដល់អនុប្រធាន​នាយកដ្ឋាន​អនុវត្តបន្ត។
ជាកិច្ចបន្តនៅក្នុងរបៀបវារៈទី២ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអនុញ្ញាត​ជូនឯកឧត្តម ទា ផលា អនុប្រធាន           អ.ជ.ប.ជ.អ ធ្វើបទបង្ហាញ​អំពី ៖
ការអនុវត្តសេចក្តីជូនដំណឹងលេខ២១៣  សជណ.សស ក្នុងការឆ្លើយតបនឹង​មេរោគអេដស៍ និងជំងឺអេដស៍ នៅខេត្តកំពង់ស្ពឺ។ ដោយទទួលបាន​ការអនុញ្ញាត ឯកឧត្តម ទា ផលា បានរាយការណ៍​ជូនអង្គប្រជុំ​ដូចតទៅ៖
១- បច្ចុប្បន្នភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ :
•    ដោយឈរលើផែនការយុទ្ធសាស្រ្តជាតិទាំង៤៖ យុទ្ធសាស្រ្តទី១) ផ្តល់ការបង្ការ ថែទាំ ព្យាបាល និងគាំទ្រទូលំ​ទូលាយ តាមរយៈវិធីសាស្រ្ត​ពហុវិស័យ យុទ្ធសាស្រ្តទី២)បញ្ចូលការឆ្លើយតប​នៃមេរោគអេដស៍​ទៅក្នុងប្រព័ន្ធ   សុខាភិបាល និងវិស័យផ្សេងទៀត យុទ្ធសាស្រ្តទី៣) ពង្រីកវិសាលភាព​កិច្ចគាំពារ​សង្គម និងលើកកម្ពស់ការ​ទទួលបានសេវា និងច្បាប់ យុទ្ធសាស្រ្តទី៤) បង្កើនថវិកា​របស់រាជរដ្ឋាភិបាល​ដល់៥០% នៃហិរញ្ញប្បទាន​ឆ្លើយតបនឹង​មេរោគអេដស៍ និងជំងឺអេដស៍ និងផ្តល់ថវិកា​ដល់អង្គការ​សង្គមស៊ីវិល។
•    ត្រូវទប់ស្កាត់ករណីឆ្លងថ្មីឱ្យនៅត្រឹម៣០០នាក់ក្នុងមួយឆ្នាំ និងទប់ស្កាត់ការស្លាប់ឱ្យនៅត្រឹម ១,០០០នាក់ក្នុងមួយឆ្នាំ។
•    មានអ្នកផ្ទុកមេរោគអេដស៍ចំនួន១៤.០០០នាក់ ដែលជាអ្នកមិនទាន់បានព្យាបាល និងមិនទាន់មានក្នុងប្រព័ន្ធសុខាភិបាល ពួកគាត់ គឺជាប្រភព​ចម្លងទៅអ្នកដទៃ។
•    ករណីឆ្លងមេរោគអេដស៍ថ្មី ភាគច្រើនក្នុងចំណោមក្រុមបុរសរួមភេទជាមួយបុរស (MSM) ដែលមានវ័យក្មេង (អាយុក្រោម២៩ ឆ្នាំ) មានរហូត​ដល់៣២% ។
•    ត្រូវពង្រឹងប្រព័ន្ធទំនាក់ទំនងពីថ្នាក់ជាតិ ទៅថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំ។
•    ការធ្វើវិមជ្ឈការ គឺជាការល្អប្រសើរ ដែលបានប្រគល់​មុខងារគ្រប់គ្រង និងផ្ដល់សេវាសុខាភិបាល​ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត។
២- វឌ្ឍនភាពនៃការអនុវត្តន៍​សេចក្តីជូនដំណឹងលេខ២១៣  សជណ.សស ត្រូវអនុវត្តតាមគោលនយោបាយទាំង៦ នៃសេចក្តីជូន​ដំណឹង​លេខ២១៣  សជណ.សស ក្នុងការឆ្លើយតប​នឹងមេរោគអេដស៍ និងជំងឺអេដស៍ ៖
•    គោលនយោបាយទី១:  ការដាក់បញ្ចូល ការឆ្លើយតបនឹង​មេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងផែនការ​វិនិយោគ   និងផែនការ​អភិវឌ្ឍន៍ឃុំ/សង្កាត់។
•    គោលនយោបាយទី២: អ្នកផ្ទុកមេរោគអេដស៍ ជាប្រជាជនងាយរងគ្រោះ ដែលត្រូវទទួល​អត្តសញ្ញាណប័ណ្ណ​គ្រួសារក្រីក្រ (ID Poor) និងមូលនិធិសមធម៌។
•    គោលនយោបាយទី៣: មន្ទីរពេទ្យ និងមណ្ឌលសុខភាព មានថវិកា សម្រាប់ការ​ឆ្លើយតបនឹង​មេរោគអេដស៍។
•    គោលនយោបាយទី៤: ការផ្តល់ថវិកាជូន​សង្គមស៊ីវិល ដែលធ្វើការងារ​អេដស៍។
•    គោលនយោបាយទី៥: ធានាលំហូរថវិកា​សម្រាប់ចីរភាព​នៃការឆ្លើយតបនឹង​មេរោគអេដស៍។
•    គោលនយោបាយទី៦: ការធ្វើសមាហរណកម្ម​នៃសេវាថែទាំអ្នក​ផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងប្រព័ន្ធ​សុខាភិបាល។
•    បានរៀបចំសិក្ខាសាលាស្តីពី ការអនុវត្តសេចក្តីជូនដំណឹងលេខ២១៣  សជណ.សស ក្នុងការឆ្លើយតបនឹង​មេរោគអេដស៍ និងជំងឺអេដស៍ នៅខេត្ត​កំពង់ស្ពឺ ដែលមានការ​ចូលរួមពី អភិបាល-អភិបាលរង​នៃគណៈ​អភិបាលខេត្ត ប្រធាន​ក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរដែលពាក់ព័ន្ធ​ជុំវិញ​ខេត្តកំពង់ស្ពឺ កងកម្លាំង​ទាំងបី អភិបាល​ស្រុកទាំង៨ ប្រធានការិយាល័យគាំទ្រ​ផែនការ​ឃុំក្នុងស្រុកទាំង៨ ប្រធាន​ការិយាល័យ​ស្រុកប្រតិបត្តិទាំង៤ និងអនុប្រធាន  អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន​នាយកដ្ឋាននៃអ.ជ.ប.ជ.អ នាយក​មជ្ឈមណ្ឌលជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍សើស្បែក និងកាមរោគ ស្មៀនឃុំព្រែកអំបិល ខេត្តកណ្តាល ព្រមទាំង តំណាងអង្គការ UNAIDS HP+ HACC  ។
    បន្ទាប់មក កិច្ចប្រជុំបានដំណើរការបន្តនៅក្នុងរបៀបវារៈទី៣ ក្នុងនោះឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍​សំណេះសំណាល និងផ្តល់​នូវអនុសាសន៍​លើចំណុច​សំខាន់ៗ​ដូចខាងក្រោម ៖
១) ការដឹកជញ្ជូនសំណាកឈាម មិនត្រូវរងចាំ​អង្គការណាមួយ ដើម្បីផ្តល់​ថវិកានោះទេ ត្រូវណែនាំ​ពួកគាត់ឱ្យ​ចេះកែច្នៃ​ក្នុងការ​ដឹកជញ្ជូន​សំណាក​ឱ្យទៅដល់​គោលដៅ។
២) ឯកឧត្តមជាទីប្រឹក្សា ត្រូវមានវត្តមានចាំបាច់ រាល់ការកោះអញ្ជើញ​ចូលរួម​ក្នុងកិច្ចប្រជុំ បើសិន​ជាមានធុរៈចាំបាច់​ត្រូវស្នើសុំការ​អនុញ្ញាត​ច្បាប់ពីឯកឧត្តម​ទេសរដ្ឋមន្រ្តី ក្នុងករណី​ផ្ទុយពីការ​ណែនាំ ត្រូវទទួល​ខុសត្រូវខ្លួនឯង។
៣) សូមកោតសរសើរចំពោះ មន្រ្តីរាជការ ដែលបានខិតខំប្រឹងប្រែង​បំពេញភារកិច្ច ក្នុងអំឡុង​ពេលជំងឺកូវីដ១៩ កំពុង​រាតត្បាតនេះ។
៤) សូមលើទឹកចិត្តឱ្យ​បន្តដល់កម្មវិធីពង្រឹង​សមត្ថភាព ដែលបាន​អនុវត្តកន្លងមក ដោយមានការ​សម្របសម្រួលពី  ឯកឧត្តម ហោ ប៊ុនឡេង ដើម្បី​បំពេញ​ភារកិច្ច​ឱ្យមាន​ប្រសិទ្ធភាព ដែលជា​ចំណុច​ល្អធ្វើឱ្យយើង​ស្វែងយល់​ពីបញ្ហា រួចឈាន​ទៅរក​ដំណោះ​ស្រាយបាន។
៥) ការចុះបំពេញបេសកកម្ម ត្រូវមានកម្មវិធី​ច្បាស់លាស់ ហើយការងារ​ដែលបានធ្វើ ត្រូវតែមានលទ្ធផល។
៦) ការអនុវត្ត សជណ២១៣ ជាចំណុចសំខាន់ ការធ្វើនៅខេត្ត​កំពង់ស្ពឺជាការចាប់ផ្តើម ដែលយើងត្រូវយក​ទៅអនុវត្តនៅ​ខេត្តផ្សេងៗទៀត។ ខេត្តមួយ​ចំនួនធំ មិនទាន់បានយល់ដឹង​ពីខ្លឹមសារ​នៃសជណ២១៣នេះទេ ប៉ុន្តែខេត្តមួយ​ចំនួនក៏បាន​អនុវត្តរួចហើយ។ ផ្តល់សជណ២១៣ ជូនគាត់ ដើម្បីឱ្យអនុវត្ត ទោះជាគ្មាន​ការណែនាំ​ឱ្យមាន​ថវិកា​សម្រាប់​កម្មវិធីអេដស៍​ក្នុងខេត្ត​របស់គាត់ក៏ដោយ គឺគាត់ធ្វើបាន។ សជណ២១៣ ជាក្របខ័ណ្ឌច្បាប់ និងបទដ្ឋាន​គតិយុត្ត ដែលឯកឧត្តម​អភិបាល​ខេត្តយកទៅ​ធ្វើការងារ​អេដស៍បាន។ ការអនុវត្ត សជណ២១៣ នេះវាត្រូវការ​ពេលវេលា​យូរអង្វែង ដែលយើង​ចាប់ផ្តើម​ពីអន្តរកាល ទៅចីរភាព។
៧) ត្រូវណែនាំ ដល់ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ ឱ្យអនុវត្តនូវ ៖   ទី១) រៀបចំបង្កើត​គណៈកម្មាធិការអេដស៍ ទី២) ណែនាំឱ្យ​បញ្ជ្រាបផែនការ​អភិវឌ្ឍឃុំ សង្កាត់ ៣ឆ្នាំ និង៥ឆ្នាំ។
៨) រកឱ្យឃើញករណីឆ្លងថ្មី និងទប់ស្កាត់ការរីករាលដាល​នៃមេរោគអេដស៍ បើសង្ស័យ​ត្រូវធ្វើការណែនាំឱ្យ​ធ្វើតេស្តឈាម ធ្វើការព្យាបាល​ដោយប្រើថ្នាំ និងការ​ការពារដោយ​ប្រើស្រោមអនាម័យ។
៩) ឯកឧត្តម លោកជំទាវ អនុប្រធាន ដែលមានការទទួល​ខុសត្រូវជាមួយនឹងខេត្ត ត្រូវត្រៀម​ចុះតាមខេត្តនានា ដើម្បីធ្វើបទ​ឧទ្ទេសនាម  ដែលតម្រូវ​ឱ្យមាន ឯកសារ ដូចជា ៖ សជណ២១៣ អនុក្រឹត្យលេខ១៩៣ ស្ដីពីការប្រគល់​មុខងារ​គ្រប់គ្រង និងផ្ដល់​សេវា​សុខាភិបាល​ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ហៅថា វិមជ្ឈការ និងសៀវភៅ​ណែនាំ​ស្តីពីការ​អនុវត្តសកម្មភាព​សេវាសង្គមឃុំ សង្កាត់។ មុននឹងចុះទៅ​អនុវត្តការងារ​តាមខេត្ត សូម ឯកឧត្តម ទា ផលា ធ្វើការណែនាំ​អំពីរបៀប​របប​នៃការអនុវត្ត។ ចំពោះខេត្ត ក្រុងដែលបានចុះហត្ថលេខា ក្នុងការអនុវត្តការ​ពន្លឿន​ទីក្រុងឆ្លើយតបនឹង​មេរោគអេដស៍ (Fast track Cities) មានរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តបន្ទាយ​មានជ័យ ឯកឧត្តម​ទេសរដ្ឋមន្រ្តីនឹង​រៀបចំ​អនុវត្តដោយផ្ទាល់។
១០) តាមដានពីអត្តសញ្ញាណអ្នកក្រីក្រដែលមាន​ផ្ទុកមេរោគអេដស៍ បានទទួល​មូលនិធិសមធម៌​ពីរាជរដ្ឋាភិបាល​ឬនៅ? មានឈ្មោះនៅក្នុង​ប្រព័ន្ធសុខាភិបាល​ហើយឬនៅ?
១១) ត្រូវមានសេចក្តីប្រកាស​អន្តរក្រសួង​លេខ១៨២ ស្តីអំពីល័ក្ខខ័ណ្ឌ​ហិរញ្ញវត្ថុ ល័ក្ខខ័ណ្ឌ​បច្ចេកទេស និងនិតិវិធី​ហិរញ្ញវត្ថុ សម្រាប់ការ​ផ្ទេរធនធាន​ហិរញ្ញវត្ថុ មានភ្ជាប់​ល័ក្ខខ័ណ្ឌ​ទៅឱ្យរដ្ឋបាល​ខេត្ត សម្រាប់​អនុវត្តមុខ​នាទីគ្រប់គ្រង និងផ្តល់សេវា។
១២) ឯកឧត្តមទេសរដ្ឋមន្រ្តី បានចេញនូវ​សេចក្តីណែនាំដល់ ឯកឧត្តម លោកជំទាវ ដោយបែងចែក​ក្រុមការងារឱ្យ ទទួលខុសត្រូវ​ក្នុងការសម្រប​សម្រួល​សិក្ខាសាលា​ស្តីពី ការអនុវត្ត​សេចក្តីជូន​ដំណឹង​លេខ២១៣ សជណ.សស ក្នុងការឆ្លើយតបនឹង​មេរោគអេដស៍ និងជំងឺអេដស៍ នៅស្រុកទាំង៨ នៃខេត្តកំពុងស្ពឺ។
១៣) ត្រៀមរៀបចំកិច្ចប្រជុំពេញអង្គនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ និងសន្និបាត​បូកសរុបការងារ​ប្រចាំឆ្នាំ២០២០ រយៈពេល​២ថ្ងៃ។ អ្នកដែល​ត្រូវធ្វើ​បទបង្ហាញ ត្រូវមក​បង្ហាញ​នៅសាលប្រជុំ នៃអ.ជ.ប.ជ.អ។ ចំណែក​គណៈកម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍ តាមក្រសួង ខេត្ត និងលេខា​ធិការដ្ឋាន​ប្រយុទ្ធនឹង​ជំងឺអេដស៍​រាជធានី ខេត្ត ត្រូវអញ្ជើញ​ចូលរួម​តាមវីដេអូ​ខនហ្វឺរេន។
១៤) ទិវា១ឆ្នូ ត្រូវរៀបចំធ្វើតាមវីដេអូខនហ្វឺរេន កម្មវិធីធ្វើនៅ អ.ជ.ប.ជ.អ មាននិមន្តព្រះសង្ឃ អញ្ជើញតំណាង​អ្នកផ្ទុក​មេរោគអេដស៍ និងមន្រ្តី​ទាំងអស់​នៃអ.ជ.ប.ជ.អ។ រៀបចំសារ​របស់ សម្តេច​អគ្គមហា​សេនា​បតីតេជោ (ដោយអានសារ) និងសាររបស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ដោយស្នើសុំ​ឱ្យមានការ​ចាកផ្សាយតាម​ទូរទស្សន៍។ មុនឈានចូលដល់ទិវា១ឆ្នូនេះ សុំឱ្យ​ស្ថានប័នជាតិ ឬស្ថាប័ន​ក្រៅរដ្ឋាភិបាល ឱ្យផលិត​រឿងខ្លីៗ (Spot) អំពីជំងឺ អេដស៍ ឱ្យបានច្រើន និងឱ្យមាន​វេទិកាតុមូល ដោយមាន​កិច្ចសម្ភាសន៍។
១៥) រាល់ការរៀបចំ​កម្មវិធីដែលមាន​ការជួបជុំគ្នាជាក្រុម ត្រូវជៀសវាង​កុំឱ្យមាន​សមាជិក​ចូលរួម​លើសពី៥០នាក់ ដោយ​អនុវត្ត​តាមការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។
១៦) រៀបចំឱ្យមានអ្នកតំណាងអ្នកផ្ទុក​មេរោគអេដស៍​ទូទាំងប្រទេស ដែលជាដៃគូរ​របស់អ.ជ.ប.ជ.អ ហើយពួកគាត់​អាចចូលរួម​គ្រប់វេទិការ។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្ត និងណែនាំឱ្យមន្រ្តីទាំងអស់ បន្តកិច្ចខិតខំ​ប្រឹងប្រែង​ទាំងអស់គ្នា ដោយយកចិត្ត​ទុកដាក់​ក្នុងការងារ​ឱ្យបានកាន់​តែប្រសើរ​ឡើង។ លើសពីនេះ​ទៅទៀត ត្រូវយក​លទ្ធផលជាធំ រកឱ្យឃើញ ករណីឆ្លងថ្មី និងទប់ស្កាត់​ការរីករាលដាល​នៃមេរោគអេដស៍ បើសង្ស័យ​ត្រូវធ្វើការ​ណែនាំ​ឱ្យធ្វើ​តេស្តឈាម ធ្វើការព្យាបាល​ដោយប្រើថ្នាំ និងការការពារ​ដោយប្រើ​ស្រោមអនាម័យ យើងទាំងអស់គ្នា​ត្រូវប្តេជ្ញា​អនុវត្ត​ការងារ​ឱ្យទទួល​បាន​ជោគជ័យ។
អង្គប្រជុំបានបញ្ចប់​នៅវេលាម៉ោង១១:១២ នាទី ប្រកបដោយ​បរិយាកាស​រីករាយ និងស្និទ្ធស្នាល​ក្រៃលែង។

ឯកសារសម្រាប់ទាញយក

 ចំណងជើងទំហំការទាញយកឯកសារ
   កិច្ចប្រជុំរួម​ប្រចាំ​ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី1.20 MB