ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ទេសរដ្ឋមន្រ្តី អៀង មូលី : ទោះជាស្ថិតក្នុងដំណាក់កាលកូវីដ-១៩ ក៏យើង​នៅ​តែ​បន្ត​ការងារ​អភិវឌ្ឍន៍​ដោយ​មិន​បោះបង់​ចោល​ឡើយ

ពោធិ៍ម្រាល បរសេដ្ឋ : នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នៅសាលា​ឃុំ​ពោធិ៍ម្រាល ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ និងជាប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះមូលដ្ឋាន​ស្រុកបរសេដ្ឋ បានអញ្ជើញជា​អធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុងវេទិកា​សាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការ​អនុវត្តកម្ម​វិធីនយោបាយ និងការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់​កាលទី៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា។ វេទិកានេះ​មានការ​ចូលរួម​ពីឯកឧត្តម លោកជំទាវ អស់លោក អ្នកស្រី នាងកញ្ញាជា ប្រធាន អនុប្រធាន សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះមូលដ្ឋាន​ស្រុកបរសេដ្ឋ អភិបាលស្រុក តំណាងមន្ទីរ ការិយាល័យ​ជំនាញ​ជុំវិញ​ស្រុកបរសេដ្ឋ អាជ្ញាធរ​ឃុំពោធិ៍ម្រាល កងកម្លាំង​ប្រដាប់​អាវុធ និងប្រជាជន​ប្រមាណ៥០នាក់។

មានប្រសាសន៍បើកវេទិកា ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា នេះជាការជួបគ្នា​ក្នុងវេទិកា​សាធារណ:លើក ដំបូង បន្ទាប់ពី​ខកខាន​ជាច្រើនខែ ដោយសារ​ជំងឺ កូវីដ-១៩។ ជំងឺនេះ​កាចសាហាវ​ដោយសារ​រកវាក់សាំង​មិនទាន់បាន។ ដូច្នេះ ហើយទើប​ក្រសួង​សុខាភិបាល​ណែនាំឱ្យ​រាល់ការ​ជួបជុំគ្នា​មិនត្រូវ​លើសពី៥០នាក់។ ឯកឧត្តម​បានបន្តថា ជំងឺនេះ​ក៏បានធ្វើឱ្យ​ពិភពលោក​រាំងស្ទះ​ដំណើរ​សេដ្ឋកិច្ច​ផងដែរ។ ប៉ុន្តែ សេដ្ឋកិច្ចយើង​មិនបានដុនដាប និងស្ទះ​ដំណើរការ​ឡើយ។ ការជួបជុំគ្នា​ក្នុងកម្រិតតូច​នៅថ្ងៃនេះ ព្រោះយើង​មិនអាច​រង់ចាំបន្តទៀត។ យើងត្រូវ​មកស្តាប់​បងប្អូន​ប្រជាពលរដ្ឋ ដើម្បីយល់ដឹង និងរកវិធី​ដោះស្រាយ។ ហើយចាប់​ពីពេលនេះ​តទៅ យើង​បន្តការងារ​ជួបជុំ​នៅក្នុង​រង្វង់​ក្រោម៥០ នាក់។

បន្ទាប់មក លោក ឈឺន សុធន អភិបាលស្រុក បានរាយការណ៍​ជូនអង្គវេទិកាអំពី ស្ថានភាពទូទៅ និងការ​អភិវឌ្ឍ​ក្នុងស្រុក ដោយក្នុង​លោក​បញ្ជាក់ថា អត្រា​ភាពក្រីក្រ​នៅបរសេដ្ឋ​មានចំនួន១៣%។ ក្នុងនោះ ទាំងកម្រិតក្រ១ និងក្រ២ មានចំនួន​៣៣៣៩គ្រួសារ។ ហើយក្នុង​ដំណាក់កាល​កូវីដ-១៩នេះ បានបន្ថែម​គ្រួសារ​ក្រីក្រ​ចំនួន៣០៩​គ្រួសារ​ទៀត ដើម្បី​ទទួលបាន​ប្រាក់ ឧបត្ថម្ភ​ពីរាជរដ្ឋាភិបាល។ ជាកិច្ចបន្ត ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានជូនវេទិកា​ទៅអ្នកចូលរួម​ឱ្យឡើងមាន​យោបល់ ឬលើកជា​សំណូមពរ។ ក្នុងនោះ មានការលើកឡើង​ពីសំណើ​សុំស្ពាន​នៅភូមិម្រាលត្នោត​ខាងជើង និងផ្លូវចំនួន​២ខ្សែ​នៅភូមិ​ចម្រើនផល និងភូមិស្រែខ្ញែ បញ្ហាការ​អាស្រ័យផល​ត្រពាំង​នៅភូមិតានួន បញ្ហាក្រុមហ៊ុន​អាហារ​បំប៉ន​ដែលឃោសនា​ឱ្យប្រជាជន​បង់ប្រាក់​២០០០ដុល្លារ​អាម៉េរិក​ដើម្បីចូល​ជាសមាជិក និងការ​បង្ហូរ​កាកសំណល់​ពីកសិដ្ឋាន​ចិញ្ចឹមជ្រូក​ចូលប្រឡាយ​ជាដើម។ មុននឹងឆ្លើយតប​ដោះស្រាយ​ជូនប្រជាជន ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានស្នើ លោកអភិបាលស្រុក ប្រធាន​ក្រុមការងារ​ឃុំ នាយករដ្ឋបាលស្រុក និងតំណាង​ការិយាល័យ​ជំនាញឡើង​ឆ្លើយបំភ្លឺ​ជាបន្តបន្ទាប់។

ក្រោយពីស្តាប់ការបកស្រាយរួចមក ឯកឧត្តមទេសរដ្ឋ មន្ត្រីបានធ្វើការបូកសរុប និងណែនាំ​ដូចខាងក្រោម :
១) សូមកុំឱ្យប្រជាពលរដ្ឋជឿលើក្រុមហ៊ុនណា​ដែលមានសកម្មភាព​ជាចរឹត​បោកប្រាស់ ដូចជា​ឱ្យទិញ​ផលិតផល​របស់ខ្លួន មួយវគ្គដំបូង​ថ្លៃ២០០០ដុល្លារ រួចចូល​ជាសមាជិក គេឱ្យ​ប្រាក់ខែ១ខែ ៥០០ដុល្លារ ឬចូលរួម​ឱ្យគេខ្ចីប្រាក់ ដោយឱ្យ​ការប្រាក់១០%ក្នុងមួយខែ​ជាដើម។
២) រាល់កសិដ្ឋាន​ចិញ្ចឹមសត្វត្រូវតែគោរព​ស្តង់ដារ​អនាម័យ និងបរិស្ថាន។ ត្រូវចៀសវាង​បង្ហូរសារធាតុ​អាក្រក់ ឬលាមកសត្វ​ទៅក្នុង​ប្រឡាយទឹក អូរ ឬត្រពាំង បឹងបួរ ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រើប្រាស់ទឹក។
៣) ទាក់ទងនឹងស្ពាននៅភូមិម្រាលត្នោតខាងជើង សូមលោកអភិបាលស្រុក​ទាក់ទង​ជាមួយ​កង​វិស្វកម្ម ឱ្យជួយ​ផ្តល់ស្ពាន​ឆ្លងកាត់​បណ្តោះអាសន្ន សម្រាប់​សិស្សានុ សិស្ស ស្រួល​ធ្វើដំណើរ​ទៅសាលារៀន ទម្រាំ​គម្រោង​សាងសង់​របស់អង្គការ JICAចាប់​ដំណើរការ។
៤) ចំពោះបញ្ហានៅភូមិតានួន សូមអាជ្ញាធរស្រុក ឃុំ ចុះទៅរៀបចំ​សណ្តាប់ធ្នាប់ ណែនាំ​ថ្នាក់ដឹកនាំ​ភូមិឱ្យធ្វើជា​គំរូដល់​ប្រជាពលរដ្ឋ ដោយ​រុះរើសំណង់​អនាធិបតេយ្យ​ដែលកូនចៅ​ខ្លួន​ធ្វើជាបន្ទាន់ និងនាំគ្នា​ធ្វើបញ្ជី​សារពើភណ្ឌ​សម្បត្តិរដ្ឋ​ទាំងអស់​ឱ្យបាន​ឆាប់រហ័ស។
៥) ចំណែកឯផ្លូវចំនួន២ខ្សែ​នៅភូមិចម្រើនផល និងភូមិស្រែខ្ញែ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានណែនាំ​ឱ្យលើក​សំណើ​ជាបន្ទាន់​ទៅកងវិស្វកម្ម ដើម្បី​សុំឱ្យ​ជួយសាងសង់​ផ្លូវទាំងពីរ​ខ្សែតាម​សំណូមពរ។

នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី​បានបញ្ជាក់​ជូនអង្គវេទិកាថា ដោយសារកូវីដ-១៩ ការប្រើប្រាស់​ថវិកា​អភិវឌ្ឍន៍​អាចមានការ​យឺតយ៉ាវ។ ប៉ុន្តែ យើងនៅតែ​បន្តការងារ​អភិវឌ្ឍន៍ និងដោះស្រាយ​ជាជំហាន​ដោយមិនបោះបង់​ចោលទេ។

ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ ទទក

ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ BTV News

ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ អប្សរា