នៅរសៀលថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នំាថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នំា២០២៣ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តី ទទួលបន្ទុកដឹកនំាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាវាគ្មិន នៅទូរទស្សន៏ជាតិកម្ពុជា ស្តីពីការរំលឹកខួបអនុស្សាវរីយ៍៣២ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។
ឯកឧត្តមទេសរដ្ឋមន្រ្តី គឺជាឥស្សរជន និងជាហត្ថលេខីមួយរូប បានរំលឹកឡើងវិញអំពីដំណើរនៃកិច្ចចរចារសន្តិភាពទីក្រុងប៉ារីស ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍។ ថ្ងៃទី២៣ តុលា ត្រូវបានចាត់ទុកជាថ្ងៃប្រវត្តិសាស្ត្រដែលភាគីខ្មែរដែលមានជម្លោះបានចុះហត្ថលេខាលើកិច្ចព្រមព្រាងបញ្ចប់វិបត្តិនៅកម្ពុជា ចូលតុចរចារ សម្រុះសម្រួលគ្នាដោះស្រាយបញ្ហា មានការឯកភាពគ្នា ដោយមានការសម្របសម្រួល និងឯកភាពពីអន្តរជាតិ ពិសេសគឺសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីបង្រួបបង្រួមជាតិកម្ពុជាតែមួយ។ ការបញ្ចប់ជម្លោះ ដើម្បីឱ្យមានការរៀបចំបោះឆ្នោត ដែលរៀបចំដោយអង្គការសហប្រជាជាតិ ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋកម្ពុជាសម្រេចជោគវាសនារបស់ខ្លួន។ ការបោះឆ្នោតបាននាំមកនូវអ្នកតំណាងរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីទៅចងក្រងតាក់តែងរដ្ឋធម្មនុញ្ញថ្មី ដែលជាច្បាប់កំពូលរបស់រដ្ឋ។ តាមរយះរដ្ឋធម្មនុញ្ញថ្មីនេះ យើងបានកសាងប្រទេសឱ្យទៅជាប្រទេសមួយមានរបៀបរបបប្រជាធិបតេយ្យសេរី ពហុបក្ស គោរពសិទ្ធមនុស្ស ប៉ុន្តែប្រទេសកម្ពុជាត្រូវថែរក្សាការពារអព្យាក្រឹតជានិរន្តរ។
ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលាក្តី ក៏ប៉ុន្តែកម្ពុជាមិនទាន់មានសន្តិភាពពេញលេញនៅឡើយ ដោយសារភាគីខ្មែរក្រហមមិនចូលរួម។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បាននាំនូវសន្តិភាពពេញលេញក្រោមគោលនយោបាយ ឈ្នះ ឈ្នះ ជូនប្រជាពលរដ្ឋកម្ពុជា និងកសាងអភិវឌ្ឍន៍ប្រទេស បានរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ហើយការងារអភិវឌ្ឍន៍នេះក៏បានបន្តធ្វើតទៅទៀតដោយរាជរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី គឺជាហត្ថលេខីមួយរូប ដែលបានចុះហត្ថលេខាលើឯកសារ៤ ៖
ទី១)- ឯកសារបញ្ជាក់កិច្ចចុងក្រោយនៃសន្និសីទទីក្រុងប៉ារីស ទី២)- កិច្ចព្រមព្រៀងស្តីអំពីដំណោះស្រាយនយោបាយគ្រប់ជ្រុងជ្រោយនៃជម្លោះនៅកម្ពុជា ទី៣)- កិច្ចព្រមព្រៀងទាក់ទងនឹងអធិបតេយ្យភាព ឯករាជ្យភាព បូរណភាពទឹកដី និងភាពមិនអាចរំលោភបាន អព្យាក្រឹតភាព និងឯកភាពជាតិនៃកម្ពុជា និងទី៤)- សេខក្តីថ្លែងការណ៍ស្តីអំពីការស្រ្តារ និងកសាងឡើងវិញនៃប្រទេសកម្ពុជា។