ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
​កិច្ចប្រជុំ​លើក​ទី៥៣នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣
​ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អៀង មូលី អញ្ជើញ​ធ្វើជា សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​រួម​រាជរដ្ឋាភិបាល-ដៃគូ អភិវឌ្ឍន៍​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅ​កម្ពុជា​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៨៦៧ ត្រូវ​នឹង​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ អញ្ជើញ​ធ្វើជា​សហប្រធាន​ដឹកនាំ កិច្ចប្រជុំ​រួម​រាជរដ្ឋាភិបាល-ដៃគូ​អភិវឌ្ឍន៍ ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅ​កម្ពុជា (Joint Government-Development Partner on HIV and AIDS in Cambodia)។ កិច្ចប្រជុំ​នេះ​រៀបចំឡើង​ដើម្បី​សម្របសម្រួល​ឱ្យ​មាន កិច្ច​សន្ទនា​បច្ចេកទេស និង​ចលនា​ធនធាន​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​រវាង​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍ ក្នុង​ទិសដៅ​បញ្ចប់ អេដស៍​ដែល​ជា​ការ​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ​នា​ឆ្នាំ២០២៥។

កិច្ចប្រជុំ​ក៏​មាន​គោលបំណង​រួមគ្នា​ពិចារណា​អំពី​ការ​ធ្វើ​ឱ្យ​សម្រេច​នូវ​គោលដៅ​ដែល​បាន​ឯកភាព និង​ធានា​និរន្ត​ភាព​នៃ​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ រួមចំណែក​ក្នុង​យុទ្ធ​សាស្រ្ត​បញ្ចកោណ ដំណាក់កាល​ទី១របស់ រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ក្រុមការងារ​រាជរដ្ឋាភិបាល-ដៃគូ​អភិវឌ្ឍន៍​ដឹកនាំ​ដោយ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អៀង មូលី និង​លោកស្រី Patricia Ongpin នាយិកា​អង្គការUNAIDSប្រចាំ​កម្ពុជា ជា​សហប្រធាន។ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រួមមាន សមាជិក សមាជិកា ក្រុមការងារ បច្ចេកទេស​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ដែល​ជា តំណាង​ក្រសួង ស្ថាប័ន​រាជរដ្ឋាភិបាល (ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួង​អប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី ក្រសួងផែនការ រដ្ឋបាល​រាជធានី​ភ្នំពេញ) ប្រទេស ម្ចាស់​ជំនួយ​ជា​ដៃគូ​អភិវឌ្ឍន៍ (សហរដ្ឋ​អាម៉េរិក) ស្ថាប័ន អង្គការ​ជាតិ អន្តរជាតិ (UNAIDS, WHO, UNDP, USAID, PEPFAR, CCC, CRS, KHANA, HACC, RHAC, CPN+) ព្រមទាំង​ប្រជាជន​គន្លឹះ និង​យុវជន សរុប​ចំនួន ជាង៥០រូប។

កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​តាមរបៀប​វារៈ​ដូច​ខាងក្រោម ៖
១) ពិនិត្យ​ឡើងវិញ​នូវ​សមាជិកភាព តួនាទី​ភារកិច្ច​នៃ ក្រុមការងារ​បច្ចេកទេស​រួម​រាជរដ្ឋាភិបាល-ដៃគូ​អភិវឌ្ឍន៍ ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍
២)ការ​រួមចំណែក​នៃ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ទៅ​ក្នុង​ផែនការ​ជាតិ​អភិវឌ្ឍន៍​សង្គម ឆ្នាំ២០២៤-២០២៨ ដោយ​ពិនិត្យមើល​នូវ​សូចនាករ​សម្រាប់​ឆ្នាំ២០២៤ ដល់​ឆ្នាំ២០២៨
៣) ទីដៅ (Milestones) សម្រាប់​ឆ្នាំ២០២៤ និង​កាលវិភាគ សម្រាប់​ក្រុមការងារ​បច្ចេកទេស​រួម​រាជរដ្ឋាភិបាល-ដៃគូ អភិវឌ្ឍន៍​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍
៤) គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍ និង​និរន្ត​ភាព​នៃ ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍។

មានប្រសាសន៍​ក្នុង​ពិធី​បើក​កិច្ចប្រជុំ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា ជោគជ័យ​ក្នុង​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅ​កម្ពុជា​ដោយសារ​យើង​មាន​សសរ​ស្តម្ភ៣សំខាន់ ៖ ភាពជា​ម្ចាស់ ភាពជា​ដៃគូ និង​ការ​វិនិយោគ។ កិច្ចប្រជុំ​រួម​រាជរដ្ឋាភិបាល-ដៃគូ​អភិវឌ្ឍន៍​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅ​កម្ពុជា​បាន​ខកខាន​មួយ​រយៈ។ ប៉ុន្តែ នៅក្នុង​នីតិកាល​ថ្មីនេះ​យើង​ធ្វើ​ឱ្យ​មានដំណើរ​ការ​ឡើងវិញ ដើម្បី​ជា​វេទិកា​ផ្លាស់​ប្តូរ​យោបល់ លើកឡើង​ពី​បញ្ហា​ប្រឈម រាយការណ៍​ពី​វឌ្ឍនភាព​ជូន​ដៃគូ និង​ដាក់ទិស​ដៅ ដែល​ដៃគូ​អភិវឌ្ឍ​អាច​ផ្តល់​មតិ​ណែនាំ ក្នុង​ក្របខ័ណ្ឌ​សម្របសម្រួល​ថ្នាក់​ជាតិ តាម​គោលការណ៍​គន្លឹះ​បី​មួយ​របស់​អង្គការUNAIDS ៖ ផែនការ​សកម្មភាព​អេដស៍​តែមួយ ស្ថាប័នជាតិ​ដឹកនាំ​សម្របសម្រួល​ជា​ពហុ​វិស័យ​តែមួយ និង​ប្រព័ន្ធ​ត្រួតពិនិត្យ និង​វាយតម្លៃ​របស់​ប្រទេស​តែមួយ។

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​សង្កត់ធ្ងន់​ថា ចាប់ពី​ឆ្នាំ២០១៥ រាជរដ្ឋាភិបាល​បាន​វិនិយោគ​ក្នុង​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ក្នុង​ពេល​ដែល​ជំនួយ​ពី​ខាងក្រៅ​មានការ​ថយ​ចុះ។ ចុងក្រោយ​នេះ រាជរដ្ឋាភិបាល​បាន​ចូ​លល​រួម​ថវិកា​ទិញ​ឱសថ​ប្រឆាំង​នឹង​មេរោគ​អេដស៍ ប្រមាណ៧០% ដើម្បី​ចែក​ជូន​ដោយ​ឥតគិតថ្លៃ។ គួរ​បញ្ជាក់​ថា ក្នុងរយៈពេល​ប្រមាណ៣០ឆ្នាំ​ចុងក្រោយ​នេះ ការ​ចំណាយ​ក្នុង​ការ ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ មាន ប្រមាណ៨០០លាន​ដុល្លារ។