នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៨៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ទីស្តីការគណៈរដ្ឋមន្រ្តី។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យមើលតួនាទីភារកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងការអនុវត្តគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។
កិច្ចប្រជុំបានដំណើរការទៅតាមរបៀបវារៈ ៖
១) ប្រសាសន៍ស្វាគមន៍និងបើកកិច្ចប្រជុំដោយឯកឧត្តមទេសរដ្ឋមន្ដ្រី
២) ចំណាប់អារម្មណ៍របស់ឯកឧត្តម អាន ជាលី អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី តំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ទីស្តីការគណៈរដ្ឋមន្រ្តី
៣) បទបង្ហាញស្តីពីគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដោយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរ
៤) បទបង្ហាញស្តីពីថាមវន្តនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយឯកឧត្តម ទា ផលា អនុប្រធានអាជ្ញាធរ
៥) កិច្ចពិភាក្សាផ្តល់ធាតុចូល
៦) ប្រសាសន៍ដឹកនាំនិងបូកសរុបបិទកិច្ចប្រជុំដោយឯកឧត្តមទេសរដ្ឋមន្រ្តី។