នៅរសៀលថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង២:៣០ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានកិច្ចប្រជុំពិភាក្សាការងាររវាងឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងឯកឧត្តម Jean-Marc BERTHON ឯកអគ្គរដ្ឋទូតបារាំងទទួលបន្ទុកសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។ ចូលរួមក្នុងជំនួបនេះរួមមាន ឯកឧត្តម អ្នកស្រី លោក និងនាងកញ្ញា ជាអនុប្រធាន អគ្គលេខាធិការ នាយកខុទ្ទកាល័យ មន្រ្តីទទួលបន្ទុកការងារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា លេខាធិការទី១ស្ថានទូតបារាំង អ្នកហាត់ការស្ថានទូតបារាំង និងអ្នកបកប្រែ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្វាគមន៍ឯកឧត្តមឯកអគ្គរដ្ឋទូតនិងសហការីអមដំណើរ និងបានបង្ហាញសមាសភាពសហការីខាងកម្ពុជា និងជម្រាបជូនអំពីការងារដែលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានធ្វើឱ្យសម្រេចនាពេលកន្លងមក។ ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា អាជ្ញាធរស្ថិតនៅក្រោមអំណាចផ្ទាល់របស់គណៈរដ្ឋមន្រ្តី ដែលត្រូវរាយការណ៍ផ្ទាល់ទៅនាយករដ្ឋមន្រ្តី។ នេះជាចំណុចពិសេសរបស់កម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីបានអនុម័តគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដែលត្រូវដាក់ឱ្យអនុវត្តចាប់ពីពេលនេះតទៅ។ ចំពោះគោលដៅ៩៥-៩៥-៩៥ កម្ពុជាសម្រេចបាន៨៦-៩៩-៩៨ គឺបានលើសគោលដៅទី២និងទី៣។ ប៉ុន្តែយើងត្រូវការខិតខំធ្វើឱ្យសម្រេចគោលដៅទី១។
បន្ទាប់ពីណែនាំសហការីអមដំណើរ ឯកឧត្តមឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថ្លែងអំណរគុណកម្ពុជា ដែលមានការសណ្តោសប្រណីចំពោះអ្នកស្រឡាញ់ភេទដូចគ្នា និងបានទទួលយកអនុសាសន៍របស់អង្គការសហប្រជាជាតិអំពីសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។ ទន្ទឹមនឹងនេះ ឯកឧត្តមបានជម្រាបសួរបញ្ជាក់អំពីអាពាហ៍ពិពាហ៍ ការរើសអើង និងច្បាប់ការពារអ្នកប្តូរភេទ។ បារាំងក៏វាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា ហើយបារាំងមានកិត្តិយសជាប្រទេសទី២ដែលផ្តល់ជំនួយ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានជម្រាបសួរបន្ថែមថា តើអ្នកស្រឡាញ់ភេទដូចគ្នាឆ្លងមេរោគអេដស៍ដោយរបៀបណា? តើការប្រយុទ្ធនឹងការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា និងសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នាមានលក្ខណៈបែបណានៅកម្ពុជា?
ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា នៅក្នុងផ្នត់គំនិតប្រជាជនកម្ពុជាគ្មានការរើសអើងការស្រឡាញ់ភេទដូចគ្នាទេ។ ក្នុងសង្គមយើងមានអធ្យាស្រ័យល្អជាមួយអ្នកស្រឡាញ់ភេទដូចគ្នា។ ពួកគាត់អាចរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា។ ប៉ុន្តែ យើងមិនអាចចេញលិខិតអាពាហ៍ពិពាហ៍ ជូនពួកគាត់បានទេ ដោយសារក្នុងច្បាប់រដ្ឋប្បវេណីកម្ពុជា អាពាហ៍ពិពាហ៍ត្រូវធ្វើឡើងរវាងបុរសនិងស្រ្តី។ ផ្ទុយមកវិញ យើងអាចជួយរៀបចំគាត់តាមរបៀបរស់នៅជាមួយគ្នាបាន តាមរយៈការរៀបចំកិច្ចសន្យាស៊ីវិល។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ចំនួនអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាបច្ចុប្បន្នមានប្រមាណ១០ម៉ឺននាក់។
ចំពោះករណីឆ្លងថ្មី កាលពីឆ្នាំ២០១៩ មានអ្នកឆ្លងថ្មីចំនួន៧៨០ករណី។ ប៉ុន្តែ នៅក្នុងឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងមេរោគអេដស៍ថ្មីចំនួន១ ៤០០ករណី។ ក្នុងនោះ ៦០០ករណីជាអ្នកស្រឡាញ់ភេទដូចគ្នាអាយុក្រោម៣០ឆ្នាំ ដែលមិនបានទទួលសារពីហានិភ័យនៃការរួមភេទ។ នេះជាកង្វល់ដែលយើងកំពុងសម្រួចទិសដៅទៅធ្វើការជាមួយយុវវ័យ។ នៅកម្ពុជា យើងបានធ្វើការឈានមុខក្នុងការគាំពារសង្គមដល់ប្រជាជនគន្លឹះ។ ក្នុងនោះ នារីបម្រើសេវាកម្សាន្តទទួលបានបណ្ណប.ស.ស. ដែលពេលមានជំងឺទៅព្យាបាលដោយមិនបង់ប្រាក់។ ទន្ទឹមនឹងនេះ អ្នកផ្ទុកមេរោគអេដស៍ក៏ត្រូវបានទទួលស្គាល់ថាជាប្រជាជនក្រីក្រ និងបានទទួលអត្ថប្រយោជន៍ពីកម្មវិធីគាំពារសង្គម និងប្រាក់ឧបត្ថម្ភផងដែរ។ ហើយចំណុចដែលខុសពីប្រទេសផ្សេងគឺ កម្ពុជាបានអនុញ្ញាតឱ្យមានតំណាងប្រជាជនគន្លឹះនៅគ្រប់លំដាប់ថ្នាក់នៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីឱ្យពួកគាត់លើកបញ្ហាមកជាមួយយើងដើម្បីដោះស្រាយ។ ចំពោះរឿងការរំលោភបំពាន ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នាទេ យើងមិនមានឃើញទេ ហើយអាជ្ញាធរយើងជួយការពារថែមទៀត។ នៅក្នុងច្បាប់ស្តីពីការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ អ្នករើសអើងត្រូវជាប់ទោសព្រហ្មទណ្ឌ។
ជាការចូលរួមមតិ លោកស្រីលេខាទី១ស្ថានទូតបារាំងប្រចាំកម្ពុជាបានគូសបញ្ជាក់ថា មានវិស័យមួយចំនួនដែលកម្ពុជាធ្វើជាគំរូ។ ក្នុងនោះ ការព្យាបាលបង្ការដល់ប្រជាពលរដ្ឋងាយរងគ្រោះ គឺជាគំរូសម្រាប់ប្រទេសនានានៅលើពិភពលោក។ មុននឹងបញ្ចប់ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសន្យាបំពេញការងារយ៉ាងជិតស្និទ្ធជាមួយកម្ពុជា។ ទន្ទឹមនឹងនោះ កម្ពុជាត្រូវការពាររបាយការណ៍នៅហ្សឺណែវ នៅក្នុងកិច្ចប្រជុំនាខែឧសភាខាងមុខ ដែលនឹងធ្វើការបូកសរុបលទ្ធផលនៅពេលនោះ។
ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះពាក្យពេចន៍កោតសរសើរកម្ពុជា ក្នុងការខិតខំប្រឹងប្រែងប្រយុទ្ធនឹងជំងឺអេដស៍ និងសន្យាបន្តសហការជាមួយភាគីបារាំងបន្តទៅមុខទៀត។