នៅព្រឹកថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៨៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង សុខាភិបាល។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យមើលតួនាទីភារកិច្ចរបស់ក្រសួងសុខាភិបាល ក្នុង ការអនុវត្តគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។
មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្វាគមន៍ និងថ្លែងនូវការកោតសរសើរចំពោះក្រសួងសុខាភិបាល ដែលបានប្រឹងប្រែងអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍ ធ្វើឱ្យសម្រេចបាននូវគោលដៅចំនួន២ ក្នុងចំណោមគោលដៅ៩៥ទាំងបី។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីក៏ថ្លែងអំណរគុណចំពោះក្រសួងសុខាភិបាល ដែលបានរៀបចំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ឈានមកដល់ការរៀបចំកិច្ចប្រជុំនៅថ្ងៃនេះ។ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តម អ៊ឹង ភីរុន ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងសុខាភិបាល បានមានចំណាប់អារម្មណ៍និងជូនសមាជិកគណៈកម្មាធិការធ្វើការបង្ហាញខ្លួន។
កិច្ចប្រជុំបានដំណើរការទៅតាមរបៀបវារៈ ដែលបានគ្រោងទុកក្នុងនោះរួមមាន ៖ ១) បទបង្ហាញស្តីពីគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដោយ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរ ២) បទបង្ហាញស្តីពីផែនការយុទ្ធសាស្រ្តដើម្បីបង្ការការរាលដាលជំងឺអេដស៍ ជំងឺកាមរោគ និងថែទាំព្យាបាលអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ និងជំងឺកាមរោគ ក្នុងវិស័យសុខាភិបាល ដោយលោកសាស្រ្តាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ៣) បទបង្ហាញស្តីពីថាមវន្តនៃការឆ្លើយតបនឹង មេរោគអេដស៍ និងជំងឺអេដស៍ ដោយឯកឧត្តម ទា ផលា អនុប្រធានអាជ្ញាធរ ៤) កិច្ចពិភាក្សាផ្តល់ធាតុចូល និង៥) ប្រសាសន៍ដឹកនាំនិងបូកសរុបបិទកិច្ចប្រជុំដោយឯកឧត្តមទេសរដ្ឋមន្រ្តី។
បន្ទាប់ពីបទបង្ហាញ កិច្ចប្រជុំបានពិភាក្សាអំពីចំណុចសំខាន់ៗក្នុងគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ពាក់ព័ន្ធនឹងក្រសួង សុខាភិបាល ដែលត្រូវធ្វើឱ្យសម្រេច។ ក្នុងនោះឯកឧត្តមទេសរដ្ឋមន្រ្តីបានផ្តល់ប្រសាសន៍ការណែនាំឱ្យយកចិត្តទុកដាក់ ៖
១) អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើក ទឹកចិត្តក្រសួងសុខាភិបាល ឱ្យចេញបញ្ជាដល់មន្ទីរពេទ្យ និងគ្លីនិកឯកជនឱ្យផ្តល់របាយការណ៍ទៀងទាត់អំពីទិន្នន័យការព្យាបាលថែទាំជំងឺអេដស៍ ព្រោះទិន្នន័យទាំងនោះនឹងផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយស្តីពីជំងឺអេដស៍។
២) ករណីដែលយើងត្រូវពិចារណា ដូចជាការព្យាបាលលើកុមារផ្ទុកមេរោគអេដស៍យើងសម្រេចបានប្រមាណជា ៦០ភាគរយតែប៉ុណ្ណោះ។ ចំណែកការអត្រាចម្លងមេរោគអេដស៍ពីម្តាយទៅកូន មានប្រមាណជា៩,៩ភាគរយ ដែលត្រូវប្រឹងប្រែងកាត់បន្ថយឱ្យបានខ្លាំងក្លាបន្ថែមទៀត។
៣) ត្រូវបញ្ចូលការឆ្លើយតបនឹងមេរោគអេដស៍ទៅក្នុងប្រព័ន្ធជាតិសុខាភិបាលតែមួយ ដោយឱ្យគ្រប់មន្ទីរពេទ្យទាំងអស់ អាចទទួលការព្យាបាល និងថែទាំជំងឺអេដស៍។
៤) គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន ជាសេនាធិការតាមវិស័យរបស់អាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានប្រកាសបិទកិច្ចប្រជុំ និងបានជូនពរដល់សមាជិកអង្គប្រជុំ ឱ្យប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។