នៅព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៨៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំ «D» អគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៤។
កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន លេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្តទាំង២៥ អង្គការអន្តរជាតិ និងអង្គការសង្គមស៊ីវិល ព្រមទាំងតំណាងក្រុមប្រជាជនគន្លឹះ សរុបចំនួន ១៩១ រូប។
កិច្ចប្រជុំបានដំណើរការទៅតាមរបៀបវារៈ ៖
១) សុន្ទរកថាបើកកិច្ចប្រជុំដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
២) បទបង្ហាញ សេចក្តីព្រាងស្តីពីវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គលើកទី២ ឆ្នាំ២០២៣ បង្ហាញដោយឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
៣) បទបង្ហាញ ស្តីពីការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ បង្ហាញដោយឯកឧត្តម ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
៥) បទបង្ហាញ ស្តីពីការចុះបញ្ជីបុគ្គលបម្រើការងារនៅក្នុងសេវាបម្រើសេវាកម្សាន្ត/ប្រជាជនគន្លឹះ បង្ហាញដោយលោកវេជ្ជបណ្ឌិត សួស ប្រិមប្រិយ តំណាងអង្គការ LHSS និងលោកស្រី លីនដា តំណាងប្រជាជនគន្លឹះ។
៦) សំណួរ ចម្លើយ និងកិច្ចពិភាក្សា។
៧) ពិភាក្សា និងអនុម័តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គលើកទី១ ឆ្នាំ២០២៤ រួមនឹងសូចនាករ សម្រាប់តាមដាន គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។
៨) ពិធីចែកលិខិតសរសើរជូនអ្នកចូលរួមអប់រំផ្សព្វផ្សាយពីមេរោគអេដស៍ និងជំងឺអេដស៍។
៩) សុន្ទរកថា និងអនុសាសន៍បិទអង្គប្រជុំដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។