នៅល្ងាចថ្ងៃសៅរ៍ ៧រោច ខែអាសាធ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានត្រឡប់ពីដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលយូអិនអេដស៍ លើកទី៥៤ នៅក្រុងហ្សឺណែវ ប្រទេសស្វ៊ីស និង សន្និសីទអន្តរជាតិស្តីពីអេដស៍ នៅក្រុងមុយនិច ប្រទេសអាល្លឺម៉ង់។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងពីគណៈប្រតិភូកម្ពុជាបង្ហាញពីសមិទ្ធផលដែលសម្រេចបានក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅក្នុងវេទិកាអន្តរជាតិ។ ក្នុងនោះកម្ពុជាបានដាក់ចេញគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដោយកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤កន្លងទៅ។ ទន្ទឹមនឹងនេះ អង្គការយូអិនអេដស៍បានទទួលស្គាល់ថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១នៅអាស៊ីប៉ាស៊ីហ្វ៊ិក ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ផងដែរ។
ចំពោះសន្និសីទអន្តរជាតិស្តីពីអេដស៍នៅក្រុងមុយនិច មានការបង្ហាញពីការរីកចម្រើនខាងវិទ្យាសាស្ត្រ ដោយអ្នកស្រាវជ្រាវរកឃើញវិធីបង្ការការចម្លងមេរោគអេដស៍តាមរយៈការចាក់ថ្នាំ២ដងក្នុងមួយឆ្នាំ និងវិធីព្យាបាលឱ្យជាដាច់(បច្ចុប្បន្នបាន៧នាក់)ផងដែរ។ ប៉ុន្តែ វិធីសាស្ត្រចាក់ថ្នាំបង្ការត្រូវឆ្លងការពិនិត្យពីអង្គការសុខភាពពិភពលោកជាមុនសិន ហើយថ្នាំក៏អាចមានតម្លៃថ្លៃ។ បន្ថែមពីលើនោះ ក៏មានការព្រួយបារម្ភពីការកាត់បន្ថយការឆ្លងថ្មីដែលគោលដៅឆ្នាំ២០២៥ថាឱ្យមានចំនួន ៣៧០០០០នាក់នៅជុំវិញពិភពលោកនោះ នៅក្នុងឆ្នាំ២០២៣មានអ្នកឆ្លងថ្មី១,៣លាននាក់នៅឡើយ។ ឯថវិកាឆ្លើយតបក៏មានការថយចុះផងដែរ។ ប៉ុន្តែ ថ្នាក់ដឹកនាំអង្គការអន្តរជាតិទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ដូចជាអង្គការយូអិនអេដស៍ជាដើមលើកមតិឡើងថា គោលដៅបញ្ចប់អេដស៍នៅឆ្នាំ២០៣០ នៅតែអាចសម្រេចបាន ប្រសិនបើជំនួយហិរញ្ញវត្ថុមិនត្រូវបានកាត់បន្ថយ និងការគោរពសិទ្ធមនុស្សត្រូវបានលើកកម្ពស់គ្រប់ទីកន្លែង។