នៅរសៀលថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ចាប់ពីម៉ោង៣ នៅអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយពីការគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍CLV-DTA។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី ព្រមទាំងមន្រ្តីជាប់កិច្ចសន្យាទាំងអស់នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលត្រូវបានរៀបចំ ឡើងដើម្បីផ្សព្វផ្សាយ បំផុសឱ្យមានការគាំទ្រ ព្រមទាំងជឿជាក់លើរាជរដ្ឋាភិបាល។
ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការបានធ្វើបទបង្ហាញជំនួយស្មារតីស្តីពី កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-វៀតណាម-ឡាវ(CLV-DTA)ជូនកិច្ចប្រជុំ។
មានប្រសាសន៍ទៅកាន់កិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានលើកឡើងថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍CLV-DTAបានផ្តល់ផល ប្រយោជន៍ដល់ការអភិវឌ្ឍ និងជំរុញកិច្ចសហប្រតិបត្តិការនៅតាមព្រំដែន។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្នើ ឱ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ចូលរួមគាំទ្រមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារនិងអភិវឌ្ឍជាតិ ក្នុងស្មារតី មហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យ និង បូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្នើឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ទាំងអស់គ្នា ណែនាំកូនចៅក៏ដូចជាសមាជិកគ្រួសារឱ្យជឿជាក់លើ រាជរដ្ឋាភិបាល និងកុំស្តាប់ពួកប្រឆាំងជ្រុលនិយមដែលឃោសនាញុះញង់ ហើយខិតខំពង្រឹងការងារទៅតាមភារកិច្ចរៀងខ្លួន។