នៅព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ចាប់ពីម៉ោង៩ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិភាក្សាលើបទអន្តរាគមន៍នៃការរឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍ជាមួយក្រុមប្រជាជនគន្លឹះ។ កិច្ចប្រជុំនេះមានការចូលរួមពី តំណាងប្រជាជនគន្លឹះដែលរួមមានអ្នកផ្ទុកមេរោគអេដស៍ ក្រុមបុរសរួមភេទជាមួយបុរស អ្នកបំប្លែងភេទ អ្នកប្រើប្រាស់សារធាតុញៀន និងអ្នកធ្វើការនៅកន្លែងកម្សាន្តសប្បាយ តំណាងអង្គការស៊ីវិលដែលធ្វើការងារអេដស៍(HACC, RHAC, CWPD, KHANA, CPN+, AUA, ឈូកស បណ្តាញចតុមុខ) ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីពិភាក្សារកវិធីសាស្រ្តក្នុងការជំរុញឱ្យក្រុមប្រជាជនគន្លឹះចងក្រងគ្នា ហើយនាំអ្នកដែលមិនទាន់ដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍មកធ្វើតេស្ត។ តាមគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ប្រជាជនគន្លឹះមានតួនាទីសំខាន់។ ក្នុងនោះ យើងត្រូវគាំទ្រនិងជំរុញតំណាងអ្នកផ្ទុកមេរោគអេដស៍ តំណាងប្រជាជនគន្លឹះ និងតំណាងសហគមន៍ងាយរងគ្រោះ ឱ្យចូលរួមក្នុងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងយន្តការពាក់ព័ន្ធនឹងការឆ្លើយតបនឹងមេរោគអេដស៍នៅគ្រប់លំដាប់ថ្នាក់។
មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានលើកឡើងថា កម្ពុជាយើងមានចំណាត់ថ្នាក់លើគេនៅតំបន់អាស៊ីប៉ាស៊ីហ៊្វិកជាប្រទេសដែលកំពុងបំបាត់អេដស៍បានលើសពី៨៦%។ ក្នុងនោះ គោលដៅ៩៥-៩៥-៩៥ កម្ពុជាយើងបានជោគជ័យលើគោលដៅ៩៥ទី២និងទី៣រួចហើយ(បាន៩៨%) នៅតែគោលដៅ៩៥ទី១ដែលយើងនៅខ្វះ គឺបានតែ៨៩%។ ដូច្នេះហើយបានជាយើងរៀបចំកិច្ចប្រជុំនេះ ដើម្បីពិភាក្សាគ្នាឱ្យបងប្អូនប្រជាជនគន្លឹះ និងអង្គការសង្គមស៊ីវិល ចងក្រងប្រទាក់ក្រឡាគ្នាជំរុញឱ្យអ្នកមិនទាន់ដឹងស្ថានភាពរបស់ខ្លួនមកធ្វើតេស្តរកមេរោគអេដស៍។ បច្ចុប្បន្ន អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជាមានប្រមាណ៧៦០០០នាក់ ហើយអ្នកកំពុងមកទទួលសេវាព្យាបាលមានប្រមាណ៦៨០០០នាក់។ ដូច្នេះ យើងនៅខ្វះអ្នកផ្ទុកប្រមាណ៨០០០នាក់ ដែលមិនទាន់ចូលក្នុងប្រព័ន្ធនិងមកធ្វើតេស្ត។ ក្នុងចំណោមក្រុមនេះ អាចជាអ្នកចំណាកស្រុក ឬសំងំព្យាបាលនៅមន្ទីរពេទ្យ ឬគ្លីនិកឯកជន។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់បញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការបញ្ចប់អេដស៍ដោយដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវីធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ កាលពីខែមីនាកន្លងទៅនេះ។ ក្នុងនោះ ការព្យាបាលជំងឺអេដស៍គឺធ្វើឡើងដោយមិនគិតប្រាក់ និងចូលរួមថវិកាទិញឱសថប្រឆាំងមេរោគអេដស៍ចំនួន៥លានដុល្លាក្នុងមួយឆ្នាំ ហើយអ្នកផ្ទុកមេរោគអេដស៍បានទទួលអត្ថប្រយោជន៍ពីកម្មវិធីគាំពារសង្គមផងដែរ។
នៅក្នុងដំណើរការនៃកិច្ចប្រជុំមានបទបង្ហាញស្តីពីការចូលរួមការឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍របស់ក្រុមប្រជាជនគន្លឹះ ដោយតំណាងគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព(HACC) និងអង្គការថែទាំសុខភាពគ្រួសារកម្ពុជា (RHAC)។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការចុះទៅជួបប្រជាជនគន្លឹះមិនងាយស្រួលទេ គឺមានការលំបាកណាស់។ រឿងពិបាកក្នុងការធ្វើការងារអេដស៍ គឺដោយសារការអៀនខ្មាស់នៅមាន ហើយការរើសអើងក៏នៅមាន។ ជាបទពិសោធន៍ យើងត្រូវរៀនសូត្រពីសកម្មជន និងប្រជាជនគន្លឹះដែលនៅផ្ទាល់ជាមួយអ្នកផ្ទុក ដែលដឹងសុខទុក្ខ ការលំបាក និងមានវិធីសាស្រ្តក្នុងទំនាក់ទំនង។ បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសួរបញ្ជាក់នៅក្នុងកិច្ចពិភាក្សាទៅតំណាងអង្គការ និងប្រជាជនគន្លឹះថាតើHACC និងRHAC អាចពង្រីកទៅខេត្តផ្សេងក្រៅពីខេត្តដែលកំពុងគ្របដណ្តប់ទាំង១២ និង១៣ខេត្តដែរឬទេ? តើនៅក្នុងខេត្តទាំងនោះបានចូលរួមក្នុងគណៈកម្មាធិការអេដស៍ដែរឬទេ? តើប្រជាជនគន្លឹះដែលចូលក្នុងប្រព័ន្ធ អាចទាក់ទាញអ្នកនៅក្រៅប្រព័ន្ធចូលបានដែរឬទេ? និងតើមានអ្វីខ្លះចង់ឱ្យអាជ្ញាធរដឹងឮ?
ជាការឆ្លើយតបតំណាងអង្គការបានបញ្ជាក់ថា អាចពង្រីកការគ្របបណ្តប់ដល់១៥ខេត្ត។ ចំពោះការចូលរួមជាមួយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គឺបានចូលរួមក្នុងខេត្តមួយចំនួន។ ឯការទាក់ទាញអ្នកក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធនៅមានកម្រិតគឺដោយសារប្រជាជនគន្លឹះនៅមានការខ្មាស់អៀន។ ក្នុងនោះ បញ្ហាប្រឈមនិងសំណូមពរដែលតំណាងប្រជាជនគន្លឹះលើកឡើងរួមមាន៖ ១- នារីបម្រើសេវាកម្សាន្តសប្បាយដែលមិនបានទទួលសេវាអប់រំ ខ្វះការយល់ដឹង មានការមាក់ងាយរើសអើងខ្លួនឯង អៀនខ្មាស់ លាក់មុខ។ ដូច្នេះ ស្នើឱ្យមានការការអប់រំ និងចូលរួមក្នុងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺ អេដស៍នៅតាមសហគមន៍ ២- ក្រុមបុរសរួមភេទជាមួយបុរស និងអ្នកបំប្លែងភេទចង់បានសេវាសុខភាពផ្លូវចិត្ត ការព្យាបាលជំងឺសេមាន់ដោយមិនគិតថ្លៃ ៣- ក្រុមយុវជនវ័យក្មេង ស្នើឱ្យមានការផ្សព្វផ្សាយនៅតាមសាលារៀន តាមរោងកុន និងទបស្កាត់ការលក់ដូរសារធាតុញៀន ៤- តំណាងអ្នកផ្ទុកមេរោគអេដស៍បានបញ្ជាក់ថា កន្លែងផ្តល់ឱសថប្រឆាំងនឹងមេរោគអេដស៍បានផ្តល់សេវាល្អប្រសើរហើយ។ ប៉ុន្តែ ស្នើឱ្យពិនិត្យការគ្របដណ្តប់ក្នុងផ្តល់សេវាសុខាភិបាលចំពោះអ្នកដែលមានបណ្ណមសស ព្រមទាំងយកចិត្តទុក ដាក់ចំពោះអ្នកផ្ទុកមេរោគដែលជាប់ក្នុងពន្ធនាគារផងដែរ និង៥- តំណាងអង្គការសង្គមស៊ីវិលស្នើសុំឱ្យការចូលរួមក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍មាននូវ ការអប់រំ ការបង្ការ សេវាសុខភាព និងសេដ្ឋកិច្ច។
បន្ទាប់ពីការឆ្លើយតបនិងពន្យល់បញ្ជាក់ពីឯកឧត្តម អ៊ឹង ភីរុន រដ្ឋលេខាធិការ ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងសុខាភិបាល និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តីបានធ្វើការកត់សម្គាល់ថា ការងារប្រយុទ្ធនឹងជំងឺអេដស៍នៅមានកង្វះខាតដែលត្រូវធ្វើការកែលម្អ។ ឯកឧត្តមបានណែនាំថា នៅពេលប្រជុំក្រុមប្រឹក្សាបច្ចេកទេស ត្រូវមានវេទិកាមួយសម្រាប់ប្រជាជនគន្លឹះលើកឡើងពីបញ្ហា ដើម្បីចូលរួមជួយដោះ បើដោះមិនបានត្រូវលើកសំណើមកថ្នាក់លើ។ បន្ថែមលើនេះ អង្គការក្រៅរដ្ឋាភិបាល និងប្រជាជនគន្លឹះត្រូវត្រៀមខ្លួនចូលរួមប្រជុំអន្តរក្រសួង ដោយបង្ហាញថាសេវារបស់បងប្អូនសំខាន់ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្តាប់ ព្រមទាំងជួយរកមធ្យោបាយហិរញ្ញវត្ថុគាំទ្រ។ ចំណែកឯកិច្ចប្រជុំអន្តរក្រសួងមួយទៀតនឹងត្រូវរៀបចំឡើង ដើម្បីពិនិត្យនីតិវិធីនៃការប្រើប្រាស់បណ្ណបសស មសស របស់ប្រជាជនគន្លឹះ។