នៅរសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង២ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Patricia Ongpin នាយិការអង្គការយូអិនអេដស៍ប្រចាំកម្ពុជា។ អញ្ជើញចូលរួមក្នុងជំនួបនៅរួមមាន ឯកឧត្តមអនុប្រធាន អគ្គលេខាធិការ នាយកខុទ្ទកាល័យ និងទីប្រឹក្សាអង្គការយូអិនអេដស៍ផងដែរ។
នៅក្នុងប្រសាសន៍ស្វាគមន៍ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវអំពីទស្សនកិច្ចទៅកាន់មន្ទីរពេទ្យនៅខេត្តស្រះកែវ និងចន្ទបុរីនៃប្រទេសថៃ និងកិច្ចប្រជុំនៅខេត្តបន្ទាយមានជ័យនិងប៉ៃលិនកាលពីដើមខែតុលានេះ។ ក្នុងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសនឹងទៅពិភាក្សាលម្អិតជាមួយភាគីថៃ ដើម្បីរៀបចំអនុស្សរណៈនៃការយោគយល់ ក្នុងការផ្តល់សេវាអេដស៍ដល់ពលករកម្ពុជា នៅក្នុងប្រទេសថៃ។
បន្ទាប់មក លោកស្រីនាយិកាបានសម្តែងការសាទរចំពោះមគ្គុទ្ទេសភាពរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក្រោមការដឹកនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី និងបានលើកឡើងពីជំនួយបច្ចេកទេសដែលអង្គការយូអិនអេដស៍កំពុងជួយដល់អាជ្ញាធររួមមានការគាំទ្រក្នុងការផ្តល់ទីប្រឹក្សាបច្ចេកទេសលើ : ១- ក្រុមការងាររួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍ ២- ការវាយតម្លៃលើការបង្ការ និង៣- សហគមន៍ សិទ្ធិ និងយេនឌ័រ។ ទន្ទឹមនឹងនេះ លោកស្រីនាយិកាក៏បានលើកឡើងពី: ១- ការរៀបចំកិច្ចប្រជុំរួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍ ២- ការចូលរួមកិច្ចប្រជុំលើកទី៥៥នៃក្រុមប្រឹក្សាសម្របសម្រួលអង្គការយូអិនអេដស៍ និងទស្សនកិច្ចរបស់លោកស្រីនាយិកាប្រតិបត្តិអង្គការយូអិនអេដស៍នៅកម្ពុជា។ ចំពោះ សមាជិកភាពរបស់កម្ពុជានៅក្នុងក្រុមប្រឹក្សាសម្របសម្រួលយូអិនអេដស៍ លោកស្រីនាយិកាបានថ្លែងការកោតសរសើរដែលកម្ពុជាបានរៀបចំឱ្យមាននិងបានអានសេចក្តីថ្លែងការណ៍អាស៊ាននៅក្នុងកិច្ចប្រជុំលើកទី៥៤កន្លងទៅ ដែលមិនធ្លាប់មានក្នុងចំណោមប្រទេសនៅអាស៊ី។
ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្រេចថា នឹងសហការរៀបចំកិច្ចប្រជុំរួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីនឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលយូអិនអេដស៍ លើកទី៥៥ នៅណៃរ៉ូប៊ី ប្រទេសកេនយ៉ា នាសប្តាហ៍ទី២ ខែធ្នូផងដែរ។ ចំពោះ គម្រោងទស្សនកិច្ចរបស់លោកស្រីនាយិកាប្រតិបត្តិ ភាគីទាំងបានឯកភាពថាគួរធ្វើឡើងក្នុងខែឧសភា ឆ្នាំ២០២៥។
មុននឹងទីបញ្ចប់ លោកស្រី Patricia Ongpin បានសង្កត់ធ្ងន់ថា កម្ពុជាបានបន្សល់ទុកនូវមរតកសម្រាប់ក្រុមប្រឹក្សាសម្របសម្រួលយូអិនអេដស៍ ដោយបាននាំមុខ ដាក់ចេញនូវនិន្នាការសម្រាប់អ្នកបន្តវេន។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់អំពីកិច្ចប្រឹងប្រែងក្នុងការគាំទ្រអង្គការសង្គមស៊ីវិលដែលធ្វើការងារអេដស៍ និងថ្លែងអរគុណអង្គការយូអិនអេដស៍ ដែលបាននិងកំពុងគាំទ្រទាំងថវិកានិងបច្ចេកទេសដល់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។