ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

​សិក្ខាសាលា​អប់រំ​ផ្សព្វផ្សាយ​ពី​មេរោគ​អេដស៍​និង​ជំងឺអេដស៍​ជូន​ដល់​សិល្បករ សី​ល្បកា​រិនី​
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៤
​កិច្ចប្រជុំ​លើក​ទី៥៤នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៤
​ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ លើក​ទី២ ឆ្នាំ២០២៤

នៅ​ព្រឹក​ថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពី​ម៉ោង៨៖០០ព្រឹក នៅ​សាល​ប្រជុំD អគារ​មិត្តភាព​នៃ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ លើក​ទី២ ឆ្នាំ២០២៤។ កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ក្រសួង ស្ថាប័ន រាជធានី ខេត្ត និង​ក្រុមការងារ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ក្រសួង ស្ថាប័ន ព្រមទាំង​ប្រធាន​លេខាធិការ​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​រាជធានី ខេត្ត​ទាំង២៥ អង្គការ​អន្តរជាតិ និង អង្គការ​សង្គម​ស៊ីវិល សរុប​ចំនួន២០៤នាក់។
នៅក្នុង​ឱកាស​បើក​កិច្ចប្រជុំ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​ថ្លែងអំណរគុណ​ក្រសួង ស្ថាប័ន រាជធានី ខេត្ត​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ក្នុង​ការជំរុញ និង​ចូលរួម​អនុវត្ត​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ២០២៣-២០២៨ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ដាក់ចេញ​កាលពី​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ។ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​គូសបញ្ជាក់​ថា ក្នុង​គោលបំណង​ធានា​បាន​នូវ​ភាពជា​ម្ចាស់​ក្នុង​ការរៀបចំ​យន្តការ​ឆ្លើយតប​មេរោគ​អេដស៍​និង​ជំងឺអេដស៍ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​រៀបចំផែនការ​យុទ្ធសាស្ត្រ និង​សម្របសម្រួល​ការអនុវត្ត​ផែនការ​សកម្មភាព រួម​នឹង​ការ​តាមដាន វាយតម្លៃ​ការ​ឆ្លើយតប​មេរោគ​អេដស៍​និង​ជំងឺអេដស៍ ដោយ​ផ្តោត​លើ​គោលដៅ៩៥-៩៥-៩៥ជាចម្បង។
ទន្ទឹម​នឹង​នេះ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​សង្កត់ធ្ងន់​ថា យើង​បាន​និង​កំពុង​កសាង​បាន​នូវ​ចីរភាព​នៃ​ការ​ឆ្លើយតប​ជា​ពហុ​វិស័យ ដោយ​ការចូលរួម​ពី​គ្រប់​ក្រសួង ស្ថាប័ន ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍ អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន ជាពិសេស​បណ្ដាញ​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ក្រុមប្រជាជន​គន្លឹះ។
នៅក្នុង​ដំណើរការ កិច្ចប្រជុំ​បាន​ស្តាប់​បទ​បង្ហាញ​ស្តី​ពី​សេចក្តី​ព្រាង​វឌ្ឍនភាព​នៃ​ការអនុវត្ត​សេចក្តី​សម្រេចចិត្ត​កិច្ចប្រជុំ​ពេញអង្គ លើក​ទី១ ឆ្នាំ២០២៤ ដោយ​ឯកឧត្តម​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បទ​បង្ហាញ​ស្តី​ពី​ការសម្រប​សម្រួល​ផ្តល់​កញ្ចប់​សេវា​សង្គម​សម្រាប់​ប្រជាជន​គន្លឹះ ដើម្បី​រួមចំណែក​ឆ្លើយតប​នឹង​មេរោគ​អេដស៍​និង​ជំងឺអេដស៍ ដោយ​តំណាង​បេឡា​ជាតិ​សន្តិសុខ​សង្គម​នៃ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​តំណាង​ក្រសួងផែនការ ព្រមទាំង​បាន​ពិនិត្យ​និង​ពិភាក្សា​លើ​សេចក្តី​សម្រេចចិត្ត​កិច្ចប្រជុំ​ពេញអង្គ លើក​ទី២ ឆ្នាំ២០២៤ផង​ដែរ។
បន្ទាប់ពី​ការពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ដ៏​ទូលំទូលាយ​មក កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​លើក​ទី២ ឆ្នាំ២០២៤ បាន​ដាក់ចេញ​នូវ​សេចក្តី​សម្រេចចិត្ត​ដូច​ខាងក្រោម៖
១- ចូលរួម​អនុវត្ត​ឱ្យ​បាន​ជោគជ័យ​នូវ​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍ និង​ចីរភាព​កម្មវិធី អេដស៍ សម្រាប់​ឆ្នាំ២០២៣២០២៨ របស់​រាជរដ្ឋាភិបាល​កម្ពុជា។
២- ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សម្របសម្រួល​ការអនុវត្ត​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍ និង​ចីរភាព​កម្មវិធី​អេដស៍ សម្រាប់​ឆ្នាំ២០២៣២០២៨ ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់។
៣- ក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវ​បង្កើន​ការយល់​ដឹងពី​ហានិភ័យ​នៃ​មេរោគ​អេដស៍​ដល់​ប្រជាជនទូទៅ តាម​វិ​ស័យ​រៀងៗខ្លួន និង​ដើម្បី​ប្រកាន់​ខ្ជាប់​នូវ​វិធានការ​បង្ការ​ការ​ឆ្លង​រាលដាល​មេរោគ​អេដស៍ ជាពិសេស​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ក្រសួងព័ត៌មាន។
៤- គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​អេដស៍​ក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវ​ខិតខំ​ស្វែងរក​អ្នក​សង្ស័យ​ថា​ផ្ទុកមេរោគ​អេដស៍​ប្រមាណ​ជិត៧០០០នាក់​ដែល​មិនទាន់​ដឹងពី​ស្ថានភាព​មេរោគ​អេដស៍ និង​ទាក់ទាញ​ពួក​គេ​ឱ្យមក​ធ្វើតេស្ត​រក​មេរោគ​អេដស៍។
៥- ក្រសួងសុខាភិបាល​បន្ត៖
កាត់បន្ថយ​ការ​ចម្លង​មេរោគ​អេដស៍​ពី​ម្តាយ​ទៅ​កូន ឱ្យ​ធ្លាក់ចុះ​ដល់​កម្រិ​តតិង​ជាង៥% ដើម្បី​សម្រេច​បាន​គោលដៅ​លុបបំបាត់​ការ​ចម្លង​មេរោគ​អេដស៍​ពី​ម្តាយ​ទៅ​កូន។
ជំរុញ​បញ្ចូល​សេវា​ថែទាំ​ជំងឺអេដស៍ ទៅ​ក្នុង​ប្រព័ន្ធ​សុខាភិបាល​ទាំងស្រុង រួមមាន​ការ​បង្កើន​ចំនួន​ទីតាំង​ធ្វើតេស្ត និង​ធានា​បានការ​ព្យាបាល​ដល់​គ្រប់​អ្នកមាន​លទ្ធផល​វិជ្ជមាន​មេរោគ​អេដស៍។
ជំរុញ​មូលដ្ឋាន​សុខាភិបាល​ឯកជន ឱ្យ​ផ្តល់​របាយការណ៍​ស្តី​ពី​ការ​ធ្វើតេស្ត និង​ព្យាបាល​ជំងឺអេដស៍ ដើម្បី​ដាក់បញ្ចូល​ព័ត៌មាន​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​របស់ក្រ​សួង​សុខាភិបាល។
៦- ចំពោះ​អ្នក​ផ្ទុកមេរោគ​អេដស៍​ដែល​ជា​អនីតិជន ក្រសួងសុខាភិបាល​ត្រូវ​បង្កើន​សេវា​ថែទាំ និង​ព្យាបាល​ជំងឺអេដស៍​ដល់​កុមារ​ផ្ទុកមេរោគ​អេដស៍ ដោយ​យក​ផលប្រយោជន៍​របស់​ពួក​គេ​ជា​មូលដ្ឋាន។ ក្នុងករណី​មានការ​ព្រមព្រៀង​ពីអ​នីតិជន ហើយ​ការ​ធ្វើតេស្ត​រក​មេរោគ អេដស៍​ផ្តល់​អត្ថ​ប្រយោជន៍​ផ្ទាល់​ចំពោះ​អនីតិជន ក្រសួងសុខាភិបាល​ត្រូវ​ណែនាំ​ឱ្យ​អ្នក​ផ្តល់​សេវា​ធ្វើតេស្ត​នោះ​ធ្វើ​បាន​ដោយ​ពុំ​ចាំបាច់​មានការ​យល់ព្រម​ពី​អាណាព្យាបាល​ឡើយ។
៧- គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​រាជធានី ខេត្ត ប្រើប្រាស់​កញ្ចប់​ថវិកាជាតិ​សម្រាប់ គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​រាជធានី ខេត្ត និង​ថវិ​កាដ​ទៃ​ទៀត​ក្នុង៖
ការបង្កើត ឬធ្វើ​បច្ចុប្បន្នភាព​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ គ្រប់​ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដោយមាន​បញ្ចូល​តំណាង​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ប្រជាជន​គន្លឹះ ក្នុងករណី​ចាំបាច់ ឱ្យ​បាន​ត្រឹម​ត្រីមាស​ទីមួយ ឆ្នាំ២០២៥។
សម្របសម្រួល​អន្តរាគមន៍​បង្ការ ពង្រឹង​កម្មវិធី​ស្រោម​នា​ម័យ១០០% ការ​ផ្តល់​សេវា​មេត្រី​នៃ​គ្លីនិក​សុខភាព​គ្រួសារ បរិយាកាស​គាំទ្រ និង​ការ​ធ្វើតេស្ត​រក​មេរោគ​អេដស៍ ផ្តោត​លើ​ប្រជាជន​ដែល​មាន​ហានិភ័យ​ខ្ពស់ ជាអាទិ៍​ក្រុម​យុវវ័យ​បុរស​រួមភេទ​ជាមួយ​បុរស។
ធ្វើ​ឱ្យ​សម្រេចការ​ចុះបញ្ជី​ផ្តល់​បណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល ដល់​ក្រុមប្រជាជន​គន្លឹះ​ឱ្យ​បាន៥០% នៅ​ដំណាច់​ឆមាស​ទី១ ឆ្នាំ២០២៥ ដោយ​សហការ​ជាមួយ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មន្ទីរ​ទេសចរណ៍ បេឡា​ជាតិ​សន្តិសុខ​សង្គម សាខា​ខេត្ត ខណ្ឌ និង​អាជ្ញាធរ​មានសមត្ថកិច្ច។
បង្កើន​សមត្ថភាព​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ក្រុង ស្រុក ខណ្ឌ ឱ្យ​បាន​យល់ដឹង និង​អនុវត្ត​គោលការណ៍​បង្ការ​ជាក់លាក់ (ចំ​ប្រជាជន​គោលដៅ ចំ​ទីតាំង​ចំ​ពេលវេលា ប្រើ​អន្តរាគមន៍​សមស្រប ប្រើប្រាស់​ទិន្នន័យ និង​ប្រើ​ធនធាន​វៃឆ្លាត) ដើម្បី​រៀបចំផែនការ​សកម្មភាព និង​វិភា​ជថវិកា។
៨- អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ត្រូវ​រៀបចំ​បង្កើត​ក្រុមការងារ​ធានា​ចីរភាព​ដែល​មាន​សមាសភាព​ពី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ការអនុវត្ត​ផែនទី​បង្ហាញផ្លូវ​ចីរភាព​នៃ​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍​និង​ជំងឺអេដស៍ ឆ្នាំ២០២៣-២០២៩។
កិច្ចប្រជុំ​បាន​បញ្ចប់​នៅ​វេលា​ម៉ោងដប់​ពីរ​និង​ម្ភៃប្រាំ​នាទី ប្រកបដោយ​លទ្ធផល​ជា​ផ្លែផ្កា។ ជាទីបញ្ចប់ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​ជូនពរ​ដល់​សមាជិក​អង្គប្រជុំ ឱ្យ​ប្រទះ​តែ​នឹង​ពុទ្ធពរ​ទាំងបួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕