នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីម៉ោង៨៖០០ព្រឹក នៅសាលប្រជុំD អគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៤។ អញ្ជើញចូលរួមក្នុងសន្និបាតរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន ព្រមទាំងប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្តទាំង២៥ អង្គការអន្តរជាតិ និងអង្គការសង្គមស៊ីវិល។
ថ្លែងនៅក្នុងពិធីបើកសន្និបាត ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្នុងរយៈពេលមួយឆ្នាំនេះ យើងបានបំពេញភារកិច្ចយ៉ាងសកម្មរួមគ្នា ដើម្បីឈានទៅបញ្ចប់ការឆ្លងរាលដាលមេរោគអេដស៍និងជំងឺអេដស៍ ក្នុងដំណាក់កាលដែលស្ថានភាពថវិកាមានបញ្ហាប្រឈម រួមនឹងនិន្នាការធ្លាក់ចុះនៃហិរញ្ញប្បទានក្រៅប្រទេស។ នៅក្នុងរយៈពេលផ្ទេរដំណាក់កាលនេះ យើងទាំងអស់គ្នាចាប់ផ្តើមបំពេញតួនាទីក្នុងភាពជាម្ចាស់ រួមនឹងការពង្រឹងភាពជាអ្នកដឹកនាំ ជាពិសេសការទទួលខុសត្រូវរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៅតាមបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត រួមជាមួយអង្គការដៃគូ ក្នុងការពង្រីកសក្តានុពលនៃបទអន្តរាគមន៍នានា ក៏ដូចជាធ្វើការសិក្សាស្រាវជ្រាវ និងជំរុញលើកទឹកចិត្តអ្នកសង្ស័យថាផ្ទុកមេរោគអេដស៍ ឱ្យមកទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ ដើម្បីឈានឆ្ពោះទៅសម្រេចបានគោលដៅ៩៥ទីមួយ(គោលដៅ៩៥-៩៥-៩៥ យើងសម្រេចបាន៨៩-៩៨-៩៨)។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីសុឆន្ទៈនយោបាយដ៏មោះមុតឆ្ពោះទៅសម្រេចបាននូវគោលដៅ និងការបញ្ចប់ការគំរាមកំហែងពីមេរោគអេដស៍និងជំងឺអេដស៍ ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតនិងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមគាំទ្រយ៉ាងសកម្ម ទូលំទូលាយ និងពហុវិស័យពីបណ្តាស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន អ្នកផ្ទុកមេរោគអេដស៍ និងក្រុមប្រជាជនគន្លឹះ។
នៅក្នុងដំណើរការ អង្គសន្និបាតបានស្តាប់បទបង្ហាញស្តីពី៖ ១- ទិន្នន័យការត្រួតពិនិត្យដែល ដឹកនាំដោយសហគមន៍ (Community Led Monitoring, CLM) ដើម្បីពន្លឿនដំណោះស្រាយឆ្ពោះទៅសម្រេចគោលដៅ៩៥-៩៥-៩៥ ២- ឥរិយាបថប្រឈមរបស់យុវវ័យ ៣- វិធីសាស្ត្រទប់ស្កាត់ការចម្លង មេរោគអេដស៍ ម=ម ៤- លទ្ធផលនៃគម្រោងពង្រឹងប្រព័ន្ធសហគមន៍ ៥- ការផ្តល់សេវាមេត្រី នៅមណ្ឌលសុខភាពទួលគោក ៦- បទពិសោធន៍នៃការប្រើប្រាស់ហិរញ្ញប្បទានក្នុងស្រុក ក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍នៅខេត្តព្រៃវែង ៧- បទពិសោធន៍នៃការប្រើប្រាស់ហិរញ្ញប្បទានក្នុងស្រុក ក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍នៅរាជធានីភ្នំពេញ និង៨- លទ្ធផលបឋមនៃការវាយតម្លៃកម្មវិធីបង្ការមេរោគអេដស៍ជាពហុវិស័យ ក្នុងប្រទេសកម្ពុជា។
មុននឹងថ្លែងបិទសន្និបាត ឯកឧត្តមទេសរដ្ឋមន្រ្តីបានផ្តល់នូវអនុសាសន៍ចំនួន៦ដូចខាងក្រោម៖
១- ធានាឱ្យបាននូវចីរភាព និងភាពធន់នៃការឆ្លើយតបទៅនឹងមេរោគអេដស៍និងជំងឺអេដស៍ នៅគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសនៅក្នុងឃុំ សង្កាត់ទាំងអស់ ទូទាំងប្រទេស និងធ្វើការបញ្រ្ជាប ព្រមទាំងបញ្ចូលសកម្មភាពឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍ទៅក្នុងផែនការរួមរបស់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ស្រុក ខណ្ឌ និងឃុំ សង្កាត់។
២- ពង្រឹងនិងពង្រីកសេវាបង្ការ ធ្វើតេស្ត និងថែទាំព្យាបាលមេរោគអេដស៍និងជំងឺអេដស៍រួមគ្នា ជាពិសេសលើក្រុមប្រឈម និងក្រុមយុវវ័យនៅតាមសហគមន៍ ដោយអនុវត្តនូវការប្រើប្រាស់ស្រោមអនាម័យ១០០% លេបថ្នាំបង្ការជាមុនការប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ (PrEP) វិធីលេបថ្នាំបង្ការក្រោយពេលមានការប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍(PEP) និងការធ្វើតេស្តរកមេរោគអេដស៍ដោយខ្លួនឯង(HIV Self-Testing) រួមនឹងការប្រើប្រាស់ ឱសថប្រឆាំងនឹងមេរោគអេដស៍ឱ្យបានត្រឹមត្រូវ។
៣- អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នឹងខិតខំធានាឱ្យបាននូវការសម្របសម្រួលជាពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ ដោយមានការចូលរួមប្រកបដោយបរិយាបន្ន ពីមូលដ្ឋាន និងសហគមន៍ដែលត្រូវធ្វើជាម្ចាស់ ព្រមទាំងផ្តោតលើប្រជាពលរដ្ឋជាធំ ដើម្បីធានាបាននូវភាពធន់និងចីរភាព។
៤- រក្សាស្រោមអនាម័យឱ្យមាននៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា ដែលត្រូវការប្រើប្រាស់ប្រកប ដោយគុណភាពខ្ពស់ និងបន្តលើកទឹកចិត្តដល់ក្រុមយុវវ័យដែលរួមភេទដូចគ្នាឱ្យទៅធ្វើតេស្តរកមេរោគអេដស៍ និងប្រើប្រាស់កម្មវិធីបង្ការការចម្លងមេរោគអេដស៍តាមរយៈការប្រើស្រោម អនាម័យ១០០% នៅរាល់ពេលរួមភេទជាមួយដៃគូ ជាពិសេសដែលមិនស្គាល់ប្រវត្តិ។
៥- ធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសង្គមសម្រាប់ក្រុមប្រជាជនគន្លឹះ និងអ្នកផ្ទុកមេរោគ អេដស៍ និងបង្កើតបរិយាកាសអំណោយផលដល់ការទទួលបាននូវសេវាព្យាបាល និងថែទាំជំងឺអេដស៍ សេវាគាំទ្រសុខាភិបាលនានា ព្រមទាំងសេវាគាំទ្រផ្នែកច្បាប់ និងសង្គមផ្សេងទៀតប្រកបដោយប្រសិទ្ធភាពសម្រាប់ក្រុមប្រជាជនគន្លឹះ និងអ្នកផ្ទុកមេរោគអេដស៍។
៦- សូមអំពាវនាវឱ្យមានការចូលរួមយ៉ាងសកម្ម និងគាំទ្រខ្លាំងក្លាដល់បុគ្គលិកសុខាភិបាល ក្រសួង និងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល ផ្នែកឯកជន ក្រុមប្រជាជនគន្លឹះ ដើម្បីធ្វើការជាមួយគ្នាដោយជិតស្និទ្ធ និងបំពេញឱ្យគ្នាទៅវិញទៅមក សំដៅឆ្ពោះទៅការបិទបញ្ចប់អេដស៍នាពេលខាងមុខ។