ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៤នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៤
ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៤
​សិក្ខាសាលា​អប់រំ​ផ្សព្វផ្សាយ​ពី​មេរោគ​អេដស៍​និង​ជំងឺអេដស៍​ជូន​ដល់​សិល្បករ សី​ល្បកា​រិនី​
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៥ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញធ្វើបាឋកថាដល់និស្សិតនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

នៅ​រសៀលថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៨៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បាន​អញ្ជើញធ្វើបាឋកថាស្តីពី ការ​ឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍នៅ​កម្ពុជា ដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។ កម្មវិធីនេះរៀបចំឡើងដើម្បីបង្កើនការយល់ដឹង និងការចូលរួមប្រយុទ្ធទប់ស្កាត់ការឆ្លងរាលដាលមេរោគអេដស៍និងជំងឺអេដស៍។ អញ្ជើញចូលរួមក្នុងកម្មវិធីបាឋកថារួមមាន ឯកឧត្តមសាស្រ្តាចារ្យសាកលវិទ្យាធិការ ឯកឧត្តមអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បុគ្គលិកអង្គការសុខភាពបុរស និងសាកលវិទ្យាធិការរង មន្រ្តី ព្រមទាំងនិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង២០០នាក់។
 
មាន​ប្រសាសន៍ទៅកាន់អ្នកចូលរួមទាំងអស់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ការងារឆ្លើយតបនឹងមេរោគអេដស៍ជាការងារពហុវិស័យ រួមទាំងវិស័យសុខាភិបាលផង។ ការងារនេះ ត្រូវមានការចូលរួមពីតួអង្គពាក់ព័ន្ធជា​ច្រើន។ ក្នុងនោះ អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ជាអ្នកជំងឺមួយជីវិត៖ ១-ត្រូវការថ្នាំ និងសេវាព្យាបាលថែទាំល្អ ទៀងទាត់ យូរអង្វែង(វិស័យសុខាភិបាល)  ២- មានផ្នត់គំនិតមិនដូចអ្នកជំងឺធម្មតាទេ អ្នកជំងឺធម្មតារត់រកពេទ្យ រកសេវាព្យាបាលថែទាំដោយសារខ្លាចស្លាប់ អ្នកជំងឺអេដស៍មិនខ្លាចស្លាប់ទេ និងមិនរត់រកពេទ្យទេ តែពេទ្យត្រូវរត់វិញ ៣- មានការខ្មាស់អៀន ៤- រងនូវការមាក់ងាយនិងរើសអើង ៥- ត្រូវការរស់នៅក្នុងសង្គមដូចសមាជិកឯទៀត ត្រូវការរៀនសូត្រ ត្រូវធ្វើការចិញ្ចឹមជីវិត ត្រូវការរស់នៅស្មើសិទ្ធិជាមួយប្រជាពលរដ្ឋឯទៀតដែរ(វិស័យអប់រំ ការងារ គាំពារសង្គម រដ្ឋបាល សាធារណ:។ល។)។ ចំណែក​ឯការបង្ការការឆ្លងមេរោគអេដស៍ត្រូវការ៖ ១- បញ្ជ្រាបការយល់ដឹងអំពី​      មេរោគអេដស៍ និងវិធីបង្ការការពារកុំឱ្យឆ្លងមេរោគអេដស៍នៅក្នុងចំណោមប្រជាជនគន្លឹះ(នារីបម្រើសេវាកម្សាន្ត ក្រុមរួមភេទជាមួយបុរស អ្នកបំប្លែងភេទ អ្នកចាក់គ្រឿងញៀននិងអ្នកប្រើគ្រឿងញៀនជាដើម) ២- លើកទឹកចិត្តអ្នកដែលសង្ស័យថាផ្ទុកមេរោគអេដស៍ឱ្យមកធ្វើតេស្ត ឱ្យចេះប្រើស្រោមអនាម័យ ចេះប្រើPrEP(វិធីលេបថ្នាំបង្ការជាមុន ការប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍) ឬPEP(ការព្យាបាលបង្ការក្រោយពីប្រឈមនឹងការឆ្លងមេរោគអេដស៍)។
 
ឯកឧត្តមទេសរដ្ឋមន្រ្តីបាន​បន្តថា ដោយសារមានការពាក់ព័ន្ធពីតួអង្គជាច្រើនដើម្បីឆ្លើយតបនឹង​     មេរោគអេដស៍ទើបអង្គការយូអិនអេដស៍បានដាក់ចេញនូវគោលការណ៍បីមួយ គឺយុទ្ធសាស្ត្រឬក្របខ័ណ្ឌផែនការសកម្មភាពតែមួយ ស្ថាប័នសម្របសម្រួលតែមួយ និងប្រព័ន្ធតាមដានវាយតម្លៃតែមួយ។ ទន្ទឹម​នឹងនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក៏ត្រូវបានបង្កើតឡើង ដើម្បីសម្របសម្រួលការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ជាពហុវិស័យ។ ហើយនៅរៀងរាល់៥ឆ្នាំម្ដង អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រៀបចំយុទ្ធសាស្ត្រគោលនយោបាយក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ ក៏ប៉ុន្តែ កាលពីឆ្នាំ២០២៤ កន្លងមកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រ នូវគោលនយោបាយជាតិបញ្ចប់អេដស៍ និង​     ចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ថែមថា បទពិសោធន៍ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជាក្នុងពេលកន្លងមកឱ្យឃើញថា គោលការណ៍រួមបី គឺភាពជាម្ចាស់ ឬភាពជាអ្នកដឹកនាំ ភាពជាដៃគូ និងការវិនិយោគ បានជួយជំរុញការអនុវត្តកម្មវិធីអេដស៍ឱ្យទទួល​  លទ្ធផលល្អគួរជាទីមោទនៈ។
 
នៅ​ក្នុងដំណើរការ ឯកឧត្តមទេសរដ្ឋមន្រ្តីបានអនុញ្ញាតជូនឯកឧត្តម ទា ផលា អនុប្រធានទទួលបន្ទុក​បច្ចេកទេស រួមជាមួយបុគ្គលិកអង្គការសុខភាពបុរស២រូបឡើងពន្យល់បញ្ជាក់ជូនអំពី មូលហេតុនៃការ​ឆ្លងនិងចម្លងមេរោគអេដស៍ ការប្រព្រឹត្តប្រឈមនឹងការឆ្លង វិធីក្នុងការបង្ការផ្សេងៗដែលរួមមានការប្រើស្រោមអនាម័យ ព្រមទាំងPrEP និងPEPផងដែរ។
 
គួរបញ្ជាក់ថា តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១០លើពិភពលោកក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍។ ក្នុងនោះ គោលដៅ៩៥-៩៥-៩៥​  តាមរយៈវឌ្ឍនភាពថ្មីៗ កម្ពុជាអាចនឹងសម្រេចបានលើសពី៨៩នៃគោលដៅ៩៥ទី១(បច្ចុប្បន្នសម្រេចបាន៨៩-៩៨-៩៨)។ ជា​សេចក្តីសន្និដ្ឋាន ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់បញ្ជាក់ថា បើការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ មានការចូលរួមនិងគាំទ្រយ៉ាងសកម្មពីគ្រប់ក្រសួង ស្ថាប័នភាគីពាក់ព័ន្ធ ព្រមទាំងមានកិច្ចសហការគ្នាបានល្អ នោះចំណុចខ្វះខាតដែលកំពុងកើតមានទាំងប៉ុន្មាននឹងត្រូវបានកែលម្អជាមិនខាន ដែលនៅទីបំផុតការឆ្លើយតបចំពោះមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជានឹងទទួលជោគជ័យយ៉ាងធំធេងជាមិនខាន។