ចំនួនអ្នកទស្សនាគេហទំព័រ:
អំពីអាជ្ញាធរអេដស៍
- អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ហៅកាត់ថាជា អ.ជ.ប.ជ.អ គឺជាស្ថាប័នជាតិមួយដែលត្រូវបានបង្កើតឡើងដោយ "ច្បាប់ស្តីពីការបង្ការ និង ការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និង ជំងឺអេដស៍” ប្រកាសឲ្យប្រើតាមព្រះរាជក្រមលេខ នស/រកម/០៧០២/០១៥ ចុះថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០០២ ដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ រីឯការប្រព្រឹត្តទៅ និង ការរៀបចំនៃអាជ្ញាធរនេះត្រូវបានកំណត់ដោយអនុក្រឹត្យលេខ ១០៩ អនករ.បក ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៦។
- អ.ជ.ប.ជ.អ គឺជាស្ថាប័នជាតិមួយមានលក្ខណៈពហុវិស័យដែលក្នុងនោះមានសមាជិកមកពីក្រសួងចំនួន ២៨ រដ្ឋលេខាធិការដ្ឋានចំនួន១ និង កាកបាតក្រហមកម្ពុជារួមជាមួយនឹងខេត្តចំនួន ២៣ និង រាជធានីភ្នំពេញ។
- អ.ជ.ប.ជ.អ មានរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រង និង សម្របសម្រួលទូទាំងប្រទេសគឺនៅថ្នាក់ជាតិគឺតាមរយៈអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្នាក់ក្រសួង-ស្ថាប័នតាមរយៈគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង-ស្ថាប័ន នៅថ្នាក់ខេត្ត តាមរយៈគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត នៅថ្នាក់ក្រុង-ស្រុក-ខណ្ឌតាមរយៈគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រុង-ស្រុក-ខណ្ឌ និងនៅតាមថ្នាក់ឃុំ-សង្កាត់ តាមរយៈគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ឃុំ-សង្កាត់។
- អ.ជ.ប.ជ.អ មានតួនាទីស្នូលក្នុងការដឹកនាំ គ្រប់គ្រង សម្របសម្រួល និង ការត្រួតពិនិត្យការរាលដាលមេរោគអេដស៍ និង ជំងឺអេដស៍ ព្រមទាំងក្នុងការធានាឲ្យមានការឆ្លើយតបថ្នាក់ជាតិយ៉ាងទូលំទូលាយ តាមបែបពហុវិស័យទៅនឹងការរាលដាលមេរោគអេដស៍ ដោយឈរលើគោលការណ៍បីមួយ (ស្ថានប័នជាតិសម្របសម្រួលតែមួយគំរោងផែនការយុទ្ធសាស្រ្តជាតិតែមួយ និង ប្រព័ន្ធតាមដាន និង វាយតម្លៃជាតិតែមួយ) ។