មេរោគអេដស៍កើតមានឡើងវិញនៅលើ “កុមារអច្ឆរិយៈ” ដែលត្រូវបានជឿថា បានជាសះស្បើយគ្មានមេរោគអេសដ៍អស់រយៈពេលរាប់ឆ្នាំ

- កុមារី មីស៊ីស៊ីពី ដែលពេលនេះមានអាយុ៤ឆ្នាំ ហើយកាលពីមុននាងត្រូវបាន គេគិតថាលែងមានមេរោគអេដស៍ពីក្នុងខ្លួនបន្ទាប់ពីបញ្ឈប់ការព្យាបាលប្រឆាំង មេរោគអេដស៍រយៈពេល២ឆ្នាំមកនោះ
- ស្រ្តីជាម្តាយកុមារីរូបនេះ ពុំបានទទួលការថែទាំសុខភាពមុនពេលសម្រាលកូនឡើយ ហើយនាងត្រូវបានរកឃើញថាមានផ្ទុកមេរោគអេដស៍ ក្នុងអំឡុងពេល កំពុងសម្រាលកូនប៉ុណ្ណោះ
ដោយ Snejana Farberov និង អ្នកសារព័ត៌មាន AP
បោះពុម្ពផ្សាយនៅម៉ោង ២០ និង ១២ នាទីម៉ោងសាកល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅម៉ោង ០៧ និង២៩ នាទីថ្ងៃទី១១ ខែកក្កដាឆ្នាំ២០១៤
កុមារីមីស៊ីស៊ីពីម្នាក់ បានកើតមកមានផ្ទុកមេរោគអេដស៍ ហើយបានជាសះអស់ មេរោគពីក្នុងខ្លួនរាប់ឆ្នាំបន្ទាប់ពីបញ្ឈប់ការព្យាបាល តែពេលនេះបង្ហាញថា នាងនៅតែមាន ផ្ទុកមេរោគអេដស៍នៅក្នុងខ្លួន ដូច្នេះនាងមិនទាន់ជាសះស្បើយនៅឡើយទេ។ ដំណឹងនេះគឺជាជំហានថយក្រោយនៃក្តីសង្ឃឹមថា ការចាប់ផ្តើមព្យាបាលភ្លាម ពី គ្រាដែលឆ្លងមេរោគអេដស៍ដំបូងដោយថ្នាំប្រឆាំងមេរោគអេដស៍កម្រិតខ្លាំង អាចលុបបំបាត់ ការបង្ករោគដែលវាហាក់ដូចជានៅជាអចិន្ត្រៃយ៍នៅពេលមួយដែលមេរោគបានផ្ទុក ។
ពេលនេះ កុមារីមានអាយុជិត៤ឆ្នាំហើយ ។ កាលពីខែមីនាថ្មីៗកន្លងទៅនេះ ក្រុម វេជ្ជបណ្ឌិតបាននិយាយថា នាងហាក់ដូចជាអស់មេរោគអេដស៍ពីក្នុងខ្លួន បើទោះជានាង មិនបានទទួលការព្យាបាលដោយថ្នាំប្រឆាំងនឹងមេរោគអេដស៍អស់រយៈពេលប្រមាណ២ឆ្នាំមកហើយក៏ដោយ។ នោះជាព័ត៌មានវេជ្ជសាស្រ្តដំបូង។ ក៏ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ ក្រុមវេជ្ជបណ្ឌិតបាននិយាយថា ការធ្វើតេស្តជាច្រើន កាលពីសប្តាហ៍មុន បានបង្ហាញថា នាងមិនបានជាពីមេរោគទេ។ ក្រុមវេជ្ជបណ្ឌិតបាន និយាយថា ពេលនេះនាងបានស្ថិតក្នុងការព្យាបាលឡើងវិញ ហើយការព្យាបាលរបស់នាង មានការឆ្លើយតបបានល្អ ។
លោកស្រីវេជ្ជបណ្ឌិតឯកទេសកុមារ Hannah Gay ដែលបាន និង កំពុងព្យាបាល ជំងឺកុមារីរូបនេះ បាននិយាយប្រាប់ Boston Globe ថា “វាមានអារម្មណ៍ហាក់ដូចជាត្រូវបាន ចាក់ទំលុះពោះវៀនអញ្ចឹង” ។
វេជ្ជបណ្ឌិត Anthony Fauci នាយកវិទ្យាស្ថានជាតិអាល៊ែហ្ស៊ី និងជំងឺឆ្លងបាន និយាយថា ដំណឹងនេះបានធ្វើឱ្យខកចិត្តយ៉ាងខ្លាំង និង អាចធ្វើឱ្យមានការលំបាកលើ ការស្រាវជ្រាវកម្រិតសហព័ន្ធមួយដែលនឹងផ្តើមសាកល្បងដោយការធ្វើតេស្តពិនិត្យឈាម រករោគអេដស៍ភ្លាមៗតាំងពីគ្រាឆ្លងមេរោគអេដស៍ដំបូងៗ និង ធ្វើការព្យាបាលសម្រុក ចំពោះករណីរបៀបដូចគ្នានេះ។
វេជ្ជបណ្ឌិត Fauci បាននិយាយថា “យើងនឹងធ្វើការពិនិត្យ និង ការសិក្សាស្រាវជ្រាវ ដោយប្រយ័ត្នប្រយែង ថាតើវាចាំបាច់គួរមានការកែសម្រួលណាខ្លះ” អំពីរយៈពេលនៃការ សិក្សាសាកល្បង និង ប្រភេទនៃការព្យាបាល ឬដោយសារមូលហេតុពាក់ព័ន្ធទៅនឹងក្រម សីលធម៌នៃការសិក្សាស្រាវជ្រាវ ដែលនាំឱ្យមានការសង្ឃឹមខុសលើរបៀបព្យាបាលមួយ ដែលពេលនេះកំពុងរងនូវដំណើរថយក្រោយ ។
ភាគច្រើននៃស្រ្តីជាម្តាយដែលបានឆ្លងមេរោគអេដស៍ នៅសហរដ្ឋអាម៉េរិក បាន ទទួលការព្យាបាលថ្នាំប្រឆាំងមេរោគអេដស៍ពេលកំពុងមានផ្ទៃពោះ ដែលជួយកាត់បន្ថយ ឱកាសចម្លងមេរោគអេដស៍ទៅទារករបស់ពួកគេបានយ៉ាងច្រើន។ ស្រ្តីជាម្តាយនៃទារកមីស៊ីស៊ីពីរូបនេះពុំបានទទួលការថែទាំសុខភាពមុនសម្រាលកូន ឡើយ ហើយនាងត្រូវបានរកឃើញថាមានផ្ទុកមេរោគអេដស៍ នៅពេលកំពុងសម្រាលកូន ប៉ុណ្ណោះ។ ដោយហេតុថា ទារកមានហានិភ័យក្នុងការឆ្លងមេរោគអេដស៍ខ្ពស់ ក្រុមវេជ្ជបណ្ឌិត បានចាប់ផ្តើមនូវការព្យាបាលដ៏ខ្លាំងក្លាមួយដល់ទារករូបនេះ ក្នុងអំឡុងរយៈពេល៣០ម៉ោង បន្ទាប់ពីកើត ដែលការព្យាបាលបែបនេះមិនធ្លាប់បានធ្វើក្នុងករណីមុនៗមកទេ គឺតាំងតែ ពីមុនពេលអាចធ្វើតេស្តពិនិត្យឈាមរកមេរោគអេដស៍បញ្ជាក់ថា ទារកពិតជាបានឆ្លង មេរោគពិតប្រាកដទៅទៀត ។ ទារកត្រូវបានព្យាបាល រហូតដល់អាយុ១៨ខែ គ្រាដែលក្រុម វេជ្ជបណ្ឌិតបានបាត់ទំនាក់ទំនងជាមួយទារក ។ រយៈពេល១០ខែបន្ទាប់មក ទារកបាន ត្រឡប់មកវិញ ហើយក្រុមវេជ្ជបណ្ឌិតមិនអាចរកឃើញសញ្ញានៃការឆ្លងមេរោគទេ បើទោះ ជាម្តាយរបស់ទារកបានឈប់ផ្តល់ថ្នាំប្រឆាំងមេរោគអេដស៍ដល់នាងក្តី។
ការធ្វើតេស្តពិនិត្យឈាមរកមេរោគអេដស៍ឡើងវិញជាច្រើនដង ពុំបានរកឃើញ វត្តមានមេរោគអេដស៍ឡើយ ទើបតែសប្តាហ៍កន្លងទៅនេះ មេរោគអេដស៍ត្រូវបានរកឃើញ នៅក្នុងឈាមរបស់នាង ។ ក្រុមវេជ្ជបណ្ឌិតនិយាយថា ពួកគេមិនដឹងថា ហេតុអ្វីបានជាមេរោគកើតមានឡើង វិញ និង វាមានពីពេលណាមក ហើយពួកគេនិយាយថា រឿងនេះបង្កឱ្យលេចឡើងនូវ សំណួរដ៏ស៊ីជម្រៅ ថាតើពួកគេដឹងអ្វីខ្លះពីការលាក់ខ្លួនរបស់មេរោគអេដស៍នៅក្នុងសារពាង្គ កាយ ។ ប៉ុន្តែអ្នកស្រាវជ្រាវនៅក្នុងផ្នែកមេរោគអេដស៍ខ្លះ នៅតែមាន សុទិដ្ឋិនិយម។
វេជ្ជបណ្ឌិត Deborah Persaud សាស្រ្តាចារ្យផ្នែកជំងឺឆ្លងនៃ មជ្ឈមណ្ឌលកុមារ John Hopkins នៅ Baltimore បានប្រាប់ USA Today ថា ភស្តុតាងអំពីកុមាររូបនេះគឺនាង មិនបានទទួលការព្យាបាលដោយឱសថ ប្រឆាំងមេរោគអេដស៍ក្នុងរយៈពេល២ឆ្នាំ ហើយ មេរោគអេដស៍អសកម្មក្នុងរយៈពេលប៉ុណ្ណឹង វាជារឿងថ្មីដែលមិនដែលដឹងពីមុន។
ក្នុងខែមីនា ក្រុមវេជ្ជបណ្ឌិតបានលាតត្រដាងឱ្យដឹង ពីករណីទារកទី២ ដែលកើតមក បានឆ្លងមេរោគអេដស៍ ហើយខ្លួននាងជាអស់មេរោគដោយសារបានទទួលការព្យាបាល ភ្លាមៗចាប់តាំងតែពីដំបូងដែលក្នុងករណីនេះ ការព្យាបាលបានធ្វើឡើង៤ម៉ោង បន្ទាប់ពី បានកើតនៅតំបន់ជាយក្រុង Los Angeles ក្នុងខែមេសា ឆ្នាំ២០១៣ ។ ប្រហែលជិតមួយឆ្នាំក្រោយ ការធ្វើតេស្តពិនិត្យឈាមយ៉ាងល្អិតល្អន់ និងជឿនលឿន ជាច្រើនដង បានបញ្ជាក់ថា នាងបានជាស្រឡះមេរោគអស់ពីក្នុងខ្លួនទាំងស្រុង តែនាងនៅ តែបន្តទទួលការព្យាបាលនៅឡើយ ដូច្នេះគ្មានវិធីដែលអាចដឹងប្រាកដបាននោះទេ ។
មានមនុស្សតែម្នាក់គត់ គឺលោក Timothy Ray Brown នៅសាន់ហ្រាន់ស៊ីស្កូ ដែល ត្រូវបានគេគិតថា គាត់បានជាអស់មេរោគពីក្នុងខ្លួន ដោយសារគាត់បានទទួលការបន្សាំ ខួរឆ្អឹងថ្មីកាលពីឆ្នាំ២០០៧នៅប្រទេស អាល្លឺម៉ង់ពីអ្នកធ្វើអំណោយខួរឆ្អឹងម្នាក់ដែលមាន សមត្ថភាពប្រឆាំងនឹងមេរោគអេដសដ៍តាមធម្មជាតិ ហើយគាត់គ្មានសញ្ញាថាមានផ្ទុក មេរោគអេដស៍ទៀតឡើយ បន្ទាប់ពីរយៈពេលជាង៥ឆ្នាំក្រោយមក ។