ការព្យាបាលឱសថប្រឆាំងមេរោគអេដស៍តាំងពីពេលទើបនឹងកើតដំបូង ត្រូវបានរកឃើញថា បានបំបាត់មេរោគអេដស៍អស់ក្នុងករណីទារកទី២

ទីក្រុងបូស្តុន:ពេលដែលអ្នកវិទ្យាសាស្ត្រធ្វើការប្រកាស ដែលនាំមានការភ្ញាក់ផ្អើលកាលពីឆ្នាំទៅថាទារកម្នាក់ដែលកើតមកបានឆ្លងមេរោគអេដស៍ បានជាសះស្បើយអស់មេរោគអេដស៍ភ្លាម ដោយការព្យាបាលយ៉ាងគំហុកដោយប្រើឱសថត្រឹមតែរយៈពេល៣០ម៉ោងដំបូងក្រោយពេលប្រសូតនោះនាំឱ្យមានការមន្ទិលសង្ស័យភ្លាមៗចំពោះការអះអាងដែលថា ទារកបានឆ្លង មេរោគតាំងពីដំបូង។
ប៉ុន្តែកាលពីថ្ងៃពុធ ករណីដូចគ្នានៃទារកទី២ត្រូវបានគេលាតត្រដាងនៅឯសន្និសីទស្តីពី ជំងឺអេដស៍មួយនៅទីនេះ ដែលធ្វើឱ្យមានការសង្ស័យតិចតួចថាការព្យាបាលពិតជាមាន ប្រសិទ្ធភាព។ អ្នកសិក្សាស្រាវឈានមុខម្នាក់បាននិយាយថា អាចមានករណីចំនួនប្រាំថែម ទៀតនៅកាណាដា និងបីទៀតនៅអាហ្រ្វិកខាងត្បូង។
អ្នកស្រាវជ្រាវម្នាក់ផ្សេងទៀតបានបន្ថែមថា ការសាកល្បងព្យាបាលមួយដែលមានទារកដល់ទៅ៦០នាក់ដែលកើតមកបានឆ្លងមេរោគអេដស៍ នឹងត្រូវចាប់ផ្តើមក្នុងពេលដ៏ខ្លីខាងមុខដោយផ្តល់ឱសថក្នុងរយៈពេល៤៨ម៉ោងក្រោយប្រសូត។
ប្រសិនបើការសាកល្បងព្យាបាលទទួលបានជាលទ្ធផលនោះ គេត្រូវការពេលវេលាបួន ប្រាំឆ្នាំទៀត ដើម្បីតាមដានទារកទាំងនោះ រហូតដល់មានការរកឃើញថាវាមានប្រសិទ្ធភាព នោះវិធីព្យាបាលទារកឆ្លងមេរោគអេដស៍ទាំងអស់ ២៥០០០០នាក់ ក្នុងមួយឆ្នាំៗ នៅទូទាំង ពិភពលោក នឹងត្រូវសរសេរឡើងវិញដោយគ្មានការសង្ស័យ។
លោកវេជ្ជបណ្ឌិត Anthony S. Fauci នាយកប្រតិបត្តិនៃវិទ្យាស្ថានជាតិ Allergy និងជំងឺឆ្លងបានមានប្រសាសន៍ថា “ករណីនេះអាចឈានទៅដល់ការផ្លាស់ប្តូរយ៉ាងសំខាន់ដោយមូលហេតុពីរយ៉ាង” ទាំងចំពោះសុខមាលភាពកុមារ និងពីព្រោះតែវាជាសក្ខីកម្មដ៏ធំធេងនៃ ទស្សនៈដែលថា គេអាចព្យាបាលនរណាម្នាក់ឱ្យជាសះស្បើយបាន ប្រសិនបើអាចធ្វើការ ព្យាបាលពួកគេបានយ៉ាងឆាប់រហ័សបន្ទាប់ពីពេលឆ្លងដំបូង។
ការប្រកាសនេះ គឺជាព័ត៌មានដែលផ្តល់នូវក្តីសង្ឃឹមទី៣ ក្នុងរយៈពេលពីរថ្ងៃអំពី មេរោគដែលបង្កឱ្យមានជំងឺអេដស៍។
កាលពីថ្ងៃអង្គារ អ្នកវិទ្យាសាស្រ្តនានាបានរាយការណ៍ថា ការចាក់ឱសថប្រឆាំងមេរោគ អេដស៍ដែលមានប្រសិទ្ធភាពរយៈពេលវែង អាចការពារការឆ្លងរោគក្នុងចំណោមសត្វស្វា ហើយនៅថ្ងៃពុធ អ្នកស្រាវជ្រាវបានប្រកាសដឹងថាបច្ចេកទេសជឿនលឿន “ក្នុងការកែប្រែ ហ្សែន” (GeneEditing Advance) អាចធ្វើឱ្យកោសិកានៃប្រព័ន្ធការពារសរីរាង្គកម្ចាត់មេរោគ បាន។
កុមារដំបូងដែលជាសះស្បើយយ៉ាងជាក់ច្បាស់ពីការឆ្លងមេរោគអេដស៍ ពេលនេះមានភាពល្បីល្បាញថាជា “ទារកមីស៊ីស៊ីពី” (Mississippi baby) ដែលត្រូវបានពណ៌នាកាលពីខែមីនាមុននៅឯសន្និសីទស្តីពី Retroviruses និងការបង្ករោគឱកាសនិយម ដែលជាកិច្ចប្រជុំប្រចាំឆ្នាំ ដូចគ្នានេះ និងជាកន្លែងដែលករណីថ្មីត្រូវបានគេរាយការណ៍កាលពីថ្ងៃពុធ។
វេជ្ជបណ្ឌិត Deborah Persaud អ្នកឯកទេសខាងវីរុសម្នាក់ដែលបានដឹកនាំការធ្វើតេស្តពិនិត្យដែលងាយរកឃើញមេរោគ (ultrasensitive test)លើក្មេងទាំងពីរក្នុងមន្ទីរពិសោធន៍ របស់គាត់នៅមជ្ឈមណ្ឌលកុមារ ចន ហបគីន (Johns Hopkins) នៅបាល់ទីម័រ (Baltimore) បាននិយាយថា មកដល់ពេលនេះ“កុមារមីស៊ីស៊ីពី” មានអាយុជាង៣ឆ្នាំហើយនិងនៅតែគ្មានមេរោគ។
ទារកទី២ ដែលជាទារិកា កើតនៅមន្ទីរពេទ្យកុមារមីល័រ (Miller) ក្នុងទីក្រុងឡងប៊ីច(Long Beach) រដ្ឋកាលីហ្វ័រនីញ៉ា ពេលនេះមានអាយុ៩ខែហើយ និងគ្មានផ្ទុកមេរោគដែលបង្ក ឱ្យមានជំងឺអេដស៍យ៉ាងជាក់ច្បាស់។
ម្តាយរបស់នាងដែលមានជំងឺអេដស៍ធ្ងន់ធ្ងរ ហើយនិងមានជំងឺផ្លូវចិត្តផងនោះបានមកសម្រាលកូន។ នាងត្រូវបានគ្រូពេទ្យចេញថ្នាំឱ្យប្រើដើម្បីការពារការចម្លងមកកូន តែនាងមិន បានប្រើថ្នាំនោះទេ។ រយៈពេលបួនម៉ោងក្រោយពេលកើត វេជ្ជបណ្ឌិត Audra Deveikis អ្នក ឯកទេសជំងឺកុមារបានយកឈាមទៅពិនិត្យរកមេរោគអេដស៍ ហើយបានចាប់ផ្តើមផ្តល់ថ្នាំបី មុខភ្លាមៗគឺ AZT, 3TC និង Nevirapine គឺនៅក្នុងកម្រិតខ្ពស់ដែលយកមកប្រើក្នុងព្យាបាល មេរោគអេដស៍ជាទូទៅ។
កម្រិតប្រើប្រាស់ធម្មតាសម្រាប់ការពារទារកទើបនឹងកើត គួរតែជាថ្នាំពីរមុខដែលមាន កម្រិតថ្នាំទាបជាងនេះ។ ជាធម្មតា គ្រូពេទ្យមិនធ្វើការព្យាបាលដែលសម្រុកខ្លាំងទេ លុះត្រាតែ គេដឹងច្បាស់ថាទារកមានឆ្លងមេរោគ ហើយដែលជួនកាលមិនប្រើថ្នាំព្យាបាលឡើយនៅក្នុង សប្តាហ៍ដំបូងៗ។ វេជ្ជបណ្ឌិត Audra Deveikis បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍នៅទីនេះ ថា “ខ្ញុំពិតជាមានការបារម្ភណាស់”។ ប៉ុន្តែជំងឺរបស់ស្ត្រីជាម្តាយមិនអាចគ្រប់គ្រងបាន ហើយខ្ញុំ ត្រូវថ្លឹងថ្លែងចំពោះការប្រឈមនៃការឆ្លងមេរោគ ជាមួយនឹងការពុលឱសថដែលព្យាបាល។ គាត់បានបន្ថែមថា “ខ្ញុំបានឮអំពីទារកមីស៊ីស៊ីពី ខ្ញុំបានមើលវីដេអូ”។“ខ្ញុំបានដឹងថាប្រសិនបើ អ្នកចង់បង្កាការចម្លងមេរោគ នោះការព្យាបាលពីដើមទីគឺជាការសំខាន់ណាស់”។
គាត់បានមានប្រសាសន៍ថា ទារកឡងប៊ិច (Long Beach baby) ឥឡូវនេះស្ថិតនៅក្នុងការចិញ្ចឹមថែទាំ។ ម្តាយក្មេងនោះក៍នៅរស់រានមានជីវិតនៅឡើយ។
វេជ្ជបណ្ឌិត Audra Deveikis បានមានប្រសាសន៍ថា វាពិតជាមិនត្រឹមត្រូវទេដែល និយាយថាទារកនោះ “ជា” ឬសូម្បីតែថា “កំពុងសះស្បើយ” ព្រោះថានាងកំពុងប្រើប្រាស់ ឱសថនៅឡើយ។ ប៉ុន្តែដោយសារតែតាមការពិនិត្យឈាមដែលមានភាពជាក់លាក់បំផុតនោះ មិនបានរកឃើញថា មេរោគមានសមត្ថភាពបំបែកខ្លួន។ លោកស្រីវេជ្ជបណ្ឌិតបានលើក ឡើងថា ឈាមទារកនោះបានប្រែក្លាយទៅជាមានអវិជ្ជមានមេរោគ។
ទាំង DNA និង RNA ត្រូវបានរកឃើញនៅក្នុងសំណាកឈាម និងទឹកខួរឆ្អឹងខ្នងពេល ពិនិត្យដំបូង ដូច្នេះវេជ្ជបណ្ឌិត Persaud បានបញ្ជាក់ថា ពិតជាក់ច្បាស់ណាស់ថា នាងបានឆ្លង មេរោគនៅពេលប្រសូត។ មេរោគបានចាប់ផ្តើមបាត់ខ្លួន៦ថ្ងៃបន្ទាប់ពីប្រសូត និងមិនអាច ពិនិត្យឃើញក្នុងអំឡុងពេល១១ថ្ងៃ។
តាមបែបវេជ្ជសាស្រ្ត វាត្រូវបានគិតថាគ្មានសីលធម៌វិជ្ជាជិវៈប្រសិនជាបញ្ឈប់ការផ្តល់ ថ្នាំឱ្យទារកនៅពេលនេះ។ ប៉ុន្តែវេជ្ជបណ្ឌិត Deveikis និងវេជ្ជបណ្ឌិត Yvonne J. Bryson អ្នក ឯកទេសជំងឺអេដស៍កុមារនៅសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា ទីក្រុងឡូសអង់ចូឡេស(Los Angeles) ដែលជាអ្នកកំពុងសិក្សាលើករណីនេះបាននិយាយថាពួកគេអាចពិចារណាឈប់ឱ្យថ្នាំមួយរយៈខ្លី ដើម្បីពិនិត្យមើលថាមានអ្វីកើតឡើង ប្រសិនបើក្មេងនោះនៅតែគ្មានមេរោគនៅអាយុ២ឆ្នាំ។
វេជ្ជបណ្ឌិត Bryson គឺជាអ្នកស្រាវជ្រាវម្នាក់ក្នុងចំណោមអ្នកស្រាវជ្រាវទាំងបីនាក់ ដែល ដឹកនាំការពិសោធន៍ព្យាបាលលើទារក៦០នាក់។ វេជ្ជបណ្ឌិតឯកទេសសម្ភព និងអ្នកឯកទេស ជំងឺកុមារនៅសហរដ្ឋអាម៉េរិក អាហ្វ្រិកខាងត្បូង និងប្រេស៊ីល នឹងត្រូវបានដាស់តឿនឱ្យ ពិនិត្យមើលទារកដែលកើតពីម្តាយដែលមិនបានប្រើថ្នាំការពារការចម្លងពីម្តាយទៅកូន និង ផ្តល់ការព្យាបាលទារកដោយឱសថប្រឆាំងមេរោគអេដស៍ពេញលេញភ្លាមៗ តាំងពីមុនពេល ពិនិត្យឈាមដំបូងរកមេរោគអេដស៍ត្រូវបានបញ្ចប់ (នៅសហរដ្ឋអាម៉េរិកក្នុងមួយឆ្នាំមានទារក តិចជាង២០០នាក់កើតមកមានផ្ទុកមេរោគអេដស៍)។
ការព្យាបាលសាកល្បងនឹងត្រូវបានផ្តល់មូលនិធិដោយ វិទ្យាស្ថានរបស់វេជ្ជបណ្ឌិត Fauci និងជាផ្នែកនៃការស្រាវជ្រាវផលប៉ះពាល់នៃការព្យាបាលសាកល្បងនានា ដែលផ្តោត លើការបង្កាការចម្លងមេរោគអេដស៍ទៅទារកទើបនឹងកើត។
លោកស្រីបានមានប្រសាសន៍ថា “ពេលដែលយើងរៀបរាប់ពីទារកមីស៊ីស៊ីពី យើង បានជួបប្រទះនឹងការមន្ទិលសង្ស័យមួយចំនួន”។ “ទារកឡងប៊ិចគឺបានឆ្លងមេរោគយ៉ាងពិត ប្រាកដ”។
ទារកមីមីស៊ីពី បានប្រសូតពីម្តាយដែលមិនបានថែទាំមុនសម្រាល និងមិនបានដឹងថា នាងបានឆ្លងមេរោគអេដស៍ទេ។ ក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យមួយដែលមានការព្រួយបារម្ភ បានបញ្ជូនទារកទៅមជ្ឈមណ្ឌលវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យមីស៊ីស៊ីពី ជាទីកន្លែងដែល វេជ្ជបណ្ឌិតឯកទេសកុមារ Hannah B. Gay បានផ្តើមសម្រុកព្យាបាលដោយថ្នាំប្រឆាំងមេរោគ អេដស៍ ប្រហែល៣០ម៉ោងក្រោយពេលកើត។
ដប់ប្រាំបីខែក្រោយមក ម្តាយបានឈប់យកកូនទៅតាមការណាត់ និងឈប់ផ្តល់ថ្នាំ ឱ្យកូន។ ប្រាំខែក្រោយមក នៅពេលនាងបានមកតាមការណាត់ជួបមួយ ក្រុមវេជ្ជបណ្ឌិត បានភ័យខ្លាចថា ទារកនោះអាចមានមេរោគពេញខ្លួន។
ផ្ទុយទៅវិញអ្វីដែលធ្វើឱ្យក្រុមគ្រូពេទ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះគឺ ពួកគេមិន បានរកឃើញមេរោគឡើយ។ ហើយការធ្វើតេស្តឈាមរបស់វេជ្ជបណ្ឌិត Persaud មិនបាន រកឃើញមេរោគឡើយ បើទោះជាប្រើប្រាស់តេស្តនានា ដែលជាធម្មតាអាចរកឃើញមេរោគ សំងំលើអ្នកជំងឺពេញវ័យដែលបានទទួលការព្យាបាលដោយជោគជ័យក្តី។ បើទោះជាថ្នាំ ប្រឆាំងមេរោគអេដស៍រាំងខ្ទប់មេរោគមិនឱ្យធ្វើការបំបែកខ្លួនក្តី ក៏ជាទូទៅមេរោគអេដស៍មួយ ចំនួនតូចបន្តស្ថិតនៅតាមទីតាំងផ្ទុកមួយចំនួនពាសពេញសារពាង្គកាយ ដោយជ្រៀតនៅក្នុង DNA របស់កោសិកាទាំងឡាយ។ ការធ្វើតេស្តរបស់វេជ្ជបណ្ឌិត Persaud អាចជំរុញឱ្យ មេរោគមានសកម្មភាពឡើងវិញ និងបង្កឱ្យមេរោគចេញក្រៅទីតាំងផ្ទុក ដែលអាចឱ្យធ្វើតេស្ត រកឃើញវត្តមានមេរោគ។
វេជ្ជបណ្ឌិត Steven G. Deeks អ្នកជំនាញអេដស៍នៃសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា សាន់ហ្រ្វាន់ស៊ីស្កូបាននិយាយថា ទារកឡងប៊ិចបានផ្តល់ជាតឹកតាងដែលគួរឱ្យជឿជាក់បានថា ការចាប់ផ្តើមព្យាបាលភ្លាមៗនៅក្រោយពេលកើត ហាក់ដូចជាអាចសម្លាប់មេរោគមុនពេល ដែលវាអាចបង្កើតទីតាំងផ្ទុកមេរោគអចិន្ត្រៃយ៍មួយ។
វេជ្ជបណ្ឌិតបានបន្ថែមថា “ប៉ុន្តែវាជាការល្អប្រសើរដែលមានវិធីមួយក្នុងការសម្រេចថា នៅពេលណាអាចបញ្ឈប់ការព្យាបាល”។ “នេះជាសំណួរបន្ទាប់ដែលត្រូវចោទសួរ”។