
នៅរសៀលថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង៤ នៅសណ្ឋាគារ Raffles Le Royal ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការUNAIDS។ កិច្ចប្រជុំនេះមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំអង្គការUNAIDSប្រចាំកម្ពុជា និងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ នៅក្នុងដំណាក់កាលឈានទៅបញ្ចប់អេដស៍ និងថវិកាជំនួយពីខាងក្រៅដែលកំពុងមានការធ្លាក់ចុះ។
មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្វាគមន៍និងអរគុណលោកជំទាវនាយិកា ដែលបានឆ្លៀតឱកាសមកធ្វើទស្សនកិច្ចនៅកម្ពុជា ដែលរំលេខចេញនូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអង្គការUNAIDS និងព្រះរាជាណាចក្រកម្ពុជា ហើយបានស្នើសុំឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាលមានប្រសាសន៍។ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង សុខាភិបាលក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ឈានទៅសម្រេចគោលដៅរួមក្នុងការបញ្ចប់អេដស៍នៅកម្ពុជា។ ទន្ទឹមនឹងនោះ ក្រសួងក៏រៀបចំសមាហរណកម្មការងារអេដស៍ទៅក្នុងប្រព័ន្ធសុខាភិបាល ពង្រឹងកម្លាំងការងារ ផ្តល់សេវាអេដស៍ប្រកបដោយប្រសិទ្ធភាព ព្រមទាំងវិនិយោគលើអង្គភាពផ្អែកលើសហគមន៍ផងដែរ។
បន្ថែមលើមតិរបស់ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តីបានជម្រាបជូនលោកជំទាវ Winnie Byanyima អំពីការអនុម័តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថាតាមទិន្នន័យថ្មីបំផុតនេះ គោលដៅ៩៥-៩៥-៩៥ កម្ពុជាសម្រេចបាន៩២-១០០-៩៩។ ទន្ទឹមនឹងនេះ យើងមានក្តីបារម្ភយុវវ័យវ័យក្មេងអាយុពី១៥ទៅ២៤ឆ្នាំមិនទទួលបានការអប់រំសមស្របអំពីសុវត្ថិភាពផ្លូវភេទ។
ជាការឆ្លើយតប លោកជំទាវ Winnie Byanyima បានថ្លែងកោតសរសើរចំពោះជោគជ័យនៃការប្រយុទ្ធ នឹងមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា ដោយបានគូសបញ្ជាក់ថា កម្ពុជាបាននាំយកនូវទស្សនវិស័យយ៉ាងសំខាន់ក្នុងការឆ្លើយតបនឹងជំងឺអេដស៍។ កម្ពុជាជាប្រទេសឈានមុខដោយបានធ្វើការជាមួយគ្រប់អ្នកពាក់ព័ន្ធនិងគ្មានការរើសអើង។ កិច្ចការនេះបានបង្ហាញឱ្យពិភពលោកមើលឃើញយ៉ាងច្បាស់។ បច្ចុប្បន្ន យើងកំពុងនៅក្នុងរយៈពេលផ្ទេរដំណាក់កាលយ៉ាងធំធេង។ យើងត្រូវពិនិត្យមើលយុទ្ធសាស្រ្តក្នុងការបញ្ចប់អេដស៍នៅឆ្នាំ២០៣០។ ក្នុងនោះ ប្រទេសមួយចំនួនបានដកខ្លួនថយ ហើយមានការ រើសអើងចំពោះប្រជាជនគន្លឹះ។ ទន្ទឹមនឹងនេះ លោកជំទាវបានសរសើរថាកម្ពុជាបើកចំហចំពោះគំនិតច្នៃ ប្រឌិតថ្មី ព្រមទាំងស្វាគមន៍ចំពោះការប្តេជ្ញាចិត្តក្នុងការពង្រីកសេវាថែទាំសុខភាព។ ទន្ទឹមនឹងនោះ កម្ពុជា ជាប្រទេសដំបូងគេដែលបានរៀបចំផែនទីបង្ហាញផ្លូវទៅកាន់ចីរភាពក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ មុននឹងបញ្ចប់លោកជំទាវបានស្នើថា កម្ពុជាគួរពិចារណាផ្តល់ការគាំទ្រឱ្យអង្គការសង្គម ស៊ីវិលចូលរួមក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ និងសន្យាថានឹងជួយស្វែងរកទម្រង់ល្អមួយសម្រាប់កម្ពុជា។
ជាកិច្ចបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ថែមថា ក្តីបារម្ភរបស់យើងមួយទៀតគឺបញ្ហាថវិកា។ បច្ចុប្បន្ន រាជរដ្ឋាភិបាលបានចូលរួមថវិកាយ៉ាងច្រើន និងត្រៀមខ្លួនឆ្លើយតបនឹងបញ្ហា។ ប្រសិនបើយើងអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍បានល្អ នឹងអាចជួយកាត់បន្ថយការចំណាយ និងពង្រឹងប្រសិទ្ធភាពក្នុងការចំណាយ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថានឹងធ្វើការឱ្យបានជិតស្និទ្ធជាមួយការិយាល័យអង្គការUNAIDSប្រចាំកម្ពុជា ដើម្បីវាយតម្លៃលើការចំណាយក្នុងការពង្រឹងការងារឆ្ពោះទៅបញ្ចប់អេដស៍។