
ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ បានមានប្រសាសន៍ថា ១៤% នៃស្រី្តបំរើសេវាផ្លូវភេទប្រមាណពី២៤,០០០នាក់ ទៅ៣០,០០០នាក់ នៅក្នុងប្រទេសកម្ពុជា បានផ្ទុកមេរោគអេដស៍ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ថ្លែងដូច្នេះ នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍អាស៊ីអាស៊ីអាគ្នេយ៍ នៅទីស្នាក់ការអាជ្ញាធរជាតិប្រយុទ្ធជម្ងឺអេដស៍ កាលពីរសៀលថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរ បានគូសបញ្ជាក់ថា អាជ្ញាធរជាតិប្រយុទ្ធជម្ងឺអេដស៍ រួមសហការណ៍ជាមួយដៃគូអភិវឌ្ឍន៍ និងក្រសួងពាក់ព័ន្ធ កំពុងផ្តោតការយកចិត្តទុកដាក់ទៅលើក្រុមងាយរងគ្រោះដោយសារជម្ងឺអេដស៍បីប្រភេទ ដែលក្នុងនោះរួមមាន៖ ស្រី្តបំរើសេវាកំសាន្ត បុរសស្រឡាញ់បុរស ឬក្រុមបុរសប្តូរភេទ និងក្រុមអ្នកញៀនថ្នាំ ដោយប្រើម្ជុលចាក់ ។
យោងតាមតួលេខរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍, ក្នុងចំណោមស្រ្តីបំរើសេវាផ្លូវភេទប្រមាណពី២៤,០០០ ទៅ ៣០,០០០ មានចំនួន១៤% ដែលផ្ទុកមេរោគអេដស៍ ហើយ ២% នៃក្រុមអ្នកកែភេទ ក៏មានផ្ទុកមេរោគអេដស៍ ។ ដោយឡែក អត្រាអ្នកញៀនថ្នាំដោយប្រើម្ជុលចាក់ មានកំរិតខ្ពស់ជាងគេ ពោលគឺ ២៤% នៃអ្នកទាំងនោះ បានផ្ទុកមេរោគអេដស៍ ៕
