
នៅរសៀលថ្ងៃពុធ ៦កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង៤ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជួបពិភាក្សាជាមួយក្រុមការងារ នៃមូលនិធិសកល។ កិច្ចប្រជុំនេះមានការចូលរួមពីក្រុមការងារមូលនិធិសកល (អ្នកជំនាញសុខាភិបាល និងត្រួតពិនិត្យនិងវាយតម្លៃ, គ្រប់គ្រងផលិតផលសុខាភិបាល និងហិរញ្ញវត្ថុ) ព្រមទាំងអនុប្រធាន និងអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
មានប្រសាសន៍ទៅកាន់ក្រុមការងារមូលនិធិសកល ឯកឧត្តមទេសរដ្ឋមន្រ្តីបានជម្រាបជូនអំពីការដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ កាលពីឆ្នាំ២០២៤ និងការរៀបចំនូវរបាយកាណ៍វឌ្ឍនភាពស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ឆ្នាំ២០២៤ កាលពីឆ្នាំ២០២៥កន្លងទៅ។ បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ជូនពីវឌ្ឍនភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ ដោយសម្រេចបាន៩២-១០០-៩៨ នៃគោលដៅ៩៥-៩៥-៩៥។
បន្ទាប់ពីការធ្វើបទបង្ហាញដោយឯកឧត្តម ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងការសួរបញ្ជាក់ពីក្រុមការងារ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមអំពីការជំរុញសកម្មភាពការងារពហុវិស័យឆ្ពោះទៅបញ្ចប់អេដស៍ និងបានស្នើថា ក្នុងជុំផ្តល់ថវិកាលើកទី៨ខាងមុខ សូមមូលនិធិសកលជួយពង្រឹងប្រព័ន្ធជាតិ ដើម្បីធានាចីរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍។