
នៅល្ងាចថ្ងៃចន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង៥:៣០ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានដឹកនាំគណៈប្រតិភូអន្តរក្រសួងទៅជួបសំណេះសំណាលជាមួយក្រុមប្រជាជនគន្លឹះដែលប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍ នៅសណ្ឋាគារនិងKTVរុងរឿង និងចិត្រា ម៉ាស្សា កោសជប់ នាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ចូលរួមក្នុងកម្មវិធីនេះរួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការនិងជាប្រធាន/តំណាង គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ លោកអនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោកនាយកប្រតិបត្តិអង្គការAHF និងអស់លោក លោកស្រីតំណាងអង្គការRHAC, PSI, FHI360 និងLHSS ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
បន្ទាប់ពីការស្វាគមន៍ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រុមបេសកកម្មអន្តរក្រសួងចុះដល់ទីកន្លែងសណ្ឋាគារ និងម៉ាស្សា កោសជប់នេះគឺដើម្បីផ្សព្វផ្សាយបង្ការកុំឱ្យឆ្លងមេរោគអេដស៍។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ដ្រីបានសាកសួរមេការអំពីបញ្ហាសុខភាព ការចុះឈ្មោះដើម្បីទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល(មសស) វិធីការពារពីការឆ្លងមេរោគអេដស៍ និងការទទួលបានសេវាបង្ការអេដស៍របស់បុគ្គលិក។ បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វិធីល្អដើម្បីកុំឱ្យឆ្លងអេដស៍គឺការបង្ការដោយការប្រើស្រោមអនាម័យជាប់ជានិច្ច។ ប៉ុន្តែ បើសង្ស័យថាអាចឆ្លងមេរោគអេដស៍ត្រូវប្រញាប់ទៅធ្វើតេស្ត។ បើមានលទ្ធផលតេស្តវិជ្ជមាននឹងទទួលបានការព្យាបាលដោយឥតគិតថ្លៃ ព្រមទាំងទទួលបានប័ណ្ណក្រីក្រផងដែរ។
មុននឹងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទីកន្លែងសេវាកម្សាន្តដែលមានរក្សាស្រោមអនាម័យត្រូវលើកសរសើរដោយបានចូលរួមក្នុងការបង្ការការចម្លងមេរោគអេដស៍។