
នៅព្រឹកថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យការឆ្លើយតបនឹងមេរោគអេដស៍នៅខេត្តបន្ទាយមានជ័យ តាមគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ព្រមទាំងជំរុញផ្សព្វផ្សាយការប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០%។
ចូលរួមក្នុងកិច្ចប្រជុំរួមមាន ឯកឧត្តម អ៊ុ រាត្រី អភិបាលនិងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តបន្ទាយមានជ័យ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការនិងជាប្រធាន/តំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ ប្រធានមន្ទីរសុខាភិបាល ប្រធានកម្មវិធីអេដស៍ខេត្តបន្ទាយមានជ័យ លោក លោកស្រីប្រធាន/តំណាងមន្ទីរអង្គភាពជុំវិញខេត្ត ស្នងការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អភិបាល/អភិបាលរងក្រុង ស្រុក លោកនាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF) តំណាងអង្គការធ្វើការងារអេដស៍(RHAC, PSI, FHI360, HACC, MHSS) និងតំណាងក្រុមប្រជាជនគន្លឹះ ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១-សុន្ទរកថាស្វាគមន៍ដោយឯកឧត្តម អ៊ុ រាត្រី អភិបាលនិងជាប្រធានឡណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តបន្ទាយមានជ័យ
២-បទបង្ហាញស្តីពីលទ្ធផលការងារកម្មវិធីអេដស៍នៅខេត្តបន្ទាយមានជ័យ ដោយលោកវេជ្ជបណ្ឌិត គីលីន ពិសី អនុប្រធានមន្ទីរសុខាភិបាល និងជាប្រធានលេខាធិការដ្ឋានអេដស៍ខេត្ត
៣-មតិបើក និងដឹកនាំកិច្ចប្រជុំដោយឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
៤-បទបង្ហាញស្តីពីការរៀបចំផែនការសកម្មភាពរួមសម្រាប់កិច្ចឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ នៅថ្នាក់ក្រោមជាតិ ដោយឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
៥-បទបង្ហាញស្តីពីសារាចរអន្តរក្រសួងលេខ០០៧ សហវ.ស.រ.អហក ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ស្តីពីការគ្រប់គ្រង ការចាត់ចែង និងការកំណត់មុខសញ្ញាចំណាយថវិកាសេវាសង្គមនិងអនាម័យបរិស្ថាននៃមូលនិធិក្រុង ស្រុក ខណ្ឌ និងមូលនិធិឃុំ សង្កាត់ ដោយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
៦-កិច្ចពិភាក្សារួម
៧-អនុសាសន៍ណែនាំ និងបិទកិច្ចប្រជុំដោយឯកឧត្តមទេសរដ្ឋមន្រ្តី។
បន្ទាប់ពីសុន្ទរកថាស្វាគមន៍ដោយឯកឧត្តមអភិបាលខេត្ត និងបទបង្ហាញរបស់លោកប្រធានកម្មវិធីអេដស៍ខេត្ត ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍បើកកិច្ចប្រជុំ ដោយថ្លែងនូវការកោតសរសើរចំពោះខេត្តបន្ទាយមានជ័យ ថាមានវឌ្ឍនភាព ជាពិសេសការងារឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ដោយសម្រេចបាន៨៦-១០០-៩៨ នៃគោលដៅ៩៥-៩៥-៩៥។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា គណៈប្រតិភូអន្តរក្រសួងដែលចុះបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យនៅពេលនេះ គឺដើម្បីឱ្យទាន់ពេលវេលសម្រាប់ខេត្តក្នុងរៀបចំកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២៧។ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ កម្ពុជាជាប្រទេសឈានមុខគេមួយទាំងនៅក្នុងតំបន់និងពិភពលោក។ ប៉ុន្តែ និន្នាការថវិកាជំនួយពីខាងក្រៅបាននិងកំពុងកាត់បន្ថយ ហើយឈានទៅបញ្ចប់។ ដូច្នេះ ការងារសំខាន់របស់យើង គឺគិតគូរពីចីរភាពកម្មវិធីអេដស៍នៅថ្នាក់ក្រោមជាតិ ជាពិសេសការឆ្លើយតប នៅតាមឃុំ សង្កាត់។
នៅក្នុងដំណើរការកិច្ចប្រជុំបន្ត ឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា និងឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត បានធ្វើបទបង្ហាញទៅតាមរបៀបវារៈ ហើយនៅក្នុងកិច្ចពិភាក្សារួម ឯកឧត្តម លោកជំទាវ ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ដែលជាសមាជិកគណៈប្រតិភូអន្តរក្រសួងបានមានមតិ និងសួរបញ្ជាក់អំពីចំណុច ដែលបានលើកឡើង។ មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា នៅខេត្តបន្ទាយមានជ័យដោយអត្រាគោលដៅ៩៥ទី១នៅទាបជាងថ្នាក់ជាតិ ដូច្នេះ ត្រូវពង្រឹងការធ្វើតេស្ត និងការបង្ការ។ ក្នុងនោះ សូមជំរុញការធ្វើតេស្តឱ្យបានច្រើន កាត់បន្ថយការឆ្លងឱ្យទាបបំផុត ដោយប្រើវិធីបង្ការរួមមាន៖ ស្រោមអនាម័យ អប់រំណែនាំឱ្យមានដៃគូមួយទល់នឹងមួយ និងសេវាប្រឹព ប៉ិប។ ទន្ទឹមនឹងនេះ សូមខេត្តជួយពង្រឹងការងារពហុវិស័យ ជាពិសេសអាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ដែលមានអ្នកផ្ទុកមេរោគអេដស៍រស់នៅ។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានអំណរគុណឯកឧត្តមអភិបាលខេត្តដែលបានរៀបចំឱ្យមានកិច្ចប្រជុំនេះ និងបានផ្តល់ថវិកាចំនួន៤លានរៀលជូនរដ្ឋបាលខេត្តដើម្បីឧបត្ថម្ភជនភៀសសឹក ព្រមទាំងអាវយឺត និងស្រោមអនាម័យផងដែរ។