
នៅព្រឹកថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្តសៀមរាប ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញជាអធិបតីដ៏ ខ្ពង់ខ្ពស់ដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តសៀមរាប។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យការឆ្លើយតបនឹងមេរោគអេដស៍នៅខេត្តសៀមរាប តាមគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ព្រមទាំងជំរុញផ្សព្វផ្សាយការប្រើប្រាស់ស្រោម អនាម័យឱ្យបាន១០០%។
ចូលរួមក្នុងកិច្ចប្រជុំរួមមាន ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរង និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តសៀមរាប ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការនិងជាប្រធាន/តំណាងគណៈកម្មាធិការ ប្រយុទ្ធនឹងជំងឺអេដស៍ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ ប្រធានមន្ទីរសុខាភិបាល ប្រធានកម្មវិធីអេដស៍ខេត្តសៀមរាប លោក លោកស្រីប្រធាន/តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ស្នងការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អភិបាល/អភិបាលរងក្រុង ស្រុក លោកនាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំ សុខភាពអ្នកជំងឺអេដស៍(AHF) តំណាងអង្គការធ្វើការងារអេដស៍ (AHF, RHAC, PSI, FHI360, DFonPam, CRS, MHSS) និងតំណាងក្រុមប្រជាជនគន្លឹះ ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១-សុន្ទរកថាស្វាគមន៍ដោយឯកឧត្តមអភិបាលរងខេត្តសៀមរាប
២-លទ្ធផលការងារកម្មវិធីអេដស៍នៅខេត្តសៀមរាប ដោយលោកវេជ្ជបណ្ឌិត អឿន សាអែម ជាប្រធានកម្មវិធីអេដស៍ខេត្ត
៣-មតិបើក និងដឹកនាំកិច្ចប្រជុំដោយឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
៤-បទបង្ហាញស្តីពីការរៀបចំផែនការសកម្មភាពរួមសម្រាប់កិច្ចឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅថ្នាក់ក្រោមជាតិ ដោយឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
៥-បទបង្ហាញស្តីពីសារាចរអន្តរក្រសួងលេខ០០៧ សហវ.ស.រ.អហក ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ស្តីពីការគ្រប់គ្រង ការចាត់ចែង និងការកំណត់មុខសញ្ញាចំណាយថវិកាសេវាសង្គមនិងអនាម័យបរិស្ថាននៃមូលនិធិក្រុង ស្រុក ខណ្ឌ និងមូលនិធិឃុំ សង្កាត់ ដោយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
៦-កិច្ចពិភាក្សារួម
៧-អនុសាសន៍ណែនាំ និងបិទកិច្ចប្រជុំដោយឯកឧត្តមទេសរដ្ឋមន្រ្តី។