នៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៣ នៅសាកលវិទ្យាល័យវេស្ទើន មានវគ្គសិក្ខាសាលាស្តីពីគ្រោះថ្នាក់ដោយសារគ្រឿងញៀន និងមេរោគអេដស៍ និងបញ្ហាប្រឈម សម្រាប់និស្សិតឆ្នាំសិក្សាមូលដ្ឋាន ដោយមានធ្វើបទបង្ហាញ ពីអាជ្ញាធរជាតិប្រយុទ្ធនឹងគ្រឿងញៀន និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមាននិស្សិតចូលរួមប្រមាណជា២៥០នាក់។ វគ្គសិក្ខាមានគោលបំណងសំខាន់ ដើម្បីធ្វើការផ្សព្វផ្សាយ ពីស្ថានភាពការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ក្រុមដែលងាយរងគ្រោះដោយសារជំងឺអេដស៍ និងមេរោគអេដស៍ បញ្ហាប្រឈមឬងាយប្រឈមរបស់យុវវ័យ និងការឆ្លើយតបរបស់ថ្នាក់ជាតិ។ ឯកឧត្តមវេជ្ជបណ្ឌិត តែង គន្ធី ជាវាលឃ្មិនក្នុងការធ្វើបទបង្ហាញ បានបញ្ជាក់ថា បញ្ហាការឆ្លងរីករាលដាលមេរោគអេដស៍ភាគច្រើនកើតឡើងចំពោះ ដែលស្ថិតក្នុងវ័យកំពុងភ្លើតភ្លើង ចង់ដឹង ចង់ស្គាល់ ចង់ភ្លក់ ជាពិសេសបញ្ហាគ្រឿងញៀន និងមេរោគអេដស៍ និងជំងឺអេដស៍។ ឯកឧត្តមវេជ្ជបណ្ឌិត បានបន្ថែមថា តាមការសិក្សាទៅលើយុវវ័យងាយរងគ្រោះដោយសារជំងឺអេដស៍ និងមេរោគអេដស៍ក្នុងឆ្នាំ ២០១០ របស់ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការខាណា បានបង្ហាញថាយុវតី ដែលមានអាយុ ២០ ឆ្នាំ ទៅ ២៤ ឆ្នាំ មានចំនួន ៣១.៣៣% ធ្លាប់ធ្វើការរំលូតកូន ដែលជាភស្តុតាងបង្ហាញថា ក្រុមពួកគេ រួមភេទដោយមិនបានប្រើប្រាស់ស្រោមអនាម័យ។ គួរបញ្ជាក់ផងដែរថា ស្ថានភាពការរីករាលដាលមេរោគអេដស៍នៅកម្ពុជា ដោយអត្រាឆ្លងមេរោគអេដស៍ខ្ពស់ស្ថិតក្នុងក្រុមមនុស្សដែលមានអាយុចន្លោះពី ១៥ឆ្នាំ ទៅ ៤៩ឆ្នាំ មានអត្រាឆ្លងប្រមាណ ០.៧% ក្នុងឆ្នាំ ២០១៣ ដែលក្នុងនោះមានក្រុមប្រឈមមុខខ្ពស់ដោយសារជំងឺអេដស៍សំខាន់ៗរួមមានក្រុមបុរសស្រឡាញ់បុរសនិងស្រីស្រស់ ក្រុមអ្នកបម្រើការកន្លែងកំសាន្តសប្បាយ និងក្រុមអ្នកប្រើប្រាស់គ្រឿងញៀន។ឯកឧត្តមវេជ្ជបណ្ឌិត បានក៏បានជំរុញ និងលើកទឹកចិត្តដល់និស្សិតដែលជាយុវវ័យ ត្រូវតែមានការចូលរួមក្នុងសកម្មភាពទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ព្រោះការចូលរួមរបស់យុវវ័យពិតជាមានសារៈសំខាន់ណាស់ ព្រោះយុវជនជាកម្លាំងស្នូលក្នុងការផ្សព្វផ្សាយបន្តពីពត៌មានទៅកាន់អ្នកដទៃ និងខ្លួនគេផ្ទាល់អាចការពារខ្លួន និងគេចផុតពីមេរោគនេះ។ ជាលទ្ធផល អ្នកចូលរួមបានទទួលនូវចំណេះដឹងមូលដ្ឋាន និងពត៌មានទូទៅពីបញ្ហាមេរោគអេដស៍ និងជំងឺអេដស៍ យល់ដឹងពីវិធានការក្នុងការពារខ្លួនឱ្យជៀសផុតពីមេរោគអេដស៍ និងជំងឺអេដស៍ និងយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយបន្តដល់គ្រួសារ មិត្តភក្តិ និងសហគមន៍ទាំងមូល។
ឯកសារសម្រាប់ទាញយក
| ចំណងជើង | ទំហំ | ការទាញយកឯកសារ |
|---|---|---|
ស្ថានភាពនៃការឆ្លងរាលដាលមេរោគអេដស៌ | 8.49 MB | ![]() |