
នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅសណ្ឋាគារសាន់វេ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសាកល បានអញ្ជើញជាអធិបតីនិងដឹកនាំកិច្ចប្រជុំរួមមូលនិធិសាកលដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា គណៈកម្មាធិការសម្របសម្រួលមូលនិធិសាកលកម្ពុជា អង្គភាពទទួលជំនួយគម្រោងមូលនិធិសាកល ក្រុមប្រជាពលរដ្ឋតំណាងសហគមន៍ និង អ្នករស់នៅជាមួយជំងឺអេដស៍ របេង គ្រុនចាញ់ ដែលជាអ្នកទទួលផលពីគម្រោងមូលនិធិសាកល និងបណ្តាអង្គការដៃគូរអភិវឌ្ឍ ម្ចាស់ជំនួយ សង្គមស៊ីវិល ភ្នាក់ងារត្រួតពិនិត្យមូលនិធិ និងអ្នកផ្តល់ប្រឹក្សាបច្ចេកទេសនៃគម្រោងមូលនិធិសាកល។ គោលបំណងនៃកិច្ចប្រជុំគឺស្វែងយល់អំពីទម្រង់បែបបទថ្មីៗនៃការផ្តល់ជំនួយក្នុងគម្រោងមូលនិធិសាកល សិក្សាអំពីការផ្លាស់ប្តូរនានានៃគោលនយោបាយ លក្ខខណ្ឌក្នុងការផ្តល់ជំនួយ និងរបៀបរបបការរៀបចំសំណើគម្រោង និង យន្តការនៃគ្រប់គ្រង និងការអនុវត្តគម្រោងជំនួយ និង ពិភាក្សាក្នុងកម្រិតសហគមន៍ជាតិ ដើម្បីផ្លាស់ប្តូរគំនិត ទស្សនៈ នៃការរៀបចំសំណើគម្រោង និង សម្របសម្រួលការអនុវត្តគម្រោងមានភាពទន់ភ្លន់ បត់បែន កិច្ចសហការរវាងភាគីម្ចាស់ជំនួយ និងអ្នកទទួលជំនួយមានភាពរលូន ដើម្បីទទួលបានលទ្ធផល ប្រសិទ្ធភាពជាអតិបរមា និង ឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃការប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់នៅកម្ពុជា ក៏ដូចជាបំពេញគោលនយោបាយលក្ខខណ្ឌរបស់មូលនិធិសាកលជាម្ចាស់ជំនួយនៅក្នុងបរិបទកម្ពុជា។ គួររំលឹកថា ក្នុងរយៈពេល១៣ឆ្នាំកន្លងមក មូលនិធិសាកលបានផ្តល់ជំនួយហិរញ្ញវត្ថុ ក្នុងទឹកប្រាក់ប្រមាណ ៤១៥ លានដុល្លាសហរដ្ឋអាមេរិក សម្រាប់គម្រោងប្រយុទ្ធនឹងជំងឺ អេដស៍ របេង គ្រុនចាញ់ និង ពង្រឹងប្រព័ន្ធសុខាភិបាល។ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ ២០២០ មូលនិធិសាកលគ្រោងនឹងផ្តល់ជំនួយហិរញ្ញវត្ថុ 98,445,151 USD ដល់កម្ពុជាដើម្បីបន្តប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់។