
នាព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០១៧នេះ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ជាប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសាកល កម្ពុជា បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិដើម្បីស្តាប់នូវសេចក្តីសម្រេចចិត្តរបស់ ក្រុមប្រឹក្សាភិបាលនៃមូលនិធិសាកលទីក្រុងហ្សឺណែវ គោលបំណងនៃគម្រោងជំនួយ ទំហំជំនួយហិរញ្ញវត្ថុ និង អំពីល័ក្ខខ័ណ្ឌតម្រូវនានារបស់មូលនិធិសាកល។ កិច្ចប្រជុំក៏បានរៀបចំកិច្ចពិភាក្សាក្នុងចំណោមស្ថាប័នរាជរដ្ឋាភិបាល ដៃគូរភិវឌ្ឍ ប្រជាពលរដ្ឋដែលរស់នៅជាមួយ និង ប្រឈមទៅនឹងជំងឺទាំងបី និងផ្នែកពាក់ព័ន្ធដ៏ទៃទៀត ដើម្បីសិក្សា ពិគ្រោះលំអិតអំពីគោលដៅសកម្មភាព ជាអាទិភាព ក្នុងការប្រយុទ្ធនឹង ជំងឺអេដស៍ គ្រុនចាញ់ និង របេង នៅ គ្រាដែលមូលនិធិសាកលគ្រោងនឹងផ្តល់ដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្ត ប្រយុទ្ធនឹង ជំងឺទាំងបី សំរាប់ រយៈពេលពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ជាមួយទឹកប្រាក់ជំនួយប្រមាណ៩៨ លានដុល្លា។
គួររំលឹកថា រយៈពេល១៣ឆ្នាំមកទល់ថ្ងៃនេះ មូលនិធិសាកលបានផ្តល់ជំនួយហិរញ្ញវត្ថុប្រមាណ៤១៥ លានដុល្លាសហរដ្ឋអាមេរិក វាត្រូវបានបែងចែកសំរាប់ប្រយុទ្ធនឹងជំងឺអេដស៍ ប្រមាណ២៥៣ លានដុល្លា ត្រូវជា៥០%នៃជំនួយសរុប។ ទឹកប្រាក់ប្រហែលជា១៤៧លានដុល្លាត្រូវបានបែងចែកសំរាប់ប្រយុទ្ធនឹងជំងឺ គ្រុនចាញ់ ទឹកប្រាក់ប្រមាណ៥០លានដុល្លាសំរាប់កម្មវិធីប្រយុទ្ធនឹងជំងឺរបេង និង ៣២ លានដុល្លាត្រូវបានផ្តល់ ជូនសំរាប់គាំទ្រការអភិវឌ្ឍដល់គម្រោងកម្មវិធីពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជា។
បច្ចុប្បន្នគម្រោងកម្មវិធីប្រយុទ្ធ និងឆ្លើយតបទៅនឹងមេរោគអេដស៍ និង ជម្ងឺអេដស៍របស់មូលនិធិ សាកលបានគាំទ្រចំណាយហិរញ្ញវត្ថុសំរាប់ការថែទាំព្យាបាលអ្នកជំងឺអេដស៍ចំនួនប្រមាណ៥៨០០០នាក់ ចំណែករាជរដ្ឋាភិបាលក៏បានផ្តល់ថវិកាជាតិចូលរួមទិញឱសថប្រឆាំងមេរោគអេដស៍ប្រមាណ៣.៧លានដុល្លាសំរាប់ឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ និងគ្រោងថវិកាជាតិ១.៦លានដុល្លាទៀតសំរាប់ចំណាយលើបុគ្គលិកជាប់ កិច្ចសន្យាដែល បំរើការងារនៅក្នុងគម្រោងមូលនិធិសាកល។
ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បាន ផ្តាំផ្ញើរអោយកិច្ចប្រជុំ ខិតខំស្វែងរកការស្រុះស្រួលក្នុងចំណោមផ្នែក ពាក់ព័ន្ធជាពិសេសការកែលំអរ កែសំរួលយន្តការខ្លះៗ និង ប្រព័ន្ធសម្របសម្រួលគម្រោងមូលនិធិសាកល ជាមួយផ្នែកអនុវត្តគម្រោងកម្មវិធីដើម្បីទទួលបានប្រសិទ្ធភាពអោយកាន់តែល្អថែមទៀត ដោយមានភាពបត់បែន និងសមស្របជាមួយស្ថានភាព ពេលវេលាគម្រោងជាក់ស្តែង។