
នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ គណៈកម្មាធិការសម្របសម្រួលជំនួយមូលនិធិសកល អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលជំនួយមូលនិធិសកល ដោយមានការចូលរួមពីកម្មវិធីជាតិ ក្រុមការងារមូលនិធិសកលប្រចាំប្រទេស តំណាងអង្គការសុខភាពពិភពលោក តំណាងកម្មវិធីអេដស៍អង្គការសហប្រជាជាតិ និងដៃគូសង្គមស៊ីវិលក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍។ សិក្ខាសាលាមានគោលបំណងពិភាក្សាលើការរៀបចំ គម្រោងសំណើថវិកាកម្មវិធីអេដស៍ទៅមូលនិធិសកល សម្រាប់ឆ្នាំ២០១៨-២០២០។ ក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តមទេសរដ្ឋមន្រ្តី បានកត់សម្គាល់ថា កម្ពុជាបានទទួលជោគជ័យក្នុងការកាត់បន្ថយអត្រាផ្ទុកមេរោគអេដស៍ក្នុងចំណោមមនុស្សពេញវ័យពី១,៧% នាឆ្នាំ១៩៩៨ មកនៅត្រឹម០,៦% ក្នុងឆ្នាំ ២០១៤។ កម្ពុជាតាំងចិត្តធ្វើឱ្យសម្រេចគោលដៅ ៩០-៩០-៩០ នៅមុនឆ្នាំ២០២០ ដើម្បីឈានទៅសម្រេចជោគជ័យក្នុងការលុបបំបាត់ការចម្លងមេរោគអេដស៍ស្ទើរទាំងស្រុងនៅមុនឆ្នាំ២០២៥ (មានន័យថាការឆ្លងថ្មីមាន ចំនួនតិចជាង៣នាក់ក្នុងចំណោមពលរដ្ឋមួយសែននាក់ក្នុងមួយឆ្នាំ ហើយការឆ្លងពីមាតាទៅទារកគឺតិចជាង៥%)។ ការផ្តល់ឱសថប្រឆាំងមេរោគអេដស៍បានគ្របដណ្តប់លើស៨០ភាគរយនៃអ្នកផ្ទុកមេរោគដែលត្រូវការថ្នាំ។ តែតាមការប្រមាណ នៅមានអ្នកជំងឺដែលអាចផ្ទុកមេរោគអេដស៍មិនទាន់រកឃើញប្រហែល ១៥០០០នាក់ទៀត ដែលក្នុងនោះ ៧០% អាចនៅលាយឡំក្នុងចំណោមពលរដ្ឋទូទៅ។ ថវិកាឆ្លើយតបនឹងមេរោគអេដស៍បច្ចុប្បន្ន បានទទួលពីមូលនិធិសកលចំនួន ៣៦លានដុល្លារសម្រាប់ពីខែតុលាឆ្នាំ២០១៥ ដល់ខែធ្នូឆ្នាំ២០១៧នេះ រួមជាមួយនឹងការវិនិ យោគរបស់រាជរដ្ឋាភិបាលចំនួន ៣,៧លានដុល្លារ។ ក្នុងនោះថវិកាស្ទើរពាក់កណ្តាលត្រូវប្រើសម្រាប់តែឱសថប្រឆាំងមេរោគអេដស៍។ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍នាពេលខាងមុខ យើងរំពឹងថាមូលនិធិសកលនឹងផ្តល់ថវិកា ៤១,៦លានដុល្លារ សម្រាប់ពីខែមករា២០១៨ដល់ខែធ្នូ២០២០ (បីឆ្នាំ) ហើយដើម្បីជាដៃគូវិនិយោគជាមួយមូលនិធិសកល អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍កំពុងរៀបចំសំណើជូនរាជរដ្ឋាភិបាលពិចារណា ក្នុងការបន្តបម្រុងទុកថវិកាជាតិ១,៥លានដុល្លារក្នុង១ឆ្នាំសម្រាប់ឱសថប្រឆាំងមេរោគអេដស៍ និង១,១លានដុល្លារសម្រាប់មន្រ្តីជាប់កិច្ចសន្យា។ គម្រោងសំណើថ្មីនេះនឹងប្រើក្របខ័ណ្ឌសកម្មភាពសហគមន៍គំរូថ្មី និងបណ្តាញសង្គម ជំរុញអន្តរាគមន៍ដឹកនាំដោយមិត្តភក្តិសហគមន៍ ដើម្បីគាំទ្រការស្វែងរកនិងគ្រប់គ្រងករណីថ្មី។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យមានការពិភាក្សារួមគ្នារវាងអ្នកទទួលខុសត្រូវការងារ និងពលរដ្ឋពិសេសជនរងគ្រោះ ឱ្យព្យាយាមកាត់បន្ថយការធ្វើការដាច់ៗពីគ្នា ហើយដាក់បញ្ចូលសកម្មភាពណាដែលនឹងធានា ឱ្យមានការឆ្លើយតបយូរអង្វែង ដើម្បីត្រៀមខ្លួនចំពោះពេលវេលាដែលលែងមានជំនួយពីក្រៅ។ ជាទីបញ្ចប់ ឯកឧត្តមបញ្ជាក់ពីការរៀបចំខ្លួនរបស់កម្ពុជាក្នុងភាពជាម្ចាស់លើការឆ្លើយតបនឹងមេរោគអេដស៍ នាពេលខាងមុខដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងទទួលយកតួនាទីជាភ្នាក់ងារទទួលជំនួយចម្បង តែមួយគត់ នៃមូលនិធិសកល ហើយក្រសួងសុខាភិបាលធ្វើការជាអ្នកអនុវត្តការងារ ចាប់ពីឆ្នាំ២០១៨ តទៅ៕