
នារសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ជាប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសាកល បានអញ្ជើញជាអធិបតី និង ដឹកនាំកិច្ចប្រជុំពិសេស គណៈកម្មាធិការសម្របសម្រួលមូលនិធិសាកលដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិក សមាជិកាគណៈកម្មាធិការសម្របសម្រួលមូលនិធិសាកលកម្ពុជា អង្គភាពទទួលជំនួយគម្រោងមូលនិធិសាកល ក្រុមប្រជាពលរដ្ឋតំណាងសហគមន៍ ដែលប្រឈមជាមួយគ្រុនចាញ់ ដែលជាអ្នកទទួលផលពីគម្រោងមូលនិធិសាកល និងបណ្តាអង្គការដៃគូរអភិវឌ្ឍ ម្ចាស់ជំនួយ សង្គមស៊ីវិល ភ្នាក់ងារត្រួតពិនិត្យមូលនិធិ និងអ្នកផ្តល់ប្រឹក្សាបច្ចេកទេសនៃគម្រោងមូលនិធិសាកល។ គោលបំណងនៃកិច្ចប្រជុំ ពិនិត្យ និង ពិភាក្សាលំអិតជាពិសេស លើសំណើរគម្រោងស្នើសុំមូលនិធិសាកលដើម្បីចូលរួមពង្រឹងប្រព័ន្ធសុខាភិបាល និង សំណើរកែប្រែនៃសំណើរគម្រោងសុំមូលនិធិសាកលសម្រាប់ប្រយុទ្ធនឹង ជម្ងឺគ្រុនចាញ់នៅព្រះរាជាណាចក្រកម្ពុជា សំរាប់ឆ្នាំ២០១៨ ដល់ឆ្នាំ ២០២០។ គួររំលឹកថា មូលនិធិសាកលជា មូលនិធិដែលត្រូវបានផ្តួចផ្តើមឡើងដោយអង្គការសហប្រជាជាតិ និងមានទិសដៅចំបងលើការកាត់បន្ថយ អត្រាស្លាប់ និង អត្រាឈឺ ដែលបណ្តាលមកពីជម្ងឺឆ្លង ០៣ ប្រភេទ គឺ ជំងឺអេដស៍ របេង និង គ្រុនចាញ់ ដែលបានសម្លាប់ និង គំរាមកំហែងដល់អាយុជីវិតមនុស្សរាប់លាននាក់ នៅជំវិញពិភពលោក។ ការធ្លាក់ចុះនៃជំនួយមូលនិធិសាកល ការផ្លាស់ប្តូរល័ក្ខខ័ណ្ឌក្នុងការផ្តល់ជំនួយ របៀបរបបការរៀបចំសំណើគម្រោង សកម្មភាពលំអិតគម្រោង និងយន្តការ នៃគ្រប់់គ្រង និងការអនុវត្តគម្រោងជំនួយ បាននិងកំពុងត្រូវបានពិចារណា ជាច្រើនលើកច្រើនសារ និង ហ្មត់ចត់ ដើម្បីជួយមានការឯកភាពគ្នា និងគាំទ្រអោយសកម្មភាពគម្រោងកម្មវិធីអាចអនុវត្តបានពេញលេញ និងជោគជ័យ ដោយភាពទន់ភ្លន់ បត់បែន និង មានកិច្ចសហការល្អរវាងភាគីម្ចាស់ជំនួយ និង អ្នកទទួលជំនួយ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃការប្រយុទ្ធនឹងគ្រុនចាញ់នៅកម្ពុជា ក៏ដូចជាបំពេញគោលនយោបាយ ល័ក្ខខ័ណ្ឌរបស់មូលនិធិសាកលជាម្ចាស់ជំនួយសំរាប់ស្ថានភាពជាក់ស្តែងនៅកម្ពុជា។ ក្នុងអំឡុងពេលពីឆ្នាំ២០១៨ ដល់ឆ្នាំ ២០២០ មូលនិធិសាកលគ្រោងនឹងផ្តល់ជំនួយហិរញ្ញវត្ថុ ៩៨ ៤៤៥ ១៥១ ដុល្លាសហរដ្ឋអាមេរិក ដល់កម្ពុជាដើម្បីបន្តប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ ក្នុងនោះ ទឹកប្រាក់ជំនួយ ៤៣ ០៣៤ ៩៥៣ ដុល្លា ត្រូវបានបែងចែកសំរាប់ការប្រយុទ្ធនឹងជំងឺគ្រុនចាញ់។