
នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ជាប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសាកលកម្ពុជា បានដឹកនាំ កិច្ចប្រជុំរួមគណៈកម្មាធិការប្រតិបត្តិ (Executive Committee) និង គណៈកម្មាធិការអភិបាល (Oversight Committee) នៃ គណៈកម្មាធិការសម្របសម្រួលមូលនិធិសាកលកម្ពុជា (Country Coordinating Committee: CCC) ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការតាក់តែងសំណើគម្រោងប្រយុទ្ធនឹងជំងឺអេដស៍ និង ជម្ងឺរបេង ទៅមូលនិធិសាកល។ ដំណើរការនៃការពិគ្រោះយោបល់ទូលំទូលាយជាមួយ ផ្នែក និង ស្ថាប័នពាក់ព័ន្ធ បានដំណើរការជាបន្ត បន្ទាប់។ គណៈកម្មការតាក់តែងសំណើរគម្រោងកម្មវិធីសំរាប់ការប្រយុទ្ធនឹងជម្ងឺអេដស៍ និង របេង បាន ចងក្រងផែនការសកម្មភាព បទអន្តរាគមន៍ ផែនការថវិកា បានសម្រេចមួយជំហ៊ាន និងដាក់ជូនគណៈកម្មាធិការសម្របសម្រួលមូលនិធិសាកលកម្ពុជា ដើម្បីពិនិត្យ និងផ្តល់យោបល់។ គម្រោងកម្មវិធីប្រយុទ្ធនឹងជម្ងឺអេដស៍ របេង និង គ្រុនចាញ់ ត្រូវបានផ្តល់ការគាំទ្រហិរញ្ញវត្ថុដោយ មូលនិធិសាកលបច្ចុប្បន្ន នឹងត្រូវបានបញ្ចប់នៅចុងឆ្នាំ២០១៧នេះ។ មូលនិធិសាកលនឹងបន្តផ្តល់ជំនួយថវិកាដល់ គម្រោងកម្មវិធីថ្មីសំរាប់ឆ្នាំ២០១៨-២០២០ ជាបន្តទៀត។