
ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល មូលនិធិសាកលកម្ពុជា បានទទួលជួបប្រជុំជាមួយគណៈប្រតិភូមូលនិធិសាកលទីស្នាក់ការកណ្តាលទីក្រុងហ្សឺណែវ រួមមានក្រុមមន្ត្រីជាន់ខ្ពស់គ្រប់គ្រងគម្រោងមូលនិធិសម្រាប់ប្រទេសកម្ពុជា និងក្រុមអធិការកិច្ចរបស់ក្រុមប្រឹក្សាភិបាលមូលនិធិសាកល ដឹកនាំដោយលោកអគ្គាធិការ Mouhamadou Diagne . កិច្ចប្រជុំបានផ្តោតចំបងលើការរៀបចំ កែសម្រួលរចនាសម្ព័ន្ធ និងយន្តការគ្រប់គ្រង សម្របសម្រួលគម្រោងជំនួយមូលនិធិសាកលថ្មី សម្រាប់ប្រយុទ្ធនឹងជំងឺអេដស៍ គ្រុនចាញ់ និងរបេង សម្រាប់ឆ្នាំ២០១៨-២០១០ និងពិនិត្យលើលទ្ធផលនៃការពិនិត្យស្វែងយល់ ធ្វើសវនកម្មលើការអនុវត្តគម្រោងកម្មវិធីទាំងអស់បច្ចុប្បន្នរបស់កម្ពុជាដែលផ្តល់ជំនួយហិរញ្ញវត្ថុដោយមូលនិធិសាកល ។ កិច្ចប្រជុំក៏បានពិគ្រោះពិភាក្សា និងផ្លាស់ប្តូរព័ត៌មាន ចំណុចល្អៗទាំងឡាយ និងកង្វះខាត ដើម្បីឈានទៅកែសម្រួល និងពង្រឹងយន្តការសម្របសម្រួល ដើម្បីអោយការអនុវត្តគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ គ្រុនចាញ់ និងរបេង នៅព្រះរាជាណាចក្រកម្ពុជា កាន់តែទទួលបានលទ្ធផលល្អ និង ជោគជ័យថែមទៀត ។