
នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ នៅសណ្ឋាគារបឹងសំរិទ្ធ ខេត្តកំពង់ធំ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបើកកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ គឺស្ថាប័នរាជរដ្ឋាភិបាលដែលមានសមាជិកសមាជិការ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងរាជធានី ខេត្ត ឬតំណាងថ្នាក់ដឹកនាំក្រសួងស្ថាប័ន អង្គភាព នៃរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិ ជាកិច្ចប្រជុំប្រចាំឆមាស ដើម្បីពិនិត្យមើល វឌ្ឍភាព និង បញ្ហាប្រឈមនានាដែលបានជួយប្រទះនៅក្នុងការអនុវត្តគោល នយោបាយជាតិ ការអនុវត្តផែនការសកម្មភាព គ្រប់វិស័យ ដើម្បី អនុម័តគោលនយោបាយ និង ស្វែងរកដំណោះស្រាយ ការសម្របសម្រួលអន្តរវិស័យ ដើម្បីសម្រេចអនុវត្តផែនការសកម្មភាពបង្ការការចម្លងមេរោគអេដស៍ ការថែទាំព្យាបាលអ្នកជំងឺអេដស៍ និង ការប្រយុទ្ធនឹងជំងឺអេដស៍អន្តរវិស័យជាទូទៅ។ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងអំណរគុណសារជាថ្មីជូនចំពោះ ឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិការ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ដែលបានចូលរួមចំណែកយ៉ាងសកម្ម តាមរយៈ មគ្គុទេសដឹកនាំ ផ្តល់ការសហការ គាំទ្រទៅវិញទៅមកនៅក្នុងបេសកម្មប្រយុទ្ធនឹងជំងឺអេដស៍នាពេលកន្លងមក ហើយដែលព្រះរាជាណាចក្រកម្ពុជា បានទទួលលទ្ធផលត្រចះត្រចង់ដែលសហគមន៍ជាតិ និងអន្តរជាតិបានទទួលស្គាល់ និងបានកោតសសើរចំពោះព្រះរាជាណាចក្រកម្ពុជា ព្រោះកម្ពុជាបានកាត់បន្ថយករណីចម្លងមេរោគអេដស៍ និងការស្លាប់ដោយសារជំងឺអេដស៍ ដល់កំរិតទាបបំផុតនៅក្នុងតំបន់។ ទន្ទឹមនឹងជោគជ័យដែលយើងទទួលកន្លងមក យើងក៏នៅមានទិសដៅ និងគោលដៅប្រកបដោយមហិច្ឆតា គឺ លុបបំបាត់ការកាត់បន្ថយករណីនៃការចម្លងមេរោគអេដស៍អោយធ្លាក់មកទាបត្រឹម៣០០នាក់ក្នុងមួយឆ្នាំត្រឹមឆ្នាំ២០២៥។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានរំលឹក និងសំនូមពរដល់សមាជិកសមាជិការ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បន្តឆ្លើយតប និងសកម្មចូលរួមជាបន្តទៀត ដើម្បីសម្រេចគោលដៅដ៏ធំនេះ ព្រះរាជាណាចក្រកម្ពុជាត្រូវតែ ពុះពារ ជំនះរាល់ការលំបាកកង្វះធនធានមនុស្ស និងហិរញ្ញវត្ថុ តាមរយៈការគៀងគរធនធានក្នុងស្រុកបន្ថែមទៀត នៅគ្រាដែលជំនួយពីខាងក្រៅប្រទេសបាន និងកំពុងបន្តធ្លាក់ចុះ។ ជំនួយពីក្រៅប្រទេសសំរាប់ប្រយុទ្ធនឹងជំងឺអេដស៍ មាននិន្នាការធ្លាក់ចុះ តែនិរន្តភាព និងកិច្ចខិតខំប្រយុទ្ធនឹងជំងឺអេដស៍ តម្រូវអោយកម្ពុជាយើងធ្វើជាម្ចាស់បញ្ហា និងទទួលខុសត្រូវដោយខ្លួនឯងជាបន្ទាប់ៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីកម្ពុជាអាចសម្រេចគោលដៅតាមផែការគ្រោងទុក។
ឯកសារសម្រាប់ទាញយក