
នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅសណ្ឋាគារហ្គ្រីនផាលេស្ស ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា អំពីកិច្ចសហប្រតិបត្តិការ និង ការចូលរួមចំណែករបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សំរាប់បទអន្តរាគមន៍ និងសកម្មភាពឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍នៅក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ អញ្ជើញចូលរួមនៅក្នុងអង្គសិក្ខាសាលាមាន ឯកឧត្តម លោកជំទាវ អស់លោក និងលោកស្រី ដែលអញ្ជើញមកពីវិស័យសុខាភិបាល និង មិនមែនសុខាភិបាល អ្នកតំណាងនៃប្រជាជនទទួលផលប៉ពាល់ជាងគេ និងមន្រ្តី ទីភ្នាក់ងារសហប្រតិបត្តិការសហរដ្ឋអាមេរិក USAID និងគម្រោង Linkages ។
គោលបំណងនៃអង្គសិក្ខាសាលាគឺ ពិគ្រោះពិភាក្សា អំពីលទ្ធភាពចូលរួមចំណែក កិច្ចសហ ប្រតិបត្តិការបំពេញអោយគ្នាទៅវិញទៅ អាជ្ញាធរមូលដ្ឋាន អាជ្ញាធរដែនដី សហគមន៍ប្រជាពលរដ្ឋ និងផ្នែកពាក់ព័ន្ធនានា ដើម្បីធ្វើអោយសម្រេចបានជោគជ័យថែមទៀត ក្នុងការទប់ស្កាត់ ការចម្លងមេរោគអេដស៍ និងឈានទៅកាត់ផ្តាច់ការចម្លងទាំងស្រុងត្រឹមឆ្នាំ២០២៥ ដោយបន្តអនុវត្ត គោលនយោបាយប្រើប្រាស់ស្រោមអនាម័យ១០០% ការស្វែងរកករណីឆ្លងថ្មី និងបញ្ជូនទៅទទួល ការព្យាបាល ក៏ដូចជាលើកកំពស់ការគាំទ្រក្នុងការផ្តល់សេវា ថែទាំ ព្យាបាលអ្នកដែលរស់នៅជាមួយ មេរោគអេដស៍។
គួរំលឹកថា មិនហួសពីឆ្នាំ២០២៥ ព្រះរាជាណាចក្រកម្ពុជាបានកំណត់គោលដៅសម្រេចអោយ បាន ៩៥-៩៥-៩៥ ។ បច្ចុប្បន្ននេះ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសតែ៧ក្នុងពិភពលោក ដែលបានជោគជ័យសម្រេចរួចហើយគោលដៅកៅសិបចំនួន០៣ (៩០-៩០-៩០)៖
• ៩០% នៃអ្នកដែលបានឆ្លងមេរោគអេដស៍ បានទៅពិនិត្យឈាម និងដឹង ថាខ្លួនមាន ផ្ទុកមេរោគអេដស៍ ។
• ៩០% នៃអ្នករស់នៅជាមួយមេរោគអេដស៍ បានទទួលឱសថប្រឆាំងមេរោគអេដស៍ ។
• ៩០% នៃអ្នកបានទទួលការព្យាបាលឱសថប្រឆាំងមេរោគអេដស៍ បានកាត់បន្ថយ ចំនួនមេរោគនៅក្នុងឈាមមកនៅកំរិតតិចបំផុត ។