
នារសៀលថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០១៧ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ចើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាសាលាពិគ្រោះយោបល់ ស្តីពីការបញ្ចូលគ្រួសាររងផលប៉ះពាល់ដោយសារមេរោគអេដស៏ និងជនងាយរងគ្រោះក្នុងដំណើរការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ។
អញ្ចើញចូលរួមនៅក្នុងអង្គសិក្ខាសាលា មានថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកស្រីប្រធានអង្គការUNAIDSនៅកម្ពុជា អស់លោក លោកស្រីជាប្រធានលេខាធិការដ្ឋានអេដស៍និងជាប្រធានកម្មវិធីអេដស៍និងកាមរោគ រាជធានីភ្នំពេញ និងខេត្តទាំង២៥ តំណាងដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល និងអ្នកតំណាងប្រជាជនប្រឈមមុខខ្ពស់និងអ្នកផ្ទុកមេរោគអេដស៍។
គួររំលឹកថា នៅក្នុង៥ខែដើមឆ្នាំ២០១៧ អ្នកជំងឺអេដស៍ចំនួន១៧៥០០នាក់ ត្រូវបានបានចុះឈ្មោះក្នុងប្រព័ន្ធកំណត់ត្រាអ្នកជំងឺ នៅក្នុងមន្ទីរពេទ្យចំនួន ៤១ ដែលទទួលបានកញ្ចប់គាំទ្រនៃមូលនិធិសមធម៌ សំរាប់ផ្តល់សេវាថែទាំ និងព្យាបាលជំងឺ ដោយឥតបង់កំរ៉ៃ ជូនដល់ប្រជាពលរដ្ឋក្រីក្រ រួមទាំងប្រជាពលរដ្ឋក្រីក្រ ដែលរស់នៅជាមួយមេរោគអេដស៍ផង ដោយរាជរដ្ឋាភិបាលទទួលរ៉ាប់រងពាក់កណ្តាល (៥០%) សំរាប់មូលនិធិសមធម៌ចំណាយជួយអ្នកជំងឺក្រីក្រ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តាំផ្ញើរដល់អង្គសិក្ខាសាលា និង មន្រ្តីទទួលបន្ទុកកិច្ចការ បន្តយកចិត្តទុកដាក់លើ គ្រួសារក្រីក្រ និងរងគ្រោះរស់នៅជាមួយមេរោគអេដស៍ ទោះជានៅទីណា ពេលណាក្តី សូមស្វះស្វែងរកអោយ ឃើញពួកគាត់ រួចកត់ត្រាដាក់បញ្ចូលពួកគាត់ទៅក្នុងបញ្ជីឈ្មោះគ្រួសារក្រីក្រ ចេញប័ណ្ណសំគាល់ជូនគាត់អោយបានឆាប់រហ័ស និងរក្សាអត្តសញ្ញាណគ្រួសារក្រីក្ររស់នៅជាមួយមេរោគអេដស៍ និង ការសម្ងាត់ជូនពួកគាត់ ជាដាច់ខាត។