
នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ នៅវត្តរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ឯកឧត្តមទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ និង ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយមេរោគអេដស៍ នៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីបានជួបបងប្អូន កូនក្មួយ ចៅៗ សួរសុខទុក្ខដោយផ្ទាល់ បានដឹងសុខទុកអំពីស្ថានភាពរស់នៅ ការទទួលសេវាថែទាំ និង ការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ របស់បងប្អូនប្រជាពលរដ្ឋ ដែលបានឆ្លងមេរោគអេដស៍កាលពីពេលកន្លងទៅ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក្រសួងផែនការ និង ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី និង សម្តេចគតិព្រឹត្តបណ្ឌិត ប្រធានកាកបាទក្រហមជាតិ ដែលសម្តេចទាំងពីរ លោកតែងបាននឹកគិត ខ្វល់ខ្វាយ អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងបានដាក់ទិសដៅណែនាំ អោយស្ថាប័នក្រសួងពាក់ព័ន្ធ រដ្ឋបាលថ្នាក់ខេត្ត ស្រុក និងឃុំ រៀបចំការផែនការអភិវឌ្ឍ វិនិយោគ និងជួយទំនុកបំរុងបងប្អូនប្រជាពលរដ្ឋដែលបានរងការប៉ះពាល់ អាចទទួលបាននូវ ការព្យាបាល ថែទាំសុខភាពផ្ទាល់នៅនឹងទីកន្លែងឃុំតែម្តង ដូចជាក្រសួងសុខាភិបាល បានបង្កើតមន្ទីរពេទ្យបង្អែកមួយថ្មីនាពេលកន្លងទៅ ហើយរាជរដ្ឋាភិបាល សាលាខេត្ត និង មន្ទីរពាក់ព័ន្ធខេត្តបាត់ដំបង បានកសាងផ្លូវកៅស៊ូតភ្ជាប់ទៅផ្លូវជាតិលេខ៥ សំរួលការធ្វើដំណើរ ប្រកបរបរចិញ្ចឹមជីវិតរបស់បងប្អូនក្នុងឃុំ ឆ្លងកាត់ឃុំ។
ក្រសួងផែនការ និង អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បាន សហការដឹកនាំការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងរងគ្រោះដោយសារមេរោគអេដស៍ និងបានចេញប័ណ្ណសំគាល់គ្រួសារក្រីក្រ ដល់បងប្អូនដែលរងផលប៉ះពាល់ដោយមេរោគអេដស៍ ដើម្បីបងប្អូនសំរួលអោយបងប្អូន មានលទ្ធភាពទទួលបានសេវាគាំពារ សង្គម និងសេវាសុខភាពកាន់តែប្រសើរ។
ឯកឧត្តមទេសរដ្ឋមន្រ្តីទាំងពីរក៏បាន ផ្តាំផ្ញើអោយបងប្អូនស្តាប់តាមការណែនាំរបស់គ្រូពេទ្យ លេបថ្នាំអោយបានត្រឹមត្រូវ ទៀងទាត់ ចៀសវាងកុំអោយបងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ ស៊ាំទៅនឹងឱសថប្រឆាំងមេរោគអេដស៍ ដែលនឹងនាំអោយបងប្អូនបរាជ័យជាមួយការព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍ និងឈានទៅ កើតជំងឺ និងស្លាប់ ដោយសារជំងឺអេដស៍។