
នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសាកលកម្ពុជា (Country Coordinating Committee, CCC) បានដឹកនាំគណៈកម្មាធិការប្រតិបត្តិ (Executive Committee) ប្រជុំពិភាក្សា ពិនិត្យវឌ្ឍភាព និង សម្របសម្រួល ការរៀបចំបំពេញតម្រូវការ និង ល័ក្ខខ័ណ្ឌ សំរាប់ការចាប់ផ្តើមនៃការអនុវត្តគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដេស៍សំរាប់ឆ្នាំ២០១៨-២០២០។
គួររំលឹកថា គម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍នៃព្រះរាជាណាចក្រកម្ពុជា សំរាប់រយៈពេល៣ឆ្នាំខាងមុខនេះ ត្រូវបានផ្តល់ជំនួយហិរញ្ញវត្ថុដោយមូលនិធិសាកល នូវទឹកប្រាក់ប្រមាណ៤១ លានដុល្លាសហរដ្ឋអាមេរិក ។
គម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍នឹងត្រូវបានចាប់ផ្តើម អនុវត្តពីដើមឆ្នាំ២០១៨នេះតទៅ ដោយមានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល ជាអង្គភាពថ្នាក់ជាតិ ដឹកនាំការអនុវត្តកម្មវិធីជាតិសំរាប់ការផ្តល់សេវា ថែទាំ និងព្យាបាល ដោយមានការចូលរួមចំណែក សហការ និង គាំទ្រពីសំណាក់អង្គភាព និង ផ្នែកពាក់ព័ន្ធផ្សេងទៀត សំរាប់បទអន្តរគមន៍ និងការផ្តល់សេវាបង្កការ គាំពារសង្គម ចាំបាច់នានាផង។
អង្គប្រជុំបានផ្តល់អនុសាសដល់ស្ថាប័ន ឬ អង្គភាព អនុវត្តគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺ អេដស៍ បន្តលទ្ធភាពអោយអង្គការ តំណាងសហគមន៍ និង សមាគមអ្នករស់នៅជាមួយមេរោគ អេដស៍ ធ្វើសកម្មភាពជួយផ្តល់សេវាដល់អ្នកជំងឺ អេដស៍ តាមបណ្តាញរបស់ពួកគេតទៅទៀត។