
នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលស្រោមអនាម័យចំនួន ៦៤៨.០០០ស្រោម មានតម្លៃស្មើ ១០៣.៦៨០ ដុល្លារអាម៉េរិក ពី ឯកឧត្តម ពិន ឈិន ទីប្រឹក្សាពិសេសក្រសួងមហាផ្ទៃ ដើម្បីឆ្លើយតបនឹងមេរោគអេដស៍ឈាន ឆ្ពោះទៅការបញ្ឈប់ការឆ្លងរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍នៅឆ្នាំ២០២៥ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងកោតសរសើរចំពោះឯកឧត្តម ពិន ឈិន ដែលបានឧបត្ថម្ភជាស្រោមអនាម័យដល់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលជាការរួមចំណែកដ៏ថ្លៃថ្លាក្នុងការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់រំឭកអំពីសារៈសំខាន់នៃការដាក់ឱ្យអនុវត្តវិធានការក្នុងការប្រើប្រាស់ស្រោមអនាម័យ១០០% ពីរាជរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ១៩៩៩ តាមលិខិតជូនដំណឹងលេខ ៦៦សជណ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយការចម្លងមេរោគអេដស៍ និងជាចំណុចគន្លឹះនៃជោគជ័យក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាល មេរោគអេដស៍/ជំងឺអេដស៍នៅកម្ពុជា។
សព្វថ្ងៃ បើទោះបីជាកម្ពុជាបានជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងកំពុងផ្តល់សេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ហើយអ្នកដែលបានឆ្លងមេរោគអេដស៍មួយចំនួនធំអាចបន្តរស់រាន និងមានសុខភាពប្រក្រតីក្តី ក៏ករណីឆ្លងថ្មីនៅតែបន្តកើតមាន។ ដូច្នេះជម្រើសដែលល្អបំផុតគឺ ការបង្ការការចម្លងមេរោគអេដស៍ តាមរយៈការបន្តនូវការវិធានការជំរុញការប្រើប្រាស់ស្រោមអនា ម័យឱ្យបាន១០០% ដែលជាវិធានការដ៏មានប្រសិទ្ធភាពបំផុត។
នៅទីបញ្ចប់ឯកឧត្តមទេសរដ្ឋមន្រ្តី បានជូនពរឯកឧត្តម ពិន ឈិន និងសហការី ឱ្យមានសុខភាពល្អ និងទទួលបាជោគជ័យគ្រប់ភារកិច្ច។