
នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានអនុញ្ញាតិអោយអ្នកជំនាញទទួលភារកិច្ចពីមូលនិធិសាកលដើម្បីធ្វើបុរេសិក្សាអំពីស្ថានភាពនៃការអនុវត្តគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់រយៈពេលគម្រោងប្រយុទ្ធនឹងជំងឺទាំងបី នាពេលខាងមុខបន្ទាប់ពីបានចាប់ផ្ដើមធ្វើការសិក្សាវាយតម្លៃកាលពីឆ្នាំទៅ ។
គួររំលឹកថា ដើម្បីអោយដំណើការប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ បន្តទទួលបានជោគជ័យកាន់តែខ្លាំងបន្ថែមទៀតសម្រាប់ប្រយុទ្ធនឹងជំងឺទាំងបីនាពេលខាងមុខ និង សម្របជាមួយធនធានហិរញ្ញវត្ថុ ធនធានមនុស្ស ពេលវេលា រួមជាមួយគោលដៅ និងផែនការនៃគម្រោងកម្មវិធីកម្រិតសសកល ក៏ដូចជាប្រទេសទទួលជំនួយមូលនិធិនីមួយៗ មូលនិធិសាកលតែងតែបានរៀបចំការសិក្សា ពីលទ្ធផល និងជោគជ័យ ទទួលបានក៏ដូចជា បញ្ហាប្រឈម យន្តការសម្របសម្រួលដែលតម្រូវឱ្យមានការកែសម្រួលស្របទៅតាមស្ថានភាពជាក់ស្តែង។
ព្រះរាជាណាចក្រកម្ពុជា ត្រូវបានមូលនិធិសាកល ទទួលស្គាល់ និងបានចាត់ទុកថា ជាប្រទេសមួយនៅក្នុងចំណោមប្រទេស ដែលគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង និង គ្រុនចាញ់ ទទួលបានលទ្ធផល ផ្លែផ្កា ជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ជាង ប្រទេសផ្សេងៗទៀត (High Impact Countries)។