
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះជួយស្រុកបរសេដ្ឋ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី លើកទី១០៧ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ដោយមានការចូលរួមពីស្រ្តីជា គ្រូបង្រៀន គ្រូពេទ្យ ថ្នាក់ដឹកនាំភូមិ ឃុំ និងមន្រ្តីសាលាស្រុក ការិយាល័យជុំវិញស្រុកបរសេដ្ឋ ប្រមាណ៣៩០នាក់។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមទេសរដ្ឋមន្រ្តីបានមាន ប្រសាសន៍ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ តម្រូវឱ្យមានការបោះឆ្នោត និងរៀបចំរដ្ឋធម្មនុញ្ញថ្មី។
យើងបានរៀបចំការបោះឆ្នោតឆ្នាំ១៩៩៣ និងរៀបចំរដ្ឋធម្មនុញ្ញដោយប្រកាន់យកនូវរបបនយោបាយប្រជាធិតេយ្យសេរីពហុបក្ស។ ជាមួយគ្នានោះ ចំណុចនានាដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានយកមកបញ្ចូលក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣អស់ហើយ។ យើងនាំគ្នាគោរពរដ្ឋធម្មនុញ្ញ ដោយបានរៀបចំការបោះឆ្នោត ៥ឆ្នាំម្តងដោយទៀងទាត់ និងដោយមានការចួលរួមពីគណបក្សនយោបាយជាច្រើន។ នៅក្នុងរបបប្រជាធិបតេយ្យសេរី មិនមែនអវត្តមានគណបក្សនយោបាយតែមួយ គឺគ្មានប្រជាធិបតេយ្យ និងរំលោភរដ្នធម្មនុញ្ញនោះទេ។ ការដែលបបួលប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោតទៅវិញទេ ទើបជាប្រឆាំងនឹងប្រជាធិបតេយ្យ និងប្រឆាំងនឹងរដ្ឋធម្មនុញ្ញ។
ពីមុនយើងទុកលទ្ធភាពឱ្យគណបក្សប្រឆាំងចូលរួមធ្វើការកសាងជាតិ តែមិនអាចទៅរួចដោយគាត់មានគំនិតផ្តួលរំលំ។ សម្តេចតេជោខំប្រឹងប្រែងរក្សាវប្បធម៌សន្ទនា តែសម រង្ស៊ីជាអ្នកបំផ្លាញ។ ឯកឹម សុខា មានបរទេសនៅពីក្រោយ បង្គាប់បញ្ជាឱ្យធ្វើបដិវត្តន៍ផ្តួលរំលំ។ សព្វថ្ងៃយើងមានសិទ្ធិសេរីភាព មានសន្តិភាព សម្បូណ៌សប្បាយ សប្បាយពេករហូតយើងបារម្ភថា អាចភ្លេចខ្លួនមិនបានការពារ នាំឆ្លងមេរោគអេដស៍ទៅវិញ។ នៅពេលមានសន្តិភាព ស្ថិរភាព នាំឱ្យមានការអភិវឌ្ឍ ដែលជាកត្តាគន្លឹះនាំឱ្យមានកំណើនសេដ្ឋកិច្ច។ ដូច្នេះរាជរដ្ឋាភិបាលដែលមានសម្តេចតេជោជាប្រមុខមានលទ្ធភាពដំឡើងប្រាក់ខែជូន អ្នកគ្រូ លោកគ្រូ មន្រ្តីរាជការជារៀងរាល់ឆ្នាំ។ ដូច្នេះ យើងត្រូរួមគ្នារក្សាការពារសន្តិភាពដើម្បីធានាការអភិវឌ្ឍ។ យើងត្រូវរួមគ្នាកសាងស្រុក កុំជឿការញុះញង់។ ហើយបើមានអ្នកនិយាយឃោសនានាំឱ្យមានការផ្តួលរំលំរបប ត្រូវនាំគ្នាប្រឆាំង។
នៅក្នុងពិភពលោកមានតែប្រមាណ១០ប្រទេសប៉ុណ្ណោះ ដែលមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% ហើយមានខ្មែរយើងក្នុងនោះផងដែរ។ ដូច្នេះ ប្រជាពលរដ្ឋយើងបានទទួលផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ចនេះ ដោយមានកម្រិតជីវភាពសមរម្យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវកៅស៊ូ ស្ពាន អគ្គិសនី និងទឹកស្អាតប្រើប្រាស់។ សព្វថ្ងៃ រាជរដ្ឋាភិបាលក៏បានខិតខំដំឡើងប្រាក់ខែជូនកម្មករ និងមន្រ្តីរាជការ ព្រមទាំងគិតគូរអំពីរបបសន្តិសុខសង្គម ដោយរៀបចំឱ្យមាន បេឡាជាតិរបបសន្តិសុខសង្គម។ ដូច្នេះ ពេលអ្នកគ្រូ លោកគ្រូ មន្រ្តីរាជការ និងកម្មករកម្មការិនីឈឺ ឬមានគ្រោះថ្នាក់មានថវិកាសម្រាប់ព្យាបាល និងឧបត្ថម្ភ។ លើសពីនេះ ពេលចាស់ទៅកម្មករយើងមានប្រាក់ចូលនិវត្តន៍ដូចមន្រ្តីរាជការដែរ។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានផ្តាំផ្ញើដល់សមាជិក សមាជិកាអង្គពិធីឱ្យជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងនាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខឱ្យបានគ្រប់គ្នា។ យើងមានសន្តិភាព និងស្ថិរភាព ទើបមានការអភិវឌ្ឍ ព្រមទាំងរក្សាបាននូវកំណើនសេដ្ឋកិច្ច។