
នាព្រឹកថ្ងៃ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសកល បានអញ្ជើញជាអធិបតីបើក កិច្ចប្រជុំលើកទី២ នៃយន្តការសម្របសម្រួលមូលនិធិសកលសម្រាប់មណ្ឌលតំណាងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច នៅសណ្ឋាគារអង្គរសិនជូរី ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តំណាងរដ្ឋបាលខេត្តសៀមរាប ប្រតិភូយន្តការសម្របសម្រួលមូលនិធិសកលមកពីប្រទេសនានារួមមាន ៖ ១)កម្ពុជា ២)កោះឃុក ៣)ហ្វ៊ីជី ៤)មីក្រូណេស៊ី ៥)គិរីបាទី ៦)ឡាវ ៧)ម៉ាឡេស៊ី ៨)ណូរូ ៩)ប៉ាពូអាស៊ីនូវែលហ្គីណេ ១០)ហ្វីលីពីន ១១)សាម័រ ១២)សិង្ហបុរី ១៣)កោះសូឡូម៉ុង ១៤)វ៉ានូទូ និង១៥)វៀតណាម។ មន្រ្តីពីមូលនិធិសកល និងអង្គការសុខភាពពិភពលោកក៏បានចូលរួមក្នុងកិច្ចប្រជុំនេះដែរ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង៣សំខាន់ៗដូចតទៅ ៖
១) ធ្វើជាវេទិកាដើម្បីពិនិត្យឡើងវិញ ធ្វើបច្ចុប្បន្នភាព និងចែករំលែកព័ត៌មានទាំងឡាយដែលអាចឱ្យការចូលរួមរបស់ថ្នាក់ដឹកនាំ និងសមាជិកមណ្ឌលតំណាងក្នុងក្រុមប្រឹក្សាភិបាលរបស់មូលនិធិសកលប្រកបដោយការយល់ដឹង និងមានសារៈសំខាន់។
២) ស្វែងរកចំណុចដែលមានបញ្ហា និងការឆ្លើយតបបានទូលំទូលាយដែលអាចដាក់ជូនសម័យប្រជុំលើកទី៣៩ នៃក្រុមប្រឹក្សាភិបាលរបស់មូលនិធិសកល។
៣) ពង្រឹងសហគមន៍មណ្ឌលតំណាងតំបន់ ដោយគោរពតាមនីតិវិធី ឬបទបញ្ជាដែលបានព្រមព្រៀងគ្នា រាប់ទាំងការប្រជុំសមាជិកជាមួយដៃគូដោយទៀងទាត់ តាមរបៀបដែលអាចធ្វើបាន និងកែលម្អជានិច្ច។
ជាមួយគ្នានោះ កិច្ចប្រជុំក៏នឹងអនុម័តសមាសភាពថ្នាក់ដឹកនាំថ្មីនៃមណ្ឌលតំណាងតំបន់អាស៊ី ប៉ាស៊ីហ្វិកផងដែរ។
បន្ទាប់ពីចំណាប់អារម្មណ៍ស្វាគមន៍របស់លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងបើកកិច្ចប្រជុំ ដោយគូសបញ្ជាក់អំពីជោគជ័យនៅក្នុងការរក្សាសន្តិភាព ការកាត់បន្ថយភាពក្រីក្រ ការពង្រឹងសុខុមាលភាពសង្គម និងជាពិសេសជោគជ័យក្នុងការ ប្រយុទ្ធនឹងជំងឺអេដស៍ដែលកម្ពុជាធ្វើឱ្យសម្រេចបាន។ ឯកឧត្តមមានប្រសាសន៍ថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស៧នៅក្នុងពិភពលោករួមមាន បុតស្វាណា ដាណឺម៉ាក អ៊ីស្លង់ សិង្ហបុរី ស៊ុយអ៊ែត និងអង់គ្លេស ដែលបានជោគជ័យជាងគេក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ ប្រទេសទាំង៧នេះត្រូវបានអង្គការយូអិនអេដស៍ទទួលស្គាល់ថា បានសម្រេចរួចហើយគោលដៅ៩០-៩០-៩០។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា ជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ ព្រមទាំងឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាប នៅក្នុងដំណាក់កាលកាត់បន្ថយជំនួយបានធ្វើឱ្យកម្ពុជាមានការលំបាកក្នុងការលុបបំបាត់ជំងឺទាំងនោះ។ នៅពេលមូលនិធិអន្តរ ជាតិបានបន្តធ្លាក់ចុះ រាជរដ្ឋាភិបាលកម្ពុជាបានចូលមកទទួលខុសត្រូវជំនួស។ រយៈពេល៣ឆ្នាំ កន្លងទៅ រាជរដ្ឋាភិបាលបានរួមចំណែកថវិកាចំនួន៤លានដុល្លារក្នុងមួយឆ្នាំៗ និងចោះក្រវិល ថវិកាប្រមាណ៥លានដុល្លារ ជាថវិកាបដិភាគក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ទៅក្នុងកម្មវិធីមូលនិធិសកល ដើម្បីទិញឱសថប្រឆាំងមេរោគអេដស៍ ជួលមន្រ្តីជាប់កិច្ចសន្យា និងផ្តល់ថវិកាទ្រទ្រង់កម្មវិធីនៅថ្នាក់ក្រោមជាតិ។
មុននឹងប្រកាសបើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានជូនពរដល់អ្នកចូលរួម និងប្រតិភូឱ្យទទួលបានភាពសប្បាយរីករាយក្នុងការស្នាក់នៅសៀមរាបអង្គរ ព្រមទាំងជួបប្រទះនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។