
នាព្រឹកថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលបានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសកល(CCC) ដោយមានការចូល រួមពីឯកឧត្តម ហែម វណ្ណឌី អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានអាណត្តិថ្មីរបស់ CCC រួមជាមួយថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្នាក់ ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តំណាងកម្មវិធីជាតិទទួលបន្ទុកជំងឺអេដស៍ របេង និងគ្រុនចាញ់ តំណាងដៃគូអភិវឌ្ឍន៍ ស្ថាប័នសាសនា ឧត្តមសិក្សា សង្គមស៊ីវិល និងជនរងផលប៉ះពាល់ពីជំងឺទាំង៣ខាងលើផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា CCC ជាវេទិកានៃសម្លេងជនរងផលប៉ះពាល់ និងជាវេទិកាផ្លាស់ប្តូរមតិរបស់ដៃគូអភិវឌ្ឍន៍ផងដែរ។ បន្ទាប់តទៅនេះ ឯកឧត្តមសង្ឃឹមថាកម្មវិធីជាតិនឹងអនុវត្តកម្មវិធីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
កម្មវិធីជាតិត្រូវខិតខំស្រូបយកថវិកាអនុវត្តគម្រោង ដើម្បីយើងទទួលបានលទ្ធផលល្អក្នុងអនុវត្តកម្មវិធី។ ដូច្នេះអ្នកអនុវត្តកម្មវិធីផ្ទាល់ ត្រូវសាមគ្គីគ្នាឱ្យបានជិតស្និទ្ធ អនុវត្តឱ្យបានលឿន និងបានជោគជ័យ។
ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការប្រគល់ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាប្រធាន CCC និងជាអ្នកទទួលជំនួយផ្ទាល់ គឺជាការសម្រេចដ៏ត្រឹមត្រូវ។ ចាប់ពីពេលនេះតទៅអាចឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយល់ ដឹងពីផ្នែកសុខាភិបាលដែលក្លាយជាបន្ទុកកាន់តែធ្ងន់។ ហើយនៅអនាគត យើងអាចជួយអង្គការក្រៅរដ្ឋាភិបាលដែលជាអ្នកធ្វើការជាមួយប្រជាជនរងផលប៉ះពាល់ពីជំងឺទាំងនេះផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា យើងនៅមានបញ្ហាសេសសល់ចំនួន២ដែលត្រូវបន្តដោះស្រាយគឺ : ១) កែសម្រួលសៀវភៅណែនាំស្តីពីអភិបាលកិច្ច (Governance Manual) ដោយយើងត្រូវមានអនុប្រធាន៣ និង២) បើត្រូវការទីប្រឹក្សាបច្ចេកទេស (TA) មូលនិធិសកលនឹងជួយ។
មុននឹងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ជូនអង្គពិធីថា ឯកឧត្តមត្រូវបានជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិសកល កាលពីថ្ងៃទី២៦ មេសាកន្លងទៅថ្មីៗនេះ។ នេះជាមោទនភាពសម្រាប់កម្ពុជា ហើយយើងនឹងទៅប្រជុំកៀរគរជំនួយនៅមូលនិធិសកល។ ក្នុងតួនាទីថ្មីនៅក្រុមប្រឹក្សាភិបាលរបស់មូលនិធិសកល កម្ពុជាយើងមានសិទ្ធិជ្រើសរើសអ្នកជំនាញចូលធ្វើការក្នុង គណៈកម្មាធិការ : 1) សីលធម៌និងអភិបាលកិច្ច (Ethic and Governance) 2) សវនកម្មនិងហិរញ្ញវត្ថុ (Audit and Finance) និង 3) យុទ្ធសាស្ត្រ (Strategy)។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី ជូនពរឯកឧត្តម ហែម វណ្ណឌី ដែលជាប្រធានថ្មីឱ្យទទួលបានជោគជ័យ និងខំស្រូបយកជំនួយមកអនុវត្តឱ្យបានច្រើន ដើម្បីអាចឱ្យយើងទៅសុំជំនួយបន្តទៅទៀត។
នៅក្នុងតួនាទីជាប្រធានថ្មីរបស់CCC ឯកឧត្តម ហែម វណ្ណឌី បានថ្លែងអបអរសាទរដែលឯកឧត្តមទេសរដ្ឋមន្រ្តីបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសកល។ ជាមួយគ្នានេះ ឯកឧត្តមបានកោតសរសើរចំពោះសមិទ្ធផលដ៏ធំធេងក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី រួមជាមួយនឹងកិច្ចប្រឹងប្រែងរបស់កម្មវិធីជាតិ ដែលបានលើក មុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិក្នុងការសម្រេចបានជោគជ័យមុនផែនការ។
ឯកឧត្តមបានការប្តេជ្ញាថានឹងបន្តដឹកនាំឱ្យបានជោគជ័យ។ ឯកឧត្តមបានបន្តថា នេះជាការបើកសករាជថ្មីនៃទំនាក់ទំនង រវាងរាជរដ្ឋាភិបាល និងមូលនិធិសកល។ ហើយយើងនឹងពង្រឹង ភាពជាម្ចាស់របស់រាជរដ្ឋាភិបាលក្នុងការអនុវត្តគម្រោង។ មុននឹងបញ្ចប់ ឯកឧត្តមបានសន្យាថា នឹងគោរពនិងប្រតិបត្តិតាមវិធានប្រតិបត្តិការស្តង់ដារ ព្រោះថា យើងជិះទូកតែមួយរួមគ្នា និងមានវាសនាតែមួយរួមគ្នា។ ឯកឧត្តមក៏សន្យាថានឹងត្រៀមលក្ខណៈគ្រប់ពេលដើម្បីដោះស្រាយការងារ ដើម្បីឱ្យរាជរដ្ឋាភិបាលមានមោទនភាពក្នុងកិច្ចសហប្រតិបត្តិការនេះហើយកិច្ចសហប្រតិបត្តិការនឹងត្រូវបានពង្រឹង និងពង្រីក។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី និងឯកឧត្តម ហែម វណ្ណឌី បានលើកកែវស្រាជាមួយអង្គពិធី ដើម្បីអបអរសាទរពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលប្រកបដោយភាពសប្បាយរីករាយ និងស្និទ្ធស្នាល នៅក្នុងស្មារតីជាភាតរៈ និងការទទួលខុសត្រូវខ្ពស់។