
នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក បរសេដ្ឋ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមេគ្រួសារបក្ស នៅភូមិព្រះម្លប់ចំនួន៧៣គ្រួសារ និងនៅភូមិព្រៃកញ្ចាន់ ចំនួន៧៤គ្រួសារ។ អញ្ជើញចូលរួមក្នុងពិធីនោះផងដែរមាន ឯកឧត្តម លោកជំទាវ និងអស់លោកជាថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាក្រុម ការងារថ្នាក់កណ្តាលចុះជួយស្រុកបរសេដ្ឋ និងឃុំភារីមាន ជ័យ ប្រធានសាខាបក្សភូមិ និងប្រជាពលរដ្ឋនៅក្នុងភូមិទាំងពីរខាងលើ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា សព្វថ្ងៃយើងមានសុខសន្តិភាព និងការអភិវឌ្ឍគឺដោយសារការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ ហើយបើគណបក្សប្រជាជននៅតែបន្តកាន់អំណាច យើងនឹងធានាបាននូវការអភិវឌ្ឍ ជីវភាពប្រជាពលរដ្ឋ ក៏ដូចជាកម្មករនឹងកាន់តែធូរធា។ បើនិយាយពីប្រាក់ខែ ប្រទេសយើងស្ថិតក្នុងលំដាប់ទី៥នៅអាស៊ាន។ សម្តេចតេជោដឹកនាំឱ្យប្រជាពលរដ្ឋមានការងារធ្វើ ហើយប្រាក់ខែត្រូវបានដំឡើង និងបន្តឡើងជារៀងរាល់ឆ្នាំ។ ពីឆ្នាំ២០១៨ ដល់២០២៣ ប្រាក់ខែកម្មករនឹងឡើងដល់យ៉ាងតិច១លានរៀល។
ប្រទេសយើងសព្វថ្ងៃ កាន់របបប្រជាធិបតេយ្យសេរីពហុបក្ស។ ដូច្នេះហើយ មន្រ្តីរាជការ មេឃុំ និងមេភូមិ ជាអ្នក បម្រើរាស្រ្ត មិនមែនជាចៅហ្វាយរាស្ត្រទេ។ ជាមួយគ្នានេះ យើងក៏ធានាបាននូវការបោះឆ្នោតជាទៀងទាត់៥ឆ្នាំម្តង ចាប់ពីឆ្នាំ១៩៩៣មក។ បើស្រឡាញ់ និងចង់ថែរក្សាប្រជា ធិបតេយ្យសេរីពហុបក្ស យើងត្រូវនាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដាខាងមុខ។ ការបោះឆ្នោតលើកនេះមានលក្ខណៈពិសេស ដោយសារក្រុមឧទ្ទាមកំពុងធ្វើចលនាកុំឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត។ ច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាមិនដាក់ទោសចំពោះអ្នកមានសិទ្ធិក្នុងការបោះឆ្នោត បើមិនចូលរួមបោះឆ្នោតនោះទេ។ ក៏ប៉ុន្តែ ដោយសារមានចលនាអូសទាញប្រជាពលរដ្ឋកុំឱ្យទៅបោះឆ្នោតពីសំណាក់ក្រុមឧទ្ទាម ដូច្នេះប្រជាពលរដ្ឋត្រូវតែយល់ដឹងស៊ីជម្រៅអំពីការមិនទៅបោះឆ្នោត។ បើយើងមិនទៅបោះឆ្នោត ម្រាមដៃមិនប្រឡាក់ទឹកខ្មៅ ដូច្នេះអាចនាំឱ្យគេសង្ស័យថា ជឿតាមការឃោសនារបស់ក្រុមឧទ្ទាម និងគាំទ្រក្រុមឧទ្ទាម។
ជាមួយគ្នានេះ បងប្អូនដែលធ្លាប់គាំទ្រគណបក្សផ្សេង គួរពិចារណាចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជាយើង មានគោលនយោបាយបង្រួបបង្រួមជាតិ នាំឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍ។ យើងបានធ្វើឱ្យមានសុខសន្តិភាព២០ឆ្នាំហើយ។ ដូច្នេះ យើងត្រូវនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ កក្កដាខាងមុខ ដើម្បីសម្តេចតេជោបន្តដឹកនាំប្រទេសឱ្យមានសុខសន្តិភាព និងបន្តការអភិវឌ្ឍ។