
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សុំអោយប្រជាពលរដ្ឋម្នាក់ៗប្រកាន់ឥរិយាបទរក្សាសុវត្ថិភាពក្នុងទំនាក់ទំនងផ្លូវភេទខណៈ ការកើនឡើងនៃការចម្លងមេរោគអេដស៍។
សម្តេចនាយករដ្ឋមន្រ្តី បានរំលឹកដល់កម្មករកម្មការិនី ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ថា ការចម្លងកើនឡើងមានន័យថា អ្នកដែលមានដៃគូររួមភេទច្រើន ត្រូវតែប្រុងប្រយ័ត្ន និងបង្ការការឆ្លងមេរោគអេដស៍។ អេដស៍ហាក់កក្រើកឡើងបន្តិច សូមសូមមេត្តាប្រយ័ត្នប្រយែង។ ក្មួយស្រីៗក្មួយប្រុសៗត្រូវតែធ្វើតេស្ត ពិនិត្យ ឈាមរកមេរោគអេដស៍ មុនរៀបការ ឬមានទំនាក់ទំនងផ្លូវភេទជាមួយនរណាម្នាក់។ ប្រសិនបើក្មួយមិនច្បាស់សូមប្រើវិធីការពារ។ សម្តេចលោកបានបញ្ជាក់ថា ប្រសិនបើក្មួយៗមិនច្បាស់សូម ការពារខ្លួនដោយប្រើស្រោមអនាម័យ ជាមួយដៃគូរដែលមានទំនាក់ទំនងផ្លូវភេទច្រើន ឬ ដៃគូររូមភេទដែលយើងមិនស្គាល់។
សម្តេចបានមានប្រសាសន៍ប្រាប់កម្មករថា ជាពិសេសបុរស អាចចម្លងមេរោគអេដស៍មកគ្រួសារប្រសិនបើ មានដៃគូររួមភេទច្រើន ហើយធ្វេសប្រហែសមិនប្រើវិធីការពារ(ស្រោមអនាម័យ)។
សម្តេចតេជោ បានមានប្រសាសន៍បន្តថា ប្រទេសយើងជាប្រទេសជាប្រទេសមួយដែលទទួលបានជោគជ័យក្នុងការកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ ហើយសម្តេចបានបញ្ជាក់ថាមានដៃគូររួមភេទតែមួយ គឺ មួយទល់នឹងមួយ និងមានភក្តីភាពរវាងគ្នា និងគ្នា ជាវិធីល្អបំផុតក្នុងការបង្ការ ការចម្លងមេរោគអេដស៍។
លោកវេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍ថា ការឆ្លងថ្មីនៅកម្ពុជា នៅតែបន្តថយចុះលើកលែងតែក្រុមប្រើប្រាស់គ្រឿងញៀន។
លោកបានបញ្ជាក់បន្ថែមថា មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជំងឺសើស្បែក និងកាមរោគបានសិក្សាលើក្រុមប្រឈមជាច្រើន រួមទាំងក្រុមប្រើប្រាស់គ្រឿងញៀននេះ ផង។
កាលពីថ្ងៃច័ន្ទ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជំងឺសើស្បែក និងកាមរោគ បានផ្សព្វផ្សាយរបាយការណ៍ អំពីអ្នកប្រើប្រាស់គ្រឿងញៀន ដោយប្រៀបធៀបជាមួយឆ្នាំ២០១២។ កាលពីឆ្នាំ២០១២ អ្នកប្រើប្រាស់គ្រឿងញៀនមានអត្រាឆ្លងថ្មី៣% ហើយបានកើនដល់៥% កាលក្នុងឆ្នាំ២០១៧។
របាយការណ៍ទទួលបានពីការកើនឡើងនៃការចម្លងក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងញៀនបច្ចុប្បន្ននេះ បានអោយដឹងថា យើងកំពុងចាត់វិធានការដើម្បី បង្កាការចម្លងមេរោគអេដស៍ ក្នុងក្រុមនេះ។
កាលពីឆ្នាំទៅ អង្គការសហប្រជាជាតិបានអបអរសាទរកម្ពុជា ដែលបាននាំមុខប្រទេសអាស៊ី និងបាស៊ីហ្វិក ក្នុងការផ្តល់ការព្យាបាលគ្រប់ដណ្តប់បានច្រើនជាងគេ ។ អ្នករស់នៅជាមួយមេរោគអេដស៍ ប្រមាណ៥៧.០០០នាក់ នៅកម្ពុជាបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ស្មើប្រមាណ៨៦% នៃចំនួនអ្នកផ្ទុកមេរោគអេដស៍សរុបដែល ត្រូវបានប៉ាន់ស្មាន ហើយកម្ពុជាជិតសម្រេចបានគោលដៅ៩០ទី១។ ចំណែកគោលដៅ៩០ទី២ គឺភាគរយនៃអ្នករស់នៅជាមួយមេរោគអេដស៍ បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ហើយជាក់ស្តែងកម្ពុជាសម្រេចបាន៩៨% លើសផែនការ។ ចំពោះគោលដៅ៩០ទី៣ អ្នកជំងឺដែលបានទទួលការព្យាបាល មានអត្រាកំហាប់មេរោគអេដស៍ក្នុងឈាមតិច ហើយកម្ពុជាសម្រេចបាន៨០ភាគរយហើយ។
ការសហប្រជាជាតិ បានកំណត់ទិសដៅថា ត្រឹមឆ្នាំ២០២០ ពិភពលោក ត្រូវតែសម្រេចគោលដៅ ៩០-៩០-៩០ អោយបាន ហើយព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្ត សម្រេចតាមគោលដៅនេះ។