
នាព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៨ នៅ សណ្ឋាគាររ៉ាហ្វល ឡឺ រ៉ូយ៉ាល់ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញជាអធិបតី បើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនទីបង្ហាញផ្លូវក្នុងការឆ្លើយតបនឹង មេរោគអេដស៍និងជំងឺអេដស៍ ប្រកបដោយចីរភាពនៅកម្ពុជា។
អញ្ជើញចូលរួមនៅក្នុងអង្គសិក្ខាសាលា មាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ដែលជាសមាជិក សមាជិកា នៃ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដៃគូអភិវឌ្ឍ ម្ចាស់ជំនួយ អង្គការសង្គមស៊ីវិល ក្រុមតំណាងប្រជាពលរដ្ឋ ដែលរស់នៅជាមួយមេរោគ ឬ ទទួលផលប៉ះពាល់ពីជំងឺ អេដស៍ គ្រុនចាញ់ និងរបេង និងជាពិសេសដោយមានការចូលរួមពីសំណាក់ លោកនាយកកម្មវិធីអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំតំបន់អាស៊ី បាស៊ីហ្វិកផង ។
អង្គសិក្ខាសាលា ពិនិត្យ ពិភាក្សាពិគ្រោះយោបល់ អំពីទស្សនវិស័យដែលចង្អុលទិសដល់ការរៀបចំផែនទីបង្ហាញផ្លូវមួយដ៏មានប្រសិទ្ធភាព ការធានានិរន្តរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅប្រទេសកម្ពុជា ។
សិក្ខាសាលា នឹងពិភាក្សា កំណត់ កាត់បន្ថយហានិភ័យដែលរារាំងដល់ការធានាចីរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ នៅប្រទេសកម្ពុជា ដោយដាក់ចេញជាផែនការគោលដៅសកម្មភាព កាត់បន្ថយហានិភ័យទាំងនោះ ។ លទ្ធផលនៃការពិគ្រោះយោបល់នឹងត្រូវបានយកទៅ ប្រើប្រាស់ក្នុងដំណើរការវាយតម្លៃ និងលើកយុទ្ធសាស្រ្តទូលំទូលាយ និងពហុវិស័យសម្រាប់ឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ឆ្នាំ២០១៩-២០២៣ខាងមុខផង។
គ្រាដែលជំនួយក្រៅប្រទេសត្រូវបានកាត់បន្ថយនោះ រាជរដ្ឋាភិបាលកម្ពុជាបានរួមចំណែកជាថវិកាចំនួន ៣,៧លានដុល្លារ ក្នុងការទិញឱសថ ប្រឆាំងមេរោគអេដស៍ និងឱសថព្យាបាលជំងឺឱកាសនិយម ពីឆ្នាំ២០១៥ ដល់២០១៧ ហើយកម្ពុជានឹងបន្ថែមកញ្ចប់ថវិកានេះរហូតដល់ ៤,៥លានដុល្លារ ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២០ ក្នុងការទិញឱសថទាំងនេះ។ រាជរដ្ឋាភិបាលកម្ពុជាឯកភាពក្នុងការផ្តល់សហហិរញ្ញវត្ថុ ៥,២លានដុល្លារ ដើម្បីទាក់ទាញនូវការគាំទ្រពេញលេញនូវសំណើថវិកា ៤១,៦លានដុល្លារ ពីមូលនិធិសកល នៅឆ្នាំ២០១៨-២០២០។
បន្ថែមពីលើនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បាននិងកំពុងជំរុញឱ្យមានការគាំទ្រពហុវិស័យក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដែលក្នុងនោះ ក្រសួងស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ជារដ្ឋបាលថ្នាក់ក្រោមជាតិ ដែល សមាជិកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវជំរុញឱ្យរៀបចំកញ្ចប់ថវិកាប្រយុទ្ធនឹងជំងឺអេដស៍ផ្ទាល់របស់ ស្ថាប័ន អង្គភាពដែលមានមុខងារចូលរួមចំណែកក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ មុខងារ របស់ក្រសួង ស្ថាប័ន និង អង្គភាព រៀងៗខ្លួន។