នាព្រឹកថ្ងៃពុធ ១ កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ យន្តការសម្របសម្រួលមូលនិធិសកលសម្រាប់មណ្ឌលតំណាងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលមានប្រទេស២២ជាសមាជិក រួមមាន៖ ១-កម្ពុជា ២-កោះឃុក ៣-ហ្វ៊ីជី ៤-មីក្រូណេស៊ី ៥-គិរីបាទី ៦-ឡាវ ៧-ម៉ាឡេស៊ី ៨-ណូរូ ៩-ប៉ាពូអាស៊ីនូវែលហ្គីណេ ១០-ហ្វីលីពីន ១១-សាម័រ ១២-សិង្ហបុរី ១៣-កោះសូឡូម៉ុង ១៤-វ៉ានូទូ ១៥-វៀតណាម ១៦-ព្រុយណេ ១៧-ចិន ១៨-កោះម៉ាសាល ១៩-ម៉ុងហ្គោលី ២០-ប៉ាឡៅ ២១-តុងហ្កា និង២២-ទូវ៉ាលូ) បានរៀបចំពិធីផ្ទេរភាកិច្ចថ្នាក់ដឹកនាំ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំយន្តការមណ្ឌលតំណាងដែលមកពីប្រទេស វ៉ានូទូ ហ្វីជី និង ប៉ាពូអាស៊ីណូវែលហ្គីណេ ថ្នាក់ដឹកនាំគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលកម្ពុជា នាយកអង្គការយូអិនអេដស៍ប្រចាំកម្ពុជា តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ប្រមាណជាង៥០នាក់។
គួររំលឹកថា ក្រោមកិច្ចសហការរវាង អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងមណ្ឌលតំណាងប៉ាស៊ីហ្វិកខាងលិច ព្រមជាមួយនឹងការទំនុកបម្រុងពី រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិសកល យន្តការសម្របសម្រួលមូលនិធិសកលសម្រាប់មណ្ឌលតំណាងតំបន់ប៉ាស៊ីហ្វិកខាងលិច បានរៀបចំកិច្ចប្រជុំលើកទី២ របស់ខ្លួន រយៈពេល២ថ្ងៃ នៅខេត្តសៀមរាប កាលពីថ្ងៃទី២៥ដល់២៦ ខែមេសា ឆ្នាំ២០១៨កន្លងទៅនេះ ដោយជោគជ័យ ហើយជាលទ្ធផលនៃកិច្ចប្រជុំនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ ត្រូវបានជាប់ឆ្នោត ជាសមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិសកលប្រចាំមណ្ឌលតំបន់ប៉ាស៊ីហ្វិកខាងលិច។ឯកឧត្តមទេសរដ្ឋមន្រ្តី នឹងទទួលភារកិច្ចដឹកនាំសម្របសម្រួលក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាលរបស់មូលនិធិសកល តំណាងអោយមណ្ឌលតំបន់ប៉ាស៊ីហ្វិកខាងលិច ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។